សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង នៅ​ថ្ងៃ​ទី១៣ ខែ​មករា

ដោយ ខែ សុណង
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ព្រះសីហនុ។
លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ព្រះសីហនុ។
រូប៖ ហ្វេសប៊ុក Kea Sisokunthy

សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​ពាក្យ​ប្ដឹង​របស់​សកម្មភាព​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង នៅ​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០ គឺ​នៅ​មុន​សវនាការ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា នៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ២​ថ្ងៃ។ ​​

តំណាង​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍ លោក​ ព្រះ​រាជអាជ្ញា អ៊ឹម សុផាន បាន​ជូន​ដំណឹង​ឲ្យ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ៃ ហុងស្រៀង គឺ​លោក មេធាវី កែត ឃី នៅ​ថ្ងៃ​ទី១៩ ធ្នូ តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ ​បង្ហាញ​ថា សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ នៅ​ថ្ងៃ​ទី១៣ ខែ​មករា វេលា​ម៉ោង ៨ព្រឹក។

សវនាការ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​​​ចៅក្រម​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី១២ ធ្នូ បាន​បដិសេធ​បណ្ដឹង​ ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ដោយ​ប្រើ​ហេតុផល​ថា កៀក​នឹង​ថ្ងៃ​សវនាការ​លើ​បណ្ដឹង​សុំ​​ច្រាន​ចោល​សាលក្រម​របស់​ចៅក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការ​កាត់​ទោស​សកម្មជន​រូប​នេះ ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ។

សំណុំ​រឿង លោក ម៉ៃ ហុងស្រៀង ត្រូវ​បាន​គណបក្ស​ប្រឆាំង​ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ជា​សំណុំ​រឿង​នយោបាយ ដោយសារ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក​ដោយ​​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ ប្រពន្ធ​របស់​លោក​ ម៉ៃ ហុងស្រៀង គឺ​អ្នក​ស្រី គា ស៊ីសុគន្ធី សង្ឃឹម​ថា ប្ដី​របស់​អ្នកស្រី នឹង​ទទួល​បាន​ការ​ដោះលែង ដូច​អតីត​អ្នក​ទោស​នយោបាយ​ជាង ៧៦នាក់​ផ្សេង​ទៀត​ដែរ។

លោក​មេធាវី កែត ឃី ការពារ​ក្ដី​ឲ្យ​លោក ម៉ៃ ហុងស្រៀង និយាយ​ថា កូន​ក្ដី​របស់​លោក សម​នឹង​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​លោក ម៉ៃ ហុងស្រៀង មាន​ជំងឺ​ឆ្អឹង​កៀប​សរសៃ ដោយ​សារ​​តែ​លោក​ត្រូវ​​ដេក​ផ្អៀង​មួយ​ចំហៀង​ខ្លួន​រាល់​យប់​ ព្រោះ​បន្ទប់​ឃុំឃាំង​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​ពេក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល