ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ស្ដីពី​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម

ដោយ សុ ជីវី
2019-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ព្រះមហាក្សត្រ​កម្ពុជា ប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ស្ដីពី​បង្គោល​ព្រំដែន​ដែល​កម្ពុជា​បាន​បោះ​រួច​ចំនួន ៨៤% ជាមួយ​ភាគី​វៀតណាម​។ មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន អះអាង​ថា សន្ធិសញ្ញា​នេះ​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា។

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ឡាយព្រះហស្តលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម ឬ​ហៅ​ដោយ​ខ្លី​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩​។ ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​សន្ធិសញ្ញា​នេះ ធ្វើឡើង​តាមរយៈ​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​៥ ធ្នូ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ហើយ​ដែល​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ស្នើ​ឱ្យ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា។

ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់អំណាច បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​ប្រញាប់ប្រញាល់ កាលពី​អំឡុង​ខែ​វិច្ឆិកា​កន្លង​ទៅ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ទៅ​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន​៨៤% ជាមួយ​ភាគី​វៀតណាម​ដល់​រដ្ឋធានី​ហាណូយ។ សេចក្ដីព្រាងច្បាប់​នេះ​មាន​ចំនួន ៣ មាត្រា ផ្តោត​លើ​ការ​ទទួលស្គាល់​ព្រំដែន​គោក​ដែល​ប្រទេស​ទាំង​ពីរ​បាន​បោះ​ជាមួយគ្នា សម្រេច​បាន ៣១៥​បង្គោល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយចោល គឺ​លោក អ៊ុំ សំអាន យល់​ថា ព្រះមហាក្សត្រ​ទំនងជា​មិន​ចង់​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​មាន​គំនាប​ពី​លោក ហ៊ុន សែន ទើប​ព្រះអង្គ​សម្រេច​ព្រះទ័យ​បែប​នេះ។ ទោះជា​យ៉ាងណា លោក​ថា ការ​ឡាយព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ​នេះ ប្រៀប​បាន​នឹង​ការ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម​កុម្មុយនិស្ត​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ​១៩៨៥ និង​២០០៥៖ «ការ​ឡាយ​ព្រះហស្ថលេខា​របស់​ព្រះអង្គ​ហ្នឹង ដូចជា​ការយល់​ព្រម​ជាមួយ​លោក ហ៊ុន សែន ដើម្បី​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​យួន​អ៊ីចឹង​ឯង ព្រោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ហ្នឹង យក​តាម​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់គ្រង​កម្ពុជា​។ យើង​ដឹង​ហើយ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ហ្នឹង វា​ផ្ទុយ​ទៅ​នឹង​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​តម្រូវ​ឱ្យ​ទុកជា​មោឃៈ​នូវ​សន្ធិសញ្ញា​ទាំងអស់​ហ្នឹង​។ ដូច្នេះ​ការដែល​ឡាយព្រះហស្តលេខា​ទៅលើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​ដី​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម»

លោក អ៊ុំ សំអាន ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ផ្ដួចផ្ដើម​គំនិត​រៀបចំ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម​នេះ​។ លោក​យល់ថា លោក ហ៊ុន សែន រៀបចំ​សន្ធិសញ្ញា​នេះ​ឡើង ដើម្បី​ផ្គាប់ចិត្ត​រដ្ឋាភិបាល​ក្រុង​ហាណូយ ដែល​បាន​លើក​បន្តុប និង​ជួយ​ឱ្យ​គាត់​កាន់អំណាច​នៅ​កម្ពុជា តាំងពី​ទសវត្សរ៍​១៩៨០ រហូតមកដល់​សព្វថ្ងៃ​។ តំណាងរាស្ត្រ​ដែល​ធ្លាប់​ជាប់ទោស​ដោយសារ​រិះគន់​រឿង​ព្រំដែន​រូប​នេះ បញ្ជាក់​ថា សន្ធិសញ្ញា​ថ្មី​នេះ និង​កិច្ចព្រមព្រៀង​ព្រំដែន​ទាំងឡាយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​កាលពី​អតីត​កាលនោះ នឹង​ត្រូវ​និរាករណ៍​ចោល​ទាំងអស់​នៅ​ពេល​កម្ពុជា​មាន​រដ្ឋាភិបាល និង​សភា ដែល​គិត​ពី​ប្រយោជន៍​ជាតិ​ពិតប្រាកដ៖ «រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ផ្ដួចផ្ដើម​ឱ្យ​មាន​សន្ធិសញ្ញា​នេះ​ឡើង ដើម្បី​កាត់​ដី​ឱ្យ​ទៅ​យួន ជា​ការ​តបស្នង​សងគុណ​ទៅដល់​យួន​ដែល​បាន​លើក​បន្តុប​មេដឹកនាំ​បច្ចុប្បន្ន​តាំងពី​ទសវត្សរ៍​ទី​៨០ មក​។ ដូច្នេះ យើង​ជា​កូន​ខ្មែរ​នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​ដែល​ស្នេហា​ជាតិ​មួយ យើង​នឹង​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក​ឡើងវិញ ហើយ​យើង​នឹង​លុបចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ នេះ នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​មួយ និង​សភា​មួយ​ដែល​មិន​ជំពាក់​គុណ​យួន ដូច​រដ្ឋាភិបាល​សព្វថ្ងៃ»

សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ គឺជា​ការ​រួមបញ្ចូល​គ្នា​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​។ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ នេះ គឺជា​ឯកសារ​ផ្លូវច្បាប់​ដែល​ទទួលស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​៨៤% ជាមួយ​ប្រទេស​វៀតណាម​។ រដ្ឋាភិបាល​អះអាង​ទៀត​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​គ្រឹះ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន​មិន​ប្រែប្រួល ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ភាព​​​​​​​​​​​​​​​​​​សុខសាន្ត​របស់​ពល​រដ្ឋ​កម្ពុជា​។​

ក្នុង​ន័យ​ជួយ​ការពារ​រដ្ឋាភិបាល ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​អះអាង​ថា សន្ធិសញ្ញា​បំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែម​ថ្មី​នេះ មាន​ភាព​ចាំបាច់ ដើម្បី​កំណត់​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម និង​ថា នេះ​សមិទ្ធផល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​មាន​ព្រំដែន​ច្បាស់លាស់​ជាមួយ​ប្រទេសជិតខាង​។ លើស​ពី​នេះ ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​នេះ​បាន​បដិសេធ​រាល់​មតិ​រិះគន់​ទាំងឡាយ​អំពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ និង​ចាត់ទុកថា មតិ​ទាំងនោះ​គ្រាន់តែ​ជា​សារ​នយោបាយ ដែល​គ្មាន​ភាព​ច្បាស់លាស់​។

ទោះជា​យ៉ាងណា តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ នេះ មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើយ ហើយ​រឹតតែ​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ លោក​បន្ត​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ មិន​គួរ​ត្រូវ​បាន​រៀបចំ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​​​​​​​​​​​​ពេល​នេះ​ទេ ព្រោះ​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ ហើយ​ប្រទេស​ទាំងពីរ​មិនទាន់​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​នៅឡើយ​។ លោក​ជឿជាក់​ថា សន្ធិសញ្ញា​ប្រភេទ​នេះ​នឹង​ត្រូវ​សើរើ និង​កែប្រែ​វិញ នៅ​ពេល​កម្ពុជា​មានការ​ឯកភាព​ជាតិ និង​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ៖ «ខាង​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ត្រូវតែ​ពិនិត្យមើល​ឡើងវិញ​រាល់​ការ​បោះបង្គោល​។ គួរតែ​ដើរ​តាម​អ្វី​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​យើង​ត្រូវ​យក​សម្អាង​ដែល​យើង​ធ្លាប់​បោះ​នៅ​សម័យ​បារាំង​យក​មក​ធ្វើជា​គោល​។ អាហ្នឹង​យើង​នឹង​មើល​ឃើញ​ថា កម្ពុជា​យើង​មិន​បាត់បង់ ហើយ​បើ​យើង​បោះ​ទៅតាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​២០០៥ អាហ្នឹង​វា​ធ្វើ​ឱ្យ​កម្ពុជា​យើង​ខាតបង់​ច្រើន»

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៩ រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រេច​បាន​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​ភាគី​វៀតណាម​បាន​៣១៥ បង្គោល ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប ៣៧៥ បង្គោល​។ រដ្ឋាភិបាល​នឹង​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ថ្មី​ទៀត នៅ​ពេល​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម ចប់​សព្វគ្រប់​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​អះអាង​ថា ប្រសិនបើ​ទៅ​ថ្ងៃមុខ គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ពួកគេ​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​មើល​ឡើងវិញ​នូវ​សន្ធិសញ្ញា​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល