ព្រះមហាក្សត្រ​និង​សម្ដេច​ម៉ែ​យាង​ទៅ​ខេត្ត​ព្រះសីហនុ​តាម​រថភ្លើង

ដោយ ដែន អយុធ្យា
2016-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី មុនីនាថ សីហនុ ពេល​យាង​តាម​ព្រះ​ទីន័ង​រថភ្លើង​មក​ដល់​ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី មុនីនាថ សីហនុ ពេល​យាង​តាម​ព្រះ​ទីន័ង​រថភ្លើង​មក​ដល់​ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។
Photo courtesy of PM Hun Sen's Facebook page

ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ បាន​យាង​តាម​ព្រះទីន័ង​រថភ្លើង​ពី​ស្ថានីយ​រាជធានី​ភ្នំពេញ មក​ដល់​ស្ថានីយ​ខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៣០ ខែ​ធ្នូ។ ក្នុង​ដំណើរ​យាង​ទៅ​ខេត្ត​ព្រះសីហនុ នេះ ព្រះអង្គ​បាន​ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្សានុសិស្ស​តាម​ស្ថានីយ​រថភ្លើង ក្នុង​ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។ ការ​យាង​តាម​ព្រះទីន័ង​រថភ្លើង​របស់​ព្រះមហាក្សត្រ​នៅ​ឱកាស​នេះ មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ជា​ច្រើន​រូប​ទៀត។

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី មុនីនាថ សីហនុ យាង​មក​ដល់​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​ជិត ៥​ល្ងាច ថ្ងៃ​សុក្រ ទី​៣០ ខែ​ធ្នូ។ ព្រះអង្គ​ទាំង​ទ្វេ​នឹង​គង់​នៅ​ព្រះរាជដំណាក់​របស់​ព្រះអង្គ​នា​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៧។

នេះ​ជា​លើក​ទី​១​ហើយ ដែល​ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហរទ័យ​ស្ដេច​យាង​តាម​ព្រះទីន័ង​រថភ្លើង​មក​លំហែ​ព្រះ​កាយ និង​ទត​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ។

នៅ​ឯ​ស្ថានីយ​រថភ្លើង​កំពង់សោម ឬ​ស្ថានីយ​ខេត្ត​ព្រះសីហនុ គេ​សង្កេត​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​រាប់​ម៉ឺន​នាក់ បាន​បង្ហាញ​វត្តមាន ដោយ​ឈរ​ជា​ជួរ​មាន​របៀប​រៀបរយ​រង់ចាំ​ទទួល​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ក្នុង​ទឹក​មុខ​សប្បាយរីករាយ។ មនុស្សម្នា​ទាំង​ក្មេង​ចាស់ ពួកគេ​ម្នាក់ៗ ទន្ទឹង​ចង់​ជួប​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី ព្រម​ទាំង​ចង់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។

ព្រម​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ទាំង​វ័យ​ចាស់ ក្មេង និង​សិស្សានុសិស្ស​រាប់​ពាន់​នាក់ បង្ហាញ​អារម្មណ៍ និង​ទឹក​មុខ​រីក​រាយ​ពេល​បាន​ជួយ​ព្រះ​ភក្ត្រ​ព្រះអង្គ​ទាំង​ទ្វេ ហើយ​បាន​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ព្រះអង្គ ព្រម​ទាំង​បាន​ថត​រូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី និង​ភរិយា​យ៉ាង​សប្បាយ​រីករាយ​ថែម​ទៀត។

ទន្ទឹម​គ្នា​នេះ ក៏​មាន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ពិសេស​មនុស្ស​វ័យ​ចាស់​មួយ​ចំនួន សម្ដែង​ការ​ខក​ចិត្ត និង​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ដែល​មិន​បាន​ជួប​ព្រះ​ភក្ត្រ ឬ​មិន​បាន​ចាប់​កាន់​ព្រះ​កាយ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ សម្ដេច​យាយ សម្ដេច​យាយទួត​ដោយ​ផ្ទាល់​ផង​ដែរ៖ «ខ្ញុំ​មិន​បាន​ចូល​ជួប​ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ​ទេ! ខ្ញុំ​សុំ​គេ គែ​មិន​ឲ្យ​ចូល​ជួប​ព្រះអង្គ​ទេ។ ខ្ញុំ​ចង់​ជួប​ព្រះ​ភក្ត្រ​ព្រះអង្គ​ទាំង​ទ្វេ ចង់​យំ​ហើយ ហើយ​ខ្ញុំ​បាន​បន្សល់​ទុក​រូបថត​សម្ដេច​តា ទុក​ជូន​សម្ដេច​ម៉ែ​ថែម​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចូល​ជួប​ព្រះអង្គ​សោះ។ ខ្ញុំ​ចង់​ជួប​ព្រះ​ភក្ត្រ​ព្រះអង្គ​ទាំង​ពីរ​ណាស់ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ជួប​ព្រះអង្គ​ទេ»

ចំណែក​ថ្នាក់ដឹកនាំ នៅ​តាម​ស្ថាប័ន​ជំនាញ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ស្ថាប័ន​ស៊ីវិល​ជាដើម បាន​ត្រៀមលក្ខណៈ​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​តាម​ផ្លូវ​ថ្នល់ ផ្លូវ​ដែក និង​ផ្លូវ​ទឹក​ជាដើម ទូទាំង​ខេត្ត​ព្រះសីហនុ ដោយ​ប្រុង​ប្រយ័ត្ន។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​ពង្រាយ​នៅ​គ្រប់​គោលដៅ និង​គ្រប់​ច្រក​ល្ហក​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត ពិសេស​កម្លាំង​ជំនាញ​ថ្នាក់​ជាតិ ត្រៀម​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​ក្នុង​ដំណើរ​យាង​របស់​ព្រះមហាក្សត្រ សម្ដេច​ម៉ែ និង​ប្រមុខ​ដឹក​នាំ​មក​ខេត្ត​ព្រះសីហនុ ដោយ​យក​ចិត្ត​ទុក​ដាក់៖ «ថ្ងៃ​នេះ​ព្រះមហាក្សត្រ​យាង​មក​ខេត្ត​ព្រះសីហនុ​យើង ហើយ​ក៏​ជា​កិត្តិយស​របស់​ខេត្ត​យើង ដែល​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ចង់​ជួប និង​ចង់​ឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ។ ចំណែក​ការងារ​សន្តិសុខ ក្នុង​នាម​បញ្ជាការ​ឯកភាព​ខេត្ត គឺ​យើង​រៀបចំ​បាន​ល្អ ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ គឺ​ទទួល​បាន​ជោគជ័យ​ការពារ​ពិធី​បុណ្យ​សមុទ្រ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ ដោយ​ឡែក​ការ​យាង​របស់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​នេះ គឺ​យើង​បាន​ជាមួយ​កម្លាំង​ជំនាញ​ថ្នាក់​ជាតិ​ពី​រាជធានី​ភ្នំពេញ រហូត​ដល់​ខេត្ត​ព្រះសីហនុ គឺ​យើង​បាន​ដាក់​កម្លាំង​ការពារ​ដោយ​សុវត្ថិភាព»

ក្នុង​សកម្មភាព​អម​ដង្ហែ​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​ធ្នូ ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​បំផុត​ដែល​បាន​ដង្ហែ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​យាង​តាម​រថភ្លើង ដើម្បី​ព្រះអង្គ​បាន​ទត​ទីតាំង​ភូមិសាស្ត្រ និង​ការវិវត្តន៍​ថ្មីៗ នៃ​ផ្លូវ​រថភ្លើង​របស់​ប្រទេស​កម្ពុជា​ ពេល​បច្ចុប្បន្ន»

ប្រមុខ​ដឹកនាំ​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះសីហនុ គឺ​ជា​ស្នា​ព្រះហស្ត​របស់​អតីត​ព្រះបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​កសាង​ឡើង​នៅ​សម័យ​សង្គមរាស្ត្រនិយម។ លោក ហ៊ុន សែន បន្ថែម​ថា ដោយសារ​សង្គ្រាម​ផ្លូវ​រថភ្លើង​ប្រទេស​កម្ពុជា ត្រូវ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង និង​ទុក​ចោល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​ក្រោយ​ប្រទេស​មាន​សន្តិភាព គឺ​ផ្លូវ​រថភ្លើង​​ត្រូវ​បាន​ជួសជុល​ស្ថាបនា​ឡើង​វិញ ដើម្បី​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​សេវា​ដឹក​ជញ្ជូន។

នៅ​ក្នុង​ព្រះរាជ​ដំណើរ​យាង​មក​ដល់​ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​សុក្រ​ទី​៣០ ខែ​ធ្នូ ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​សួរ​សុខ​ទុក្ខ និង​ជូន​ពរ​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ និង​គ្រប់​ស្ថាប័ន ព្រមទាំង​សិស្សានុសិស្ស​ឲ្យ​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​អម​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​នេះ​ដែរ លោក​ក៏​បាន​ឆ្លៀត​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជូន​ពរ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ទាំង​ក្នុង និង​ក្រៅ​ប្រទេស មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ទាំង​កងកម្លាំង​កំពុង​បំពេញ​ភារកិច្ច រក្សា​សន្តិភាព​នៅ​តាម​ប្រទេស​នានា ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ជាដើម សូម​ឲ្យ​មាន​សេចក្ដី​សុខ​ចម្រើន និង​សំណាង​ល្អ​ទាំង​អស់​គ្នា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​សកល ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

He rode a train for free and we have to paid.

Apr 30, 2017 10:43 AM

anonymous

Rose are red...violet are blue and how about u Sihamony...be careful a monster siting next to u and who's it?,ABCDEFG...HIJKLMNOP...QRSTUVWXYZ...now Sihamony knows a CCP and next time u sing with me....

Dec 31, 2016 12:06 PM

ung

ពី M

គេជិះគ្រប់គ្នា

Dec 30, 2016 10:47 AM

គេហទំព័រ​ទាំងមូល