លោក កឹម សុខា​សន្យា​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​បើ​បក្ស​របស់​លោក​ឈ្នះ​ឆ្នោត

ដោយ ម៉ែន សុធីរ
2017-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា (ឈរ​លើ​ឡាន) នា​ក្រុង​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា (ឈរ​លើ​ឡាន) នា​ក្រុង​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សន្យា​ថា នឹង​រក្សា​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

កា​រហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង មាន​វត្តមាន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​អ្នក​គាំទ្រ​ប្រមាណ​ជាង ៨០០​នាក់​ចូល​រួម។

លោក កឹម សុខា បាន​សង្កត់ធ្ងន់​លើ​ការ​បំបាត់​អំពើ​ពុករលួយ ពង្រឹង​សិទ្ធិ​អំណាច​ពលរដ្ឋ អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ និង​ធានា​បាន​នូវ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត៖ «គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ រក្សា​ធនធាន​ធម្មជាតិ​ផ្ដល់​ជូន​បងប្អូន​ជំនាន់​ក្រោយ»

ការ​ថ្លែង​របស់​លោក កឹម សុខា បែប​នេះ ទំនង​ជា​ចង់​សំដៅ​ដល់​ការ​បាត់បង់​ធនធាន​ធម្មជាតិ ស្រប​ពេល​ដែល​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្សាយ​របាយការណ៍​មាន​ចំណង​ជើង​ថា "ជនល្មើស​មុខ​ដដែល" ដែល​ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ឈើ​មូល​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម ដែល​គេ​កាប់​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ EIA បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ពីរ យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ទ្វារ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។ លើស​ពី​នេះ ព្រៃ​សហគមន៍ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច​រាប់​ម៉ឺន​ដើម កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ពេល​បច្ចុប្បន្ន។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ពិនិត្យ​មើល​ប្រសិទ្ធភាព​កិច្ចសន្យា​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​ធម្មជាតិ​ទាំង​អស់​នៅ​កម្ពុជា រហូត​ឈាន​ដល់​ការ​បញ្ឈប់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ណា​ដែល​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី។

លោក​បញ្ជាក់​ថា នៅ​ឃុំ-​សង្កាត់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ៖ «នៅ​ក្នុង​ឃុំ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់គ្រង​គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ ហើយ​ការ​ផ្ដល់​ដី​សម្បទាន បើ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​មិន​ឲ្យ​មេ​ឃុំ​ចុះ​ហត្ថលេខា​ទេ»

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា ជា​វោហារសាស្ត្រ​នយោបាយ ក៏​ប៉ុន្តែ​ធាតុ​ពិត​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ។ លោក​ថា សង្គម​មាន​ការ​អភិវឌ្ឍ​គឺ​ជៀស​មិន​ផុត​ទេ​ពី​ផល​ប៉ះពាល់ ដូចជា​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី គឺ​ប៉ះពាល់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​គិត​ពី​ផល​ប្រយោជន៍​ណា​ដែល​មាន​ឧត្ដម​ភាព​ច្រើន​ជាង៖ «បង​ប្អូន​មួយ​ចំនួន ក៏​ដូចជា​គណបក្ស​មួយ​ចំនួន​ដែល​គាត់​ចង់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច ចង់​ឈ្នះ តែ​ចង់​ឈ្នះ​គាត់​មិន​បាន​ស្នាដៃ​អី​ទេ គាត់​ទៅ​បន្ទាបបន្ថោក​គណបក្ស​កាន់​អំណាច ដែល​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​កសាង​ប្រទេស​ជាតិ។ នេះ​ជា​រឿង​ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ»

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចាត់​ទុក​ការ​ថ្លែង​របស់​លោក កឹម សុខា បែប​នេះ​ថា ជា​សារ​នយោបាយ​បែប​ប្រជាភិថុតិ​ដើម្បី​ដណ្ដើម​យក​ប្រជាប្រិយភាព​នៅ​មុន​ពេល​បោះ​ឆ្នោត។ លោក​កត់សម្គាល់​ថា កន្លង​ទៅ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ជាប់​ឆ្នោត​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំផុស​ចលនា​កៀរគរ​ប្រជាពលរដ្ឋ​ការពារ​ព្រៃឈើ​នោះ​ទេ ថែម​ទាំង​មិន​បាន​លើក​ពី​បញ្ហា​ណា​មួយ​ឲ្យ​បាន​ច្បាស់លាស់​ស្ដីពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ជាដើម៖ «អាច​និយាយ​បាន​ថា ពី​ណា​ក៏​ដូច​ពី​ណា​ដែរ តើ​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​ម៉េច​កើត​ព្រៃឈើ​នៅ​តែ​វិនាស។ ខ្ញុំ​មិនមែន​មាន​គំនិត​ខ្មៅ​ងងឹត​ទេ តែ​ឃើញ​ជាក់ស្ដែង​មែន។ អ្នក​ដែល​ការពារ​ព្រៃឈើ អ្នក​ដែល​លះបង់​ពេល​វេលា​មាន​តែ​សហគមន៍​ព្រៃឈើ​នៅ​តាម ខែត្រ​មួយ​ចំនួន​តូច ១០ ទៅ ២០​នាក់​ប៉ុណ្ណឹង​ដោយ​ពុំ​ឃើញ​មាន​អ្នក​ណា​ខ្នះខ្នែង​ការពារ​ព្រៃឈើ​ដែល​វៀតណាម កំពុង​កាប់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ប្រទេស​កម្ពុជា»

ចំណែក​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​អន្លង់ក្រមួន ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន ចាត់​ទុក​សារ​នយោបាយ​របស់​លោក កឹម សុខា ទាក់ទិន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ជនជាតិ​ដើម​ភាគតិច ហើយ​លោក​នឹង​រង់ចាំ​មើល​ការ​សន្យា​របស់​លោក កឹម សុខា ថា អាច​ធ្វើ​បាន ឬ​យ៉ាង​ណា?

លោក​មើល​ឃើញ​ថា មេ​ឃុំ និង​រដ្ឋអំណាច​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ធនធាន​ធម្មជាតិ ក្រោយ​ពី​ព្រៃឈើ និង​ដើម​ឈើ​ផលិត​ជ័រទឹក​ដែល​ជា​ឆ្នាំង​បាយ​របស់​ជនជាតិ​ដើម​ភាគ​តិច​រាប់​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​ស្ទើរ​ទាំង​ស្រុង ហើយ​ដី​ព្រៃ​របស់​រដ្ឋ​រាប់ពាន់​ហិកតារ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​របស់​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​ធំ៖ «ច្បាប់​គេ​បង្កើត​មក គេ​ស៊ើប​អង្កេត​តែ​អ្នក​ណា​ដែរ ក្រៅ​ពី​គ្នា​គេ​គឺ​គេ​អនុវត្ត​តាម​ច្បាប់ តែ​ប្រសិន​ថា អ្នក​ណា​ឋិត​ក្រោម​កណ្ដាប់ដៃ​របស់​គេ គឺ​គេ​អត់​ឈឺឆ្អាល...»

លោក ថាន់ វ៉ន កត់សម្គាល់​ថា បើ​ទោះ​បី​ជា​កម្ពុជា មាន​ច្បាប់​ស្ដីពី​ព្រៃឈើ​ក្ដី ក៏ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ថែមទាំង​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​ឡើង​ពេញ​បន្ទុក ពុំ​មាន​ការ​ទទួល​ខុសត្រូវ។

ក្បួន​ឃោសនា​របស់​លោក កឹម សុខា បញ្ចប់​នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣០ ខែ​ឧសភា ហើយ​លោក​បាន​បន្ត​ដំណើរ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខែត្រ​រតនគិរី នៅ​ថ្ងៃ​ដដែល និង​ទៅ​ខែត្រ​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល