សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បន្ត​​រត់​ភៀស​ខ្លួន​ទៅ​ថៃ​ ដើម្បី​បន្ត​ការងារ​នយោបាយ

ដោយ វ៉ែន សុមេធ
2019-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៩ ត្រៀម​ផែនការ​នៅ​ទីក្រុង​បាងកក ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។
សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៩ ត្រៀម​ផែនការ​នៅ​ទីក្រុង​បាងកក ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។
រូប៖ ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បន្ត​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​ដើម្បី​រួម​កម្លាំង​ជា​មួយ​សកម្មជន​ដទៃ​ទៀត ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ឱ្យ​រស់​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ភៀស​ខ្លួន​នេះ ជា​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​ដោយ​ស្រប​ច្បាប់។

សកម្មជន​បក្ស​ប្រឆាំង​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ អះអាង​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពួក​គាត់ ដែល​មិន​អាច​​ជួប​ជុំ​គ្នា​សម្ដែង​មតិ​បាន ទើប​នាំ​គ្នា​​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បន្ត​ជីវភាព​នយោបាយ។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូង​ឃ្មុំ អ្នក​ស្រី ទ្រី សៀងអី ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី២៦ ធ្នូ​ថា អ្នក​ស្រី និង​សកម្មជន ២នាក់​ផ្សេង​ នៅ​ក្នុង​ខេត្ត​នេះ បាន​រត់​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ជា​បន្ត​បន្ទាប់​នៅ​អំឡុង​ខែ​ធ្នូ។ អ្នក​ស្រី​អះអាង​ថា មូលហេតុ​ដែល​ភៀស​ខ្លួន​ដោយសារ​អាជ្ញាធរ​តាម​ដាន​ពួក​គាត់​ជា​រៀងរាល់​ និង​ដោយសារ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​ឯក​បក្ស ដែល​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «នៅ​កម្ពុជា​រាល់​ថ្ងៃ​គឺ​គ្មាន​អ្វី​ទាល់តែ​សោះ​អីចឹង​ហើយ​បើ​មិន​ស៊ូ​ក៏​គង់​តែ​ស្លាប់​ដែរ អីចឹង​ត្រូវ​តែ​ប្ដូរ​ ព្រោះ​អី​ស្រុក​ខ្មែរ​រក​ទីផ្សារ​លក់​កសិផល​គ្មាន​ទេ ហើយ​អ្វី​ដែល​លោក ហ៊ុន សែន​ ធ្វើ​បាន​គឺ​ដើរ​គំរាមកំហែង​ពលរដ្ឋ​​ និង​ដើរ​ចាប់​ចង​មនុស្ស​ដាក់​គុក​ទាំង​គ្មាន​កំហុស»

អ្នក​ស្រី​រំពឹង​ថា​ កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ជោគជ័យ​ និង​បង្ខំ​ឱ្យ​លោក​ ហ៊ុន សែន ប្រគល់​តំណែង​សមាជិក ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៧ពាន់ (.០០៥) អាសនៈ ដែល​បាន​ប្លន់​យក​ទៅ​ចែក​គ្នា​កាល​ពី​ឆ្នាំ២០១៧ ជូន​ដល់​ម្ចាស់​​មក​វិញ​។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ដែរ គឺលោក ម៉ៅ វិបុល​ មាន​ប្រសាសន៍​ថា សកម្មជន​បក្ស​ប្រឆាំង​ចាប់​ផ្ដើម​ភៀស​ខ្លួន​ជា​ថ្មី​ ដើម្បី​រួម​កម្លាំង​គ្នា​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ធ្វើ​នយោបាយ​បន្ត​ទៅ​មុខ​ទៀត។ លោក​បញ្ជាក់​ថា ពួក​គេ​ចង់ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ថ្មី ដែល​​ស្រឡាញ់​ជាតិ​ពិតប្រាកដ គឺ​ពុំ​មែន​ដូច​មេ​ដឹក​នាំ​សព្វ​ថ្ងៃ​គ្មាន​សមត្ថភាព ព្រោះ​ដឹក​នាំ​ប្រទេស​ជិត ៤០ឆ្នាំ​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ក្រី​ក្រ ហើយ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើយ៖ «មូលហេតុ​ដោយ​សារ​អស់​ជំនឿ​លើ​តុលាការ​ដែល​ដើរ​ប្រមូល​សកម្មជន​ដាក់​គុក​វិញ​ហើយ​តាម​ដាន​ពួកគាត់​ធ្វើ​ឱ្យ​ភ័យខ្លាច​នៅ​មិន​ស្រុក​មិន​កើត​។នេះ​ជា​យុទ្ធសាស្ត្រ​ដើម្បី​បង្ខំ​សកម្មជន​ឱ្យ​ចូល​រួម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​បើ​អ្នក​ណា​មិន​ធ្វើ​តាម​គេ​ចាប់​ដាក់​ដែល​ធ្វើ​ឱ្យ​ពួកគាត់​រត់​មក​វិញ»

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ឡើយ។លោក​បញ្ជាក់​ថា អ្នក​ដែល​រត់​ភៀស​ខ្លួន​ទាំង​នោះ​ទៅ​វិញ​ទេ ដែល​ភ័យ​ខ្លាច​ដោយ​ខ្លួន​ឯង ហើយ​នាំ​គ្នា​រត់​ទៅ​ក្រៅ​ប្រទេស ដើម្បី​បាន​សិទ្ធ​ជ្រកកោន​ប្រទេស​ទី៣៖ «បើ​អត់​មាន​ខ្លួន​ទេ​រឿង​អី​មាន​ត្រូវ​ខ្លាច​បើ​គេ​រស់​នៅ​១៦​លាន​នាក់ គេ​កំពុង​តែ​សប្បាយ​រីក​រាយ​ចុះ​មាន​អ្នក​ណា​ភ័យខ្លាច។ចុះ​ភ័យ​ខ្លាច​តែ​យើង​ម្នាក់​ពីរ​ហ្នឹង​ខ្លាច​លោក​វា​មិន​មែន​អីចឹង​​ខ្លាច​ចង់​ទៅ​ប្រទេស​ទី​៣​ដឹង​បាន​ភ័យ​ខ្លាច​ដើម្បី​យក​ឈ្មោះ​ទៅ​នៅ​អាមេរិក​នៅ​បារាំង​អីចឹង»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា ថ្លែង​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​នៅ​តែ​មាន​កម្ដៅ​នៅ​ឡើយ ពី​ព្រោះ​សកម្មជន​គណបក្ស​ប្រឆាំង​មិន​អាច​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​​បាន​ឡើយ។លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ដើម្បី​ការងារ​នយោបាយ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ហើយ​ក្នុង​ករណី​ហ្នឹង​យើង​មើល​ឃើញ​អីចឹង​ហើយ​បាន​ជា​មាន​សកម្មជន​នយោបាយ​សកម្មៗ របស់​គណបក្ស​ប្រឆាំង​ហ្នឹង​ តែងតែ​បាន​គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​មាន​ឱកាស​បាន​បញ្ចេញមតិ​យោបល់​ផ្នែក​នយោបាយ ឬ​ក៏​រិះ​ទៅ​លើ​រដ្ឋាភិបាល​ហ្នឹង​ឯង ដែល​កំពុង​កើត​មាន​ហ្នឹង»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នៅ​តែ​បន្ត​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ឈប់​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​​បន្ត​ទៀត​ ហើយ​ងាក​មក​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជា​ពលរដ្ឋ។

សកម្មជន​គណបក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​ មាន​សកម្មជន​ក្នុង​ស្រុក​រត់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ប្រហែល ១២០នាក់​ហើយ ក្នុង​នោះ​មាន​អ្នក​ទើប​មក​ដល់​ថ្មី​ជាង ៣០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល