សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​សកម្មជន​ដីធ្លី​ម្នាក់​ឲ្យ​ទៅ​បំភ្លឺ​ពេល​ជម្រះ​ក្តី​លោក កឹម សុខា

ដោយ ហេង រស្មី
2019-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ស ស៊ន សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។
លោកស្រី ស ស៊ន សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។
រូប៖ សកម្មជន​ផ្ដល់​ឱ្យ

សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នា​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ​នេះ។ លោកស្រី ស ស៊ន ដែល​ត្រូវ​តុលាការ​កោះហៅ​ប្រាប់​ថា លោកស្រី​នឹង​ទៅ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ។

លោកស្រី ស ស៊ន ចាត់ទុកថា ដីកា​កោះ​ដែល​អ្នក​ស្រី​ទទួល​បាន​នៅ​ថ្ងៃ​ទី២៤ ធ្នូ​នេះ ជា​ការ​បំភិតបំភ័យ​លើ​លោកស្រី ហើយ​លោកស្រី​និយាយ​ទាំង​អស់​សំណើច​ថា ក្នុង​ការ​ដីកា​នេះ​ទៀត​សោត តុលាការ​សរសេរ​ថា លោកស្រី ជា​ភេទ​ប្រុស​ទៅ​វិញ។ ទោះ​យ៉ាង​នេះ​ក្តី​លោកស្រី​អះអាង​ថា លោកស្រី​នឹង​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះហៅ៖ «នៅ​ក្នុង​ដីកា​ហ្នឹង​ដាក់​ឈ្មោះ​មីង ដាក់​ឈ្មោះ ស ស៊ន ប៉ុន្តែ ភេទ​ប្រុស»។

ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ តម្រូវ​ឲ្យ​លោកស្រី ស ស៊ន ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរ​ដេញដោល​នៃ​សំណុំ​រឿង​លោក កឹម សុខា ពី​ដំណើរ​រឿង​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ១៩៩៣ រហូត​ដល់​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។

សកម្មជន​ដីធ្លី​លោក​ស្រី ស ស៊ន ឲ្យ​ថា លោកស្រី​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក កឹម សុខា ទេ ហើយ​ក៏​មិន​ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​លោក កឹម សុខា ម្តង​ណា​ឡើយ៖ «មីង​គិត​ថា ជា​ការ​គំរាម​កំហែង បំភិតបំភ័យ​យើង​អ៊ីចឹង​ណា! និយាយ​ទៅ​គេ​នៅ​តែ​តាម​ដាន​សកម្មភាព​មីង ទោះ​ធ្វើ​អី​មិន​ធ្វើ​អី​គេ​នៅ​តែ​សួរ​នាំ ឃ្លាំមើល​តែ​រហូត​ហ្នឹង»។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ឆ្មក់​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​ ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ តុលាការ​ចោទប្រកាន់​លោក​ពី​បទ ”ក្បត់ជាតិ” ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​នេះ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត លើក​ឡើង​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា​ ទើប​តុលាការ​ព្យាយាម​​កោះ​ហៅ​សកម្មជន​ដីធ្លី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បំភ្លឺ។ អ្នក​វិភាគ​យល់​ថា រដ្ឋាភិបាល​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ឬ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ទើប​អាច​ធ្វើ​កម្ពុជា​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា​ពី​សហគមន៍​អន្តរជាតិ៖ «ឲ្យ​គាត់ (លោក កឹម សុខា) មាន​​សេរីភាព​ឡើង​វិញ ព្រោះ​ថា រឿង​ទាំង​អស់​នេះ ជា​ចរិត​នយោបាយ​ទេ ជាពិសេស សហគមន៍​អន្តរជាតិ​គេ​នឹង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ឡើង​វិញ​​ជា​ដើម​អីចឹង»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​កន្លងទៅ សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា​លោកស្រី ស ស៊ន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុ​ការ​ក្រុងភ្នំពេញ​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​ម្ដង​រួច​ទៅ​ហើយ​លើ​សំណុំរឿង​លោក កឹម សុខា នេះ។ លោកស្រី ស ស៊ន ថា តុលាការ​ព្យាយាម​សួរ​ដាក់​បន្ទុក ដើម្បី​ភ្ជាប់​សកម្មភាព​នៃ​ការ​ទាមទារ​ដំណោះ​ស្រាយ​ដីធ្លី និង​ការ​ធ្វើ​យុទ្ធការ​ទាមទារ​យុត្តិធម៌​សង្គម​របស់​លោក​ស្រី​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល។ លោកស្រី ស ស៊ន ជា​មនុស្ស​ទី២ ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​ពេល​ជំនុំ​ជម្រះ​ក្តី​លោក កឹម សុខា។

កាលពីថ្ងៃទី២៣ ខែ​ធ្នូ តុលាការ​បាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ យុវជន ម៉ា ចិត្រា ឲ្យ​ទៅ​បំភ្លឺ​ដែរ។ នា​ពេល​ស៊ើប​អង្កេត​កន្លង​ទៅ​តុលាការ​ក៏​បាន​កោះ​ហៅ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក កឹម សុខា ដូចជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈឹម ផលវរុណ មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត​ឱ្យ​ចូល​ទៅ​បំភ្លឺ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល