អ្នកវិភាគ​អះអាង​ថា រដ្ឋាភិបាល​កំពុងតែ​បំផ្លាញ​ទីផ្សារ​អឺរ៉ុប បើសិនជា​ធ្វើ​ឱ្យ​បាត់បង់​EBA

ដោយ ទីន ហ្សាការីយ៉ា
2019-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
EU Commission Trade
EU Commission Trade
រូប៖ Twitter របស់​អ្នកស្រី Cecilia Malmstrom

អ្នកវិភាគ​លើកឡើង​ថា កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ដោយសារតែ​រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ឆន្ទៈ​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​កំពុង​ធ្លាក់​ចុះ​តាម​សំណើ​របស់​គណៈកម្មការ​របស់​អឺរ៉ុប។

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​ថា កម្ពុជា​កំពុងតែ​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ស្រាប់ ហើយ​ថែម​កំពុង​មាន​សន្តិភាព​ទៀត​ផង។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី ថ្លែង​ថា បើសិនជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​មែ​នោះ គឺ​ប្រៀប​ដូចជា កម្ពុជា​បំផ្លាញ​ទីផ្សារ ឬ​អតិថិជន​របស់​ខ្លួន ដែល​មាន​ស្រាប់​ដូច្នោះ​ដែរ​។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​សំខាន់ គឺ​ការ​ស្វែងរក​ទីផ្សារ​ថ្មី​បន្ថែម​ទៀត សម្រាប់​លក់​ផលិតផល​របស់​ខ្លួន ក៏ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ការ​ស្ដារ​ឡើងវិញ​ប្រជាធិបតេយ្យ​ទេ​នោះ គឺ​កម្ពុជា​នឹង​បាត់បង់​ចំណូល​ដ៏​សំខាន់​មួយ​ពី​ទីផ្សារ​អឺរ៉ុប​៖ «បើសិនជា​យើង​ជា​អ្នកធ្វើ​ពាណិជ្ជកម្ម គឺ​គេ​មិនដែល​កាត់បន្ថយ​អតិថិជន​ទេ គឺ​គេ​បង្កើន​អតិថិជន អ៊ីចឹង​ការបាត់បង់​EBA គឺ​បាត់បង់​អតិថិជន​មួយ​ធំ​ណាស់ មួយទៀត នៅ​ខណៈ​យើង​យើង​កំពុង​ត្រូវ​ចំណាយ​ច្រើន​នេះ យើង​មិន​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​ទេ»

លោក បណ្ឌិត មាស នី បន្ថែម​ថា ក្រោយពី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA បើទោះ​ជា​កម្ពុជា​នៅតែ​អាច​នាំ​ផលិតផល​យក​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​បាន​ដដែល ដោយ​គ្រាន់តែ​ត្រូវ​បង់ពន្ធ​ក្ដី ក៏ប៉ុន្តែ​មិន​ប្រាកដ​ថា កម្ពុជា​នៅតែ​អាច​រក្សា​បរិមាណ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ បាន​ចំនួន​ដដែល​ឡើយ ពីព្រោះ​ថា អ្នក​វិនិយោគ​នៅ​កម្ពុជា​អាច​នឹង​ដក​ខ្លួន​ថយ ដោយសារតែ​វិនិយោគិន​ទាំងនោះ​មិន​ទទួល​បាន​ផល​ចំណេញ​ច្រើន ហើយ​ម្យ៉ាងទៀត អ្នក​វិនិយោគ​ខ្លះ​ទៀត ក៏​គេ​មិន​សប្បាយ​ចិត្តនឹង​រកស៊ី​ជាមួយ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​ស្ថានភាព​សិទ្ធិមនុស្ស​មិនល្អ​ដែរ៖ «បើសិនជា​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានភាព​នេះ​ទេ ហើយ​បណ្ដោយ​ឱ្យ​ទៅ ដោយសារតែ​ការ​ចង់​កាន់កាប់​អំណាច​នេះ គឺ​យើង​មាន​ភាព​ស្មុគស្មាញ​ណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពេល​ខាងមុខ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្គ្រា​ម (Telegram) នៅ​ថ្ងៃ​ទី​១៧ ធ្នូ ដោយ​អះអាង​ថា កម្ពុជា​កំពុង​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺ​មានន័យថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក៏​ល្អ​ដែរ​។ ទោះជា​យ៉ាងណា​ការ​លើកឡើង​របស់​លោក សុខ ឥសាន ដែល​ថា ស្ថានភាព​សិទ្ធិមនុស្ស​ល្អ​ហើយ​នោះ មិន​ត្រឹមតែ​ផ្ទុយ​ពី​ការ​រក​ឃើញ​របស់​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​នៃ​សហគមន៍​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ទុយ​ពី​ការ​រក​ឃើញ​របស់​សហគមន៍​អឺរ៉ុប​ទៀត​ផង។

របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា រក​ឃើញ​ថា កម្ពុជា កំពុង​ខុស​គន្លង​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​។ គណៈកម្មការ​អឺរ៉ុប​ថា កម្ពុជា​កំពុងតែ​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​សំខាន់ៗ​ចំនួន​៥ ក្នុង​នោះ​រួមមាន សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​វប្បធម៌។

ការ​សម្រេចចិត្ត​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ពីរ​យ៉ាង ទី​១ ជា​ការ​ព្យួរ​ទាំងស្រុង​តែម្ដង មាន​ន័យថា កម្ពុជា​ត្រូវ​បង់ពន្ធ​រាល់​មុខទំនិញ​នាំចេញ​ទាំងអស់​ទៅកាន់​ទីផ្សារ​សហភាព​​អឺរ៉ុប​។ ជម្រើស​ទី​២ គឺ​គណៈកម្មការ​អឺរ៉ុប​អាច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដោយ​ផ្នែក ដែល​មានន័យថា កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​។ ហើយ​ការ​យក​ពន្ធ​ផ្លូវការ​ពី​កម្ពុជា នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខ។ បើ​មានការ​យកពន្ធ​ទាំងស្រុង​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ជិត ២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ ដែល​នេះ​គេ​នៅ​មិនទាន់​គិត​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដទៃ​ទៀត​ទេ។

ប្រធាន​សមាគម​អាដហុក លោក ធន សារ៉ាយ មាន​ប្រសាសន៍​ថា បើសិនជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន ក្រុម​អ្នក​មាន​អំណាច​ដែល​សម្បូរ​ធនធាន​នោះ ក៏​មិន​អាច​រស់នៅ​សុខ​ស្រួល​​​ដែរ ពីព្រោះ​ថា នៅ​ពេល​នោះ កម្ពុជា​នឹង​មាន​វិបត្តិ​ជាច្រើន​កើតឡើង ដូចជា​វិបត្តិ​សេដ្ឋកិច្ច នយោបាយ និង​វិបត្តិ​សង្គម​ជាដើម​៖ «ដូច​កន្លងមក​គ្រាន់តែ​រោងចក្រ​មួយ​បិទទ្វារ​ភ្លាម ក៏​មាន​បាតុកម្ម​ភ្លាម ចុះ​ទម្រាំ​រោងចក្រ​បិទ​ច្រើន​នៅ​ពេល​ខាងមុខ តើ​មាន​អ្វី​កើតឡើង​ច្រើន​ទៀត សព្វថ្ងៃ​នេះ មាន​បញ្ហា​ច្រើន​ណាស់ ការ​លួច ការ​បន្លំ គ្រឿងញៀន នឹង​ធ្វើ​ឱ្យ​សង្គម​ច្របូកច្របល់»

អ្នកវិភាគ​លើកឡើង​ថា ទោះបីជា​លោក ហ៊ុន សែន អះអាង​ថា របប​របស់​លោក​មិន​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់ បើសិនជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារតែ​របប​នេះ អាង​លើ​ការ​ប្រមូល​ពន្ធដារ​ពន្ធគយ និង​យក​ចិន​ជា​ខ្នងបង្អែក​ក្ដី ក៏​មិន​អាច​ធានា​និរន្តរភាព​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​បាន​យូរ​អង្វែង​ដែរ។

ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក​ដូចជា​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​រួចហើយ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០ ខាងមុខ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល