អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង​គំរាម​សកម្មជន​បក្ស​ប្រឆាំង​​ដល់​ផ្ទះ ឱ្យ​ឈប់​ជួប​ជុំ​ថ្លែង​សារ​នយោបាយ

ដោយ មាន ឫទ្ធិ
2019-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ក់ យ៉ាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​ជាមួយសមាជិក​បក្ស នៅ​ឃុំ​ខ្នាច​រមាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១២។
លោក ម៉ក់ យ៉ាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​ជាមួយសមាជិក​បក្ស នៅ​ឃុំ​ខ្នាច​រមាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១២។
រូប៖ ហ្វេសប៊ុក​ Sor Chandeth

អាជ្ញាធរ​ឃុំ​នៅ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ចំនួន២​នាក់​​ នៅ​រសៀល​ថ្ងៃ​ទី​២៩​កក្កដា​ នាំ​គ្នា​ទៅ​ហាមឃាត់​សមាជិក​ក្រុម​ប្រឹក្សា​​ស្រុក​បវេល​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ដល់​ផ្ទះ​ឱ្យ​ឈប់​​ជួប​ជុំ​គ្នា​ថ្លែង​សារ​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ ថា​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ក់ យ៉ាន ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៩ កក្កដា ជំទប់​ទី១ ឃុំ​បវេល​គឺ​លោក​ យ៉ាត​ យ៉េន​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​ទៀត ចូល​ទៅ​គំរាម​កំហែង​លោក​ដល់​ផ្ទះ​រសៀល​ថ្ងៃ​ដដែល​នេះ ឱ្យ​ឈប់​ប្រមូល​ផ្ដុំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជុំ​គ្នា​ថ្លែង​សារ​នយោបាយ​គ្រប់​រូបភាព។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​ចូល​ទៅ​ហាម​ឃាត់​លោក​ដោយសារ​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា​កន្លង​ទៅ​ មាន​សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ២០នាក់ បាន​ជួប​ជុំ​គ្នា​ ថ្លែង​សារ​ដោយ​ការ​ព្រួយបារម្ភ​ខ្លាច​សហគមន៍​​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ ហើយ​ថត​ជា​ឃ្លិប​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក៖ «ខ្ញុំ​យល់​ឃើញ​ថា​ អាជ្ញាធរ​បំភិតបំភ័យ​ក្នុង​ការ​បញ្ចេញ​របស់​ពួកខ្ញុំ។ យើង​ខ្ញុំ​កាល​បី​ម្សិលមិញ​ធ្វើ​ការ​ប្ដេជ្ញា​ដែរតើ គឺ​យើង​ជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​បវេល​នៅ​ខេត្ត​បាត់ដំបង​ សូម​កុំ​អឺរ៉ុប​បិទ​អីប៊ីអេ (EBA) និង ជីអេសភី​(JSP) របស់​អាមេរិក​តែ​ប៉ុណ្ណឹង​ទេ​ ហើយ​គាត់​សួរ​តើ​មាន​និយាយ​អី​ក្រៅ​ពី​នេះ​ទៀត​ទេ មាន​គាំទ្រ​ប្រធាន​សម រង្ស៊ី​នាយអាយ​អី​ទេ ខ្ញុំ​ថា អត់​ទេ»

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​​ បន្ត​ថា អាជ្ញាធរ​ធ្វើ​បែប​នេះ​ដោយសារ​ពួកគាត់ ជា​សកម្មជន​គណបក្ស​ប្រឆាំង បាន​​ជួប​គ្នា​ពង្រឹង​សាមគ្គីភាព​ជា​ប្រចាំ​ ស្រប​ពេល​ដែល​ពលរដ្ឋ​នៅ​តែ​គាំទ្រ​ពួកគាត់​ ដែល​ជា​ឆ្អឹង​ទទឹង​ករ​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ជំទប់​ទី​១​ឃុំ​បវេល​គណបក្ស​ប្រជាជន​កម្ពុជា លោក យ៉ាត យ៉េន ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​បាន​ទៅ​គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយ​គ្រាន់​តែ​ទៅ​សាកសួរ​អំពី​មូលហេតុ​ដែល​ពួកគាត់​ជួប​ជុំ​គ្នា​ ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ទៅ​ថ្នាក់​លើ​តាម​ភារកិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ។លោក​បន្ត​ថា សកម្មជន​ទាំង​នោះ​ជួប​ជុំ​គ្នា​ជា​ច្រើន​នាក់​ដោយ​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ៖ «សិទ្ធិ​នយោបាយ​ជា​រឿង​របស់​គាត់​ធ្វើ​ម៉េច​ធ្វើ​ទៅ​ ប៉ុន្តែ​ការ​ជួប​ជុំ​គ្នា​ក្នុង​មូលដ្ឋាន​គេ​ចង់​ថា តើ​សកម្មភាព​នោះ​យ៉ាង​ម៉េច​ដែរ ព្រោះ​ពួកគាត់​ជា​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ គេ​រំលាយ​អស់​ហើយ​ ខ្លាច​ពួកគាត់​ធ្វើ​អី​វា​ខុស​ពី​ច្បាប់។ អីចឹង​គាត់​កំណត់​ថា គាត់​ប្រជុំ​ពី​អី​និយាយ​ពី​អី? គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​ និយាយ​អំពី​កុំ​ឱ្យ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA គាត់​និយាយ​ក្នុង​នាម​ជួយ​រដ្ឋាភិបាល​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជួប​ជុំ​គ្នា​ថ្លែង​សារ​ព្រួយបារម្ភ​ពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA នេះ មិន​បាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ ​ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ យល់​ថា​ ទង្វើ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ​ដែល​ជា​អំពើ​ខុស​ច្បាប់​ ដោយ​បាន​គំរាម​កំហែង​បិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «ពួកគាត់​រាល់​ថ្ងៃ​ជា​ប្រជាពលរដ្ឋ​ធម្មតា​តើ​ ហើយ​ក៏​អត់​មាន​ស្ថិត​ក្នុង​បម្រាម​ដែល​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ ១១៨​នាក់ ដែល​ហាម​ធ្វើ​នយោបាយ​អី​ដែរ ហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ធម្មតា​ទេ​ អីចឹង​គាត់​មាន​សិទ្ធិ​ដូច​ជា​ពលរដ្ឋ​ដទៃ​ទៀត។ ការ​ជួប​គ្នា​បើ​គេ​ជួប​នៅ​លំនៅឋាន​គេ​អត់​មាន​អី​ទេ​ តែ​បើ​ពួកគាត់​ជួប​ជុំ​រៀបចំ​ផែនការណ៍​ដែល​មាន​ចែង​ក្នុង​ បាន​ជួប​ជុំ​ខុស​ច្បាប់​ តែ​គ្រាន់​តែ​ការ​ជួប​ជុំ​សម្ដែង​ការ​ព្រួយបារម្ភ​ទៅ​លើ​ការ​ផ្ដេច​EBA អត់​បាន​ខុស​ច្បាប់​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​​​សុំ​ឱ្យ​បើ​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ពលរដ្ឋ​ឡើង​វិញ ដើម្បី​ពួកគាត់​មាន​សិទ្ធិ​ជួប​ជុំ​គ្នា​និង​ការ​សម្ដែង​មតិ​ជា​សាធារណៈ។

ទោះ​ជា​មាន​ការ​គំរាម​កំហែង​​យ៉ាង​នេះ​ក្ដី​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​បវេល​ អះអាង​ថា ពួកគាត់ នឹង​ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​របស់​សមាជិក​គណបក្ស​ប្រឆាំង​សាជាថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ ។បន្ថែម​ពី​នេះ​ទៀត ពួក​គាត់​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល