អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា ការ​ឃុំខ្លួន​លោក កឹម សុខា មិន​ខុសច្បាប់​ទេ

ដោយ ហេង រស្មី
2019-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន (រូប​កណ្ដាល​មុខគេ) ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤១ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ២០១៩។
អនុប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន (រូប​កណ្ដាល​មុខគេ) ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤១ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ២០១៩។
រូប​ពី​លោក ជិន ម៉ាលីន

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ការពារ រដ្ឋាភិបាល​ថា ការ​ឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​មិន​មាន​អ្វី​ខុសច្បាប់​ទេ។ កាលពី​ថ្ងៃ​ទី​២ កញ្ញា ជា​ខួប​នៃ​ការ​ឃុំខ្លួន​របស់​លោក កឹម សុខា ពីរ​ឆ្នាំ ដែល​ការ​ឃាត់ខ្លួន​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់ទុកជា ទង្វើ​នយោបាយ និង​អយុត្តិធម៌ ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​ថា ការ​រិះគន់​ចំពោះ​ការ​ឃុំខ្លួន​លោក កឹម សុខា រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​ខុស​ទៅតាម​ទិដ្ឋភាព​ផ្លូវច្បាប់ ដែល​មាន​ជា​ធរមាន​ពី​ព្រោះ​ថា ករណី​នេះ​តុលាការ​បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី​០៩ កញ្ញា ឆ្នាំ​២០១៨​។​ហេតុដូច្នេះ​គិត​មកដល់ពេលនេះ​លោក កឹម សុខា បាន​ស្ថិតនៅ​ក្រោម​ការ​​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​រយៈពេល ១​ឆ្នាំ និង ៥ ថ្ងៃ​ប៉ុណ្ណោះ វា​មិន​ខុស​ទៅតាម​ទិដ្ឋភាព​ផ្លូវច្បាប់​ទេ​៖ «ករណី​លោក កឹម សុខា នេះ​ក៏​មិនបាន​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ ពីព្រោះ​ច្បាប់​យើង​អត់​មាន​របប​នៃ​ការ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ។ បាន​ន័យថា​គាត់​ស្ថិតនៅ​ក្រៅ​ឃុំ ក៏ប៉ុន្តែ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ អ៊ីចឹង​តុលាការ​គេ​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន កន្លែង និង​បរិវេណ​ដែល​គាត់​អាច​ទៅ​បាន និង​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន។ ក៏​ប៉ុន្តែ​ការ​សម្រេច​នៅ​ក្នុង​ផ្ទះ​គឺជា​សិទ្ធិ​របស់​គាត់​ទេ គាត់​ចង់​ចេញ​ទៅ​ណា​គឺជា​សិទ្ធិ​របស់​គាត់​ទេ ក៏ប៉ុន្តែ​គាត់​អាច​ចេញទៅ​ក្រៅ​បាន​ក្នុង​បរិវេណ​ដែល​តុលាការ​បាន​កំណត់ ហើយ​បើ​គាត់​ចង់​ចេញ​ហួស​ពី​ហ្នឹង​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ចៅ​ក្រម​ស៊ើបសួរ»

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​គេហដ្ឋាន​របស់លោក​ក្នុង​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ រួច​ហើយ​យក​ទៅ​ឃុំឃាំង​ភ្លាមៗ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​លោក​ពី​បទ​ចោទ​សន្ទិដ្ឋភាព ឬ​ក្បត់ជាតិ ជាមួយ​ជនបរទេស ដែល​បទចោទប្រកាន់​នេះ ត្រូវ​បាន​បដិសេធ​ដោយ​លោក កឹម សុខា និង​ច្រានចោល​ដោយ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​លោក​ខាងលិច​ផង។

សហ​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុធារី ប្រាប់​អាស៊ីសេរី​ថា លោក កឹម សុខា នៅតែ​ទទួលរង​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង ព្រមទាំង​ដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ពី​ចៅក្រម​ស៊ើបសួរ។ អ្នកស្រី​ថា បម្រាម​នេះ បាន​ធ្វើ​ឱ្យ​លោក កឹម សុខា បាត់បង់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ដើរ​ហើរ និង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី តំណាង​សហគមន៍​ជាតិ និង​អន្តរជាតិ​ជាដើម​។​

អ្នកស្រី ម៉េង សុធារី កត់សម្គាល់​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ មិនមែន​កើតមានឡើង​តែ​ចំពោះ​លោក កឹម សុខា នោះ​ទេ តែ​សូម្បីតែ​ភរិយា និង​ម្ដាយ​របស់​លោក កឹម សុខា រួម​ទាំង​ភាគី​សហ​មេធាវី​របស់​លោក កឹម សុខា ផង ក៏​ទទួលរង​នូវ​ការ​ចាំ​តាមដាន ឃ្លាំមើល​យ៉ាង​សព្វបែបយ៉ាង​ពី​អាជ្ញាធរ​របស់​លោក ហ៊ុន សែន​ដែរ ។ អ្នកស្រី​ថា សហ​មេធាវី​របស់​លោក កឹម សុខា នៅតែ​រក្សា​ជំហរ​ដដែល ក្នុង​នោះ​រួមមាន​ការ​ទាមទារ​ឱ្យ​ទម្លាក់​ចោល ឬ​លើកលែង​បទចោទប្រកាន់​ទាំងអស់​មក​លើ​លោក កឹម សុខា៖ «គាត់​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ផ្អែក​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ក្នុង​នោះ​គឺ​មាន​ដូចជា ការ​មិន​ឱ្យ​ជួប​ដល់​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ជួប​ជនបរទេស​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ ហើយ​ជាពិសេស​ហ្នឹង​មិន​ឱ្យ​គាត់​ធ្វើដំណើរ​ចាកចេញ​ពី​បរិវេណ​ដែល​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ។ លក្ខខណ្ឌ​ទាំងអស់​ហ្នឹងហើយ​គឺជា​លក្ខខណ្ឌ​មួយ​ដែល​ក្នុងនាម​ខ្ញុំ​ជា​មេធាវី មិន​ធ្លាប់​ដែល​បាន​ជួប ហើយក៏​មិន​ធ្លាប់​ដែល​បាន​ឃើញ​សេចក្តី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​បែប​ហ្នឹង​ដែរ​ពី​មុន​មក»

អ្នកវិភាគ​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ប្រាប់​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​ការ​ចាប់ខ្លួន​រហូតដល់​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ ដែល​ធ្វើឡើង​ដោយ​របប​ក្រុងភ្នំពេញ​គឺ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ដោយសារតែ​អាជ្ញាធរ​បាន​ដកស្រង់​សំដី​លោក​កឹម សុខា និយាយ​តាំងពី​ឆ្នាំ​២០១៣​មក​ចោទប្រកាន់​គឺ​មិន​ត្រូវ​ទាល់តែសោះ៖ «ធ្វើឡើង​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដាក់​សម្ពាធ​អាហ្នឹង​គឺ​វា​អត់​ត្រឹមត្រូវ​ទេ ហើយ​យក​មក​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ ដោយមាន​ការ​ការពារ​រហូត​ដល់​មាន​ការ​ដាក់​ប៉ូលិស​មួយ​ពេល​នោះ មាន​រហូតដល់​៥០០​នាក់​ដើម្បី​ការពារ​កន្លែង​ហ្នឹង»

ចំណែក កូនស្រី​ច្បង​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា លើក ថា ព្រឹត្តិការណ៍​សម្រុកចូល​ចាប់ខ្លួន​ឪពុក​របស់​កញ្ញា​ក្នុង​ផ្ទះ ទាំង​កណ្ដាលយប់ កាលពី ២​ឆ្នាំមុន​នោះ គឺជា​ហេតុការណ៍​ដ៏​រន្ធត់ ហើយ​វា​ជា​សុបិន្ត​អាក្រក់​ដែល​កើតមានឡើង​មក​លើ​គ្រួសារ​របស់​កញ្ញា។

លោក កឹម សុខា នៅ​ក្នុង​គម្រប់​ខួប ២​ឆ្នាំ​នៃ​ការ​ឃុំខ្លួន លោក​បាន​សរសេរ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ស្ម័គ្រចិត្ត​ធ្វើ​ពលិកម្ម​ជូន​ជាតិ មិនមែន​លោក​មិន​ចេះ​ខ្លាច មិនមែន​លោក​មិន​ដឹង​ពី​គ្រោះថ្នាក់ មិនមែន​ព្រោះ​លោក​ល្ងង់​ទេ តែ​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ គឺ​ខុស​ពី​ចៅហ្វាយ ឬ​ថៅកែ​។ លោក​បញ្ជាក់​ថា ចៅហ្វាយ ឬ​ថៅកែ​គឺជា​អ្នក​ចាំ​យក​លទ្ធផល​ពី​ការងារ តែ​អ្នកដឹកនាំ​គឺជា​អ្នក​ដែល​លះបង់​មុនគេ និង​ច្រើន​ជាងគេ ដើម្បី​ជា​គំរូ​ដល់​អ្នកគាំទ្រ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​ញឹកញាប់​តែងតែ​រំលឹក​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​ដោះលែង លោក កឹម សុខា។ ប៉ុន្តែ​របប​ក្រុងភ្នំពេញ​តែង​ឆ្លើយ​បដិសេធ និង​ចាត់​ទុក​ការ​អំពាវនាវ​ទាំងនោះ​ថា ការ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​ទាំង​ការ​ចាប់ និង ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​គឺ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាមច្បាប់​។ ការ​បដិសេធ​នេះ​ហើយ​ទើប​បាន​សហគមន៍​អឺរ៉ុប និង​អាមេរិក​បាន​ឈាន​ទៅ​ដល់​ចាត់វិធានការ​មួយ​ចំនួន​រួម​ទាំង​គម្រោង​ដក​EBA និង​ដាក់ទណ្ឌកម្ម​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល