សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​​បន្ទាយ​មាន​ជ័យ​​ជា​​ច្រើន​​នាក់​​បាន​​​ភៀស​ខ្លួន​​រក​​ទី​​សុវត្ថិភាព

ដោយ សេក បណ្ឌិត
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ដោយ​ប្រជាពលរដ្ឋ

សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​រត់​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព​រៀងៗ ខ្លួន។ ពួក​គាត់​អះអាង​ថា​ មូលហេតុ​ដែល​ពួក​គាត់​គេច​ខ្លួន ​ដោយសារ​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ចាប់​សកម្មជន​បក្ស​ខ្លួន​ជា​បន្ត​បន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​រារាំង​ដល់​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​កុំ​ឱ្យ​ពួក​គេ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សិរីសោភ័ណ លោក ឃ្លាំង ប៊ុនឡាយ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៦ កញ្ញា​ថា លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី២០ កញ្ញា ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ពីព្រោះ​លោក​ថា មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​ប្រមាណ ២០នាក់​ បាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក​ កាល​ពី​ថ្ងៃ​ទី៨ កញ្ញា និង​បាន​ដាក់​កម្លាំង​តាម​ដាន​លោក​ជា​បន្ត​បន្ទាប់។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​នៅ​តែ​បន្ត​តាម​ធ្វើ​ទុក​ទុក្ខ​បុក​ម្នេញ​មក​លើ​រូប​លោក​មិន​ទាន់​ឈប់​នៅ​ឡើយ ដោយ​សមត្ថកិច្ច​ខ្លាច​ពួកគេ​ទៅ​ទទួល​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «បាទ! បើ​សិន​ជា​តុលាការ​នៅ​ស្រុក​ខ្មែរ​មាន​យុត្តិធម៌ ខ្ញុំ​អត់​រត់​មាន​ទេ ព្រោះ​ដោយសារ​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ ព្រោះ​កាល​ពី​ថ្ងៃ​ទី១៣ កន្លង​ទៅ តុលាការ​បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្រុក​ស្វាយចេក​ លោក យ៉ាត ភារម្យ​ ហើយ​កម្លាំង​សមត្ថកិច្ច គាត់​ទៅ​ឡោមព័ទ្ធ​ផ្ទះ​ខ្ញុំ​រួច​មក​ហើយ បាន​ជា​ខ្ញុំ​គិត​ថា គ្មាន​ប្រយោជន៍​អី ត្រូវ​នៅ​តតាំង​រក​យុត្តិធម៌​បាន​ទេ»

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរជ្រៅ​ឯណោះ​វិញ​ លោក សៅ ពល័ក្ខ ថ្លែង​ថា លោក​បាន​រត់​ភៀស​ខ្លួន​ដល់​ទី​សុវត្ថិភាព​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី២៥ កញ្ញា។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ការ​រត់គេច​ខ្លួន​នេះ​ បន្ទាប់​ពី​លោក​ទទួល​ដំណឹង​ថា មាន​មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ជា​ច្រើន​នាក់ ក្នុង​នោះ រូប​លោក​ក៏​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច​តាម​រក​ចាប់​ខ្លួន​ដែរ។ លោក​ថា ប៉ូលិស​តាម​ចាប់​លោក ដោយសារ​កន្លង​មក​ពួក​លោក​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៖ «ហើយ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​ម្នាក់​នៅ​ក្នុង​ខេត្ត​មក​ យើង​មាន​ឃើញ​មន្ត្រី​ប៉ូលិស​ទៅ​កន្លែង​បុណ្យ​កាន់​បិណ្ឌ​ នៅ​វត្ត​ទំនប់ ក៥ ដែល​ខ្ញុំ​ក៏​ត្រៀម​ទៅ​ចូល​រួម​បុណ្យ​នៅ​ទី​នោះ​ដែរ ក៏​បាន​ផ្អាក​ទៅ​វិញ។ ទាំង​នេះ គឺ​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ខ្ញុំ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត សម្រេច​ចិត្ត​ត្រូវ​តែ​គេច​ខ្លួន បើ​ទោះ​បី​ជា​បាត់​បង់​ការងារ និង​ឆ្ងាយ​ពី​គ្រួសារ ក៏​ត្រូវ​តែ​សម្រេច​ចិត្ត​ភៀសខ្លួន»

លោក សម រង្ស៊ី នៅ​តែ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​លោក​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ក្ដី របប​ក្រុង​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ជា​បន្ត​បន្ទាប់​ដែរ​ថា នឹង​ចាត់​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិន​បើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាល​កំណត់​មែន​នោះ។

ទាក់ទង​នឹង​បញ្ហា​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​លោក សិទ្ធ ឡោះ ​ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​របស់​លោក​មិន​បាន​ធ្វើ​ទុក​ទុក្ខ​បុក​ម្នេញ​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង​ណា​ម្នាក់​ឡើយ។ លោក​បន្ត​ថា សព្វ​ថ្ងៃ​ប្រជាពលរដ្ឋ​នៅ​​ខេត្ត​បន្ទាយមានជ័យ​នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​យ៉ាង​សប្បាយ ដោយ​ពុំ​មាន​​អ្វី​គួរ​ឱ្យ​ភ័យ​ព្រួយ​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ៖ «រឿង​ហ្នឹង មក​ពី​ខ្លួន​គាត់​ទេ។ ខ្ញុំ​អត់​ដឹង​ដែរ​ ជា​រឿង​របស់​ពួក​គាត់។ តែ​សម្រាប់​សន្តិសុខ​សុវត្ថិភាព​ទូទៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ គេ​កំពុង​តែ​ធ្វើ​បុណ្យ​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ រស់​នៅ​ដោយ​សេចក្ដី​សុខ​ សន្តិភាព​ត្រឹមត្រូវ​ទេ។ ដូច​មិន​មាន​អីចឹង​កើត​ឡើង​ទេ​បាទ»

​​កាល​ពី​ថ្ងៃ​ទី១៣ កញ្ញា​ មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយ​ចេក លោក យ៉ាត ភារម្យ ដោយ​ពុំ​មាន​ដីកា​ពី​តុលាការ​នោះ​ទេ និង​បាន​បញ្ជូន​សកម្មជន​រូប​នេះ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​រាជធានី​ភ្នំពេញ ដោយសារ​លោក​បាន​ជួប​ប្រជុំ​គ្នា​ឈឺ​ឆ្អាល​រឿង​នយោបាយ ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៦ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៩នាក់​ហើយ​ ដែល​ត្រូវ​របប​លោក​ ហ៊ុន សែន ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ច្រើន​នាក់​ទៀត​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដោយសារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​​ប្រឆាំង។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើទុក្ខបុកម្នេញ​​និង​ចាប់​ចង​សកម្មជន​បក្ស​ជា​បន្តបន្ទាប់​នេះ​ គឺ​ជា​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ​ការ​បង្ហោះ​សារ​ឈឺ​ឆ្អាល​រឿង​នយោបាយ​ គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ហៅ​វិធានការ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ចេតនា​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​រារាំង​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «អីចឹង​ យើង​ឃើញ​ថា ច្រើន​ហើយ​ដែល​អ្នក​មិន​បាន​ធ្វើ​អី​ទេ។ គាត់​គ្រាន់​តែ​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​ គេ​ចាត់​ទុក​ថា ​គាត់​ជា​អ្នក​ចូល​រួម​នៅ​ក្នុង​គំនិត​ក្បត់​ហ្នឹង។ ប៉ុន្តែ​បើ​សិន​ជា​យើង​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ តើ​បទ​ល្មើស​ហ្នឹង​វា​កើត​ឡើង​ហើយ​ឬ​នៅ ចំពោះ​ពួកគាត់​ទាំង​អស់​ហ្នឹង។ អីចឹង​ធាតុ​ផ្សំ​នៃ​បទ​ល្មើស ឬ​ក៏​ទិដ្ឋភាព ដែល​កើត​ឡើង វា​អត់​មាន​ទេ។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ចោទ​ប្រកាន់ គឺ​ទាក់ទង​នឹង​បទ​ល្មើស​ហ្នឹង​ហើយ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ថ្លែង​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជិត​កន្លះ​នគរ​ក្ដៅ​ក្រហាយ ហើយ​ជា​ការ​ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​ ដោយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ។

គិត​ត្រឹម​ថ្ងៃ​ទី២៦ កញ្ញា មាន​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ ១០នាក់​ហើយ​ ដែល​បាន​រត​ភៀស​ខ្លួន​ទៅ​កន្លែង​សុវត្ថិភាព។ ទោះ​ជា​យ៉ាង​ណា​ពួក​គាត់​អះអាង​ថា ថ្វីត្បិត​តែ​ពួក​គេ​បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ក៏​ពួកគាត់​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល ពី​ព្រោះ​ពួក​គាត់​សង្ឃឹម​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រសិន​បើ​លោក​សម រង្ស៊ី នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល