លោក កឹម សុខា មិន​ទាន់​មាន​គម្រោង​ចុះ​មូលដ្ឋាន​ក្រោយ​ចេញ​ពី​ការ​ឃុំ​ខ្លួន​ឯង

ដោយ ម៉ម មុនីរតន៍
2016-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ខួប ២៣​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ខួប ២៣​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ជា​ទម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង តែង​ចុះ​តាម​មូលដ្ឋាន​ដើម្បី​ចុះ​ជួប​សកម្មជន​របស់​ខ្លួន។ ការ​ប្រើប្រាស់​វេទិកា​អ្នក​តំណាងរាស្ត្រ​ជួប​​ជាមួយ​ពលរដ្ឋ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បក្ស​ប្រឆាំង​តែង​អនុវត្ត​បាន​ញឹកញាប់​ជាង​បក្ស​នយោបាយ​ដទៃ​ទៀត។ បើ​ទោះ​ជា​បែប​ណា លោក កឹម សុខា តាំង​ពី​ចេញ​ពី​ការ​ឃុំ​ខ្លួន​ឯង គិត​មក​ដល់​ពេល​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​បញ្ជាក់​ថា ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​នេះ នៅ​ពុំ​ទាន់​មាន​គម្រោង​ចុះ​មូលដ្ឋាន​នៅ​ឡើយ​ទេ។

គិត​ពី​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា តាម​រយៈ​បទ​អន្តរាគមន៍​របស់​លោក ហ៊ុន សែន មាន​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​នេះ មន្ត្រី​នាំ​ពាក្យ​របស់​បក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា ប្រមុខ​ដឹកនាំ​បក្ស​រូប​នេះ នៅ​ពុំ​ទាន់​មាន​ផែនការ​ចុះ​ជួប​អ្នក​គាំទ្រ និង​សកម្មជន​នៅ​តាម​មូលដ្ឋាន​ដូច​ដែល​ធ្លាប់​ធ្វើ​នៅ​មុន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នៅ​ឡើយ​នោះ​ទេ។

លោក យឹម សុវណ្ណ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង និង​ជា​អ្នក​នាំ​ពាក្យ​ផង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា វត្តមាន​របស់​លោក កឹម សុខា ចុះ​មូលដ្ឋាន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​របៀបវារៈ​នៃ​កិច្ច​ពិគ្រោះ​យោបល់​របស់​គណៈ​អចិន្ត្រៃយ៍​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ។ លោក​ឲ្យ​ដឹង​ថា ថ្វី​បើ​ការ​ចុះ​តាម​មូលដ្ឋាន​នៅ​មិន​ទាន់​បាន​កំណត់​ពេល​ក៏​ដោយ​ចុះ​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​បន្ត​ជួប​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​រាល់​ដង​មិន​ដែល​លោះ​ពេល​ទេ។ លោក​បន្ត​ថា «មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ជួប​សកម្មជន​នៅ​តាម​មូលដ្ឋាន​ទេ។ ឥឡូវ​នេះ គាត់​ជួប​សកម្មជន យុវជន​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​អី​នៅ​ទីស្នាក់ការ​កណ្ដាល»

លោក កឹម សុខា ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ។ ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រូប​នេះ បាន​សម្រេច​ចិត្ត​ឃុំ​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ប្រមាណ​ជិត​កន្លះ​ឆ្នាំ ប្រឆាំង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ដោយ​តុលាការ​ក្រុង​ភ្នំពេញ។

នៅ​មុន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ពី​បទ​មិន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ប្រធាន​ស្ដីទី​រូប​នេះ​តែង​ចុះ​ជួប​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន​ជា​ញឹកញាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ក៏ប៉ុន្តែ​នៅ​ពេល​នេះ ថ្វី​បើ​លោក​ទទួល​បាន​សេរីភាព​វិញ​ជាង​កន្លះ​ខែ​ហើយ​ក៏ដោយ​ចុះ វត្តមាន​របស់​លោក កឹម សុខា នៅ​តាម​មូលដ្ឋាន​នៅ​មិន​ឃើញ​ដូច​មុនៗ​ទៀត​ឡើយ។

បើ​ទោះ​ជា​បែប​ណា បក្ស​នយោបាយ​ទាំង​ពីរ​ដែល​បាន​សន្យា​ក្រោយ​សម្របសម្រួល​ផ្នែក​នយោបាយ​កាល​ពី​ដើម​ខែ​ធ្នូ ថា នឹង​ជួប​គ្នា​ជា​ថ្មី​នៅ​ចុង​ខែ​ធ្នូ នេះ​ទៀត ប៉ុន្តែ​លទ្ធភាព​នេះ ហាក់​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទៅ​វិញ។ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ការ​ជួប​ប្រជុំ​ជាមួយ​បក្ស​កាន់​អំណាច​ដ៏​ខ្លី​ខាង​មុខ​នេះ​ទៀត​ដូច​ដែល​បាន​គ្រោង​ទុក កាល​ពី​ដើម​ខែ​ធ្នូ មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ថ្វី​បើ​មក​ដល់​ពេល​នេះ មាន​ការ​ខ្វែង​គំនិត​គ្នា​ចុង​ក្រោយ​រឿង​ការ​ណាត់​ជួប​នេះ​ក្ដី ផ្ទុយ​ពី​ទៅ​វិញ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ថា ក្រោយ​ពី​យល់​ចិត្ត​គ្នា​ហើយ គឺ​បក្ស​ទាំង​ពីរ​បាន​សន្យា​ថា នឹង​ជួប​ជុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ចុង​ខែ​ធ្នូ នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។ លោក​បន្ត​ថា «ទី​៣ ឯកភាព​គ្នា​ថា​នៅ​ចុង​ខែ​១២ នេះ អាច​នឹង​មាន​ការ​ជួប​គ្នា​រវាង​ក្រុម​អ្នក​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ»

បើ​ទោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ធ្លាប់​បញ្ជាក់​ពី​ជំហរ​ដូច​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ក្នុង​របៀបវារៈ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​លោក ស ខេង គិត​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មករា គឺ​ពុំ​មាន​ចំណុច​ណា​មួយ​ដែល​ត្រូវ​ជួប​សន្ទនា​ជា​មួយ​បក្ស​ប្រឆាំង​ឡើយ។ក៏ប៉ុន្តែ​លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា វា​មិន​ទៀង​ដែរ ប្រសិន​បើ​សភាពការណ៍​នយោបាយ​ប្រែប្រួល ការ​ជួប​គ្នា​រវាង​បក្ស​នយោបាយ​ទាំង​ពីរ​ក៏​អាច​កើត​មាន។

ទាក់ទិន​រឿង​នេះ លោក គឹម សុខ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​យល់​ឃើញ​ថា ការ​ពន្យារ​ពេល​ក្នុង​ចុះ​មូលដ្ឋាន​របស់​លោក កឹម សុខា នេះ ប្រហែល​មាន​រឿង​ដោះស្រាយ​ខ្លះ​នៅ​ផ្ទៃ​ក្នុង​បក្ស ឬ​អាច​មាន​សម្ពាធ​ពី​ដៃ​គូ​សន្ទនា។ យ៉ាង​ណា​អ្នក​វិភាគ​រូប​នេះ យល់​ឃើញ​ថា បើ​ទោះ​ជា​មេ​បក្ស​ស្ងាត់ ប៉ុន្តែ​បក្ស​ប្រឆាំង​នេះ នៅ​តែ​មាន​ប្រជាប្រិយ។ ទន្ទឹម​នឹង​នេះ វត្តមាន​របស់​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង ក៏​មិន​ត្រូវ​នៅ​ស្ងប់ស្ងាត់​យូរ​ពេក​ដែរ។ លោក​បន្ត​ថា «មើល​ទៅ​សន្ទុះ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង​ឥត​ទាន់​ចុះ​ទេ នៅ​ខ្លាំង​ដដែល​ទេ។ ប៉ុន្តែ​កុំ​ឲ្យ​សកម្មភាព ឬ​ក៏​យុទ្ធសាស្ត្រ​នយោបាយ​ស្ងាត់​ហ្នឹង​នៅ​បន្ត​ទៀត។ កាលណា​នៅ​បន្ត​ទៀត នឹង​មាន​ការ​សង្ស័យ​ពី​សកម្មជន​ថ្នាក់​ក្រោម និង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​គាំទ្រ​ផុលផុស​ហ្នឹង​ហើយ។ ដូច្នេះ​ក្នុង​ស្ថានភាព​បែប​នេះ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រួសរាន់​បង្កើត​យុទ្ធសាស្ត្រ​យ៉ាង​ដូចម្ដេច ដើម្បី​បង្ហាញ​ទៅ​ពលរដ្ឋ​អំពី​សកម្មភាព​រួម​គ្នា​របស់​ក្រុម​មេ​ដឹកនាំ ហើយ​ចុះ​ជួប​ផ្ទាល់​ជាមួយ​នឹង​ប្រជារាស្ត្រ»

ដោយ​ឡែក អ្នក​នាំ​​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញអង្គ​ដែល​ត្រូវ​ដំណើរការ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មករា សមាជិក​សភា​មក​ពី​បក្ស​នយោបាយ​ទាំង​២ នឹង​ត្រូវ​ចូលរួម​ប្រជុំ​ដូច​ការ​គ្រោង​ទុក ដោយ​ពុំ​ទាន់​ឃើញ​មាន​ការ​ប្រែប្រួល​ទេ។ ប៉ុន្តែ​សមាជិក​សភា​មក​ពី​ខាង​បក្ស​ប្រឆាំង​បាន​ផ្ដល់​ដំណឹង​ជា​មុន​ពី​ការ​អវត្តមាន​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ​លើក​នេះ​ច្រើន​នាក់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល