សកម្មជន​បក្ស​ប្រឆាំង​​ភៀស​ខ្លួន​នៅ​ថៃ​​ម្នាក់​ រង​អំពើ​​ប្រើ​ហិង្សា​ពេល​គេ​​​ចាប់​បង្ខំ​ឱ្យ​ចូល​ឡាន

ដោយ អាស៊ីសេរី
2019-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សួន ចំរើន ជា​សកម្មជន​បក្ស​ប្រឆាំង ភៀស​ខ្លួន​នៅ​ថៃ បង្ហាញ​កន្លែង​រង​របួស​ពី​ការ​ប្រើ​ហិង្សា ក្នុង​ពេល ដែល​ជន​ពីរ​នាក់​ព្យាយាម​ចាប់​បង្ខំ​ឱ្យ​លោក​ចូល​ឡាន នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។
លោក សួន ចំរើន ជា​សកម្មជន​បក្ស​ប្រឆាំង ភៀស​ខ្លួន​នៅ​ថៃ បង្ហាញ​កន្លែង​រង​របួស​ពី​ការ​ប្រើ​ហិង្សា ក្នុង​ពេល ដែល​ជន​ពីរ​នាក់​ព្យាយាម​ចាប់​បង្ខំ​ឱ្យ​លោក​ចូល​ឡាន នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ លោក សួន ចំរើន ផ្ដល់​ឱ្យ

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​ចូល​មន្ទីរ​ពេទ្យ​ព្យាបាល​របួស​នៅ​​ទី​ក្រុង​បាងកក​ បន្ទាប់​ពី​រើ​បម្រាស់​រត់​គេច​ខ្លួន​​ពី​មនុស្ស​២​នាក់​ដែល​អះអាង​ថា​រូប​គេ​ជា​ប៉ូលិស​ខ្មែរ​​ដេញ​ចាប់​បញ្ជូន​ត្រឡប់​នៅ​កម្ពុជា​មិន​បាន​សម្រេច​កាល​ពី​យប់​ថ្ងៃ​ទី​២២​ធ្នូ​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​រឿង​នេះ​ថា​ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ ដែល​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក សួន​ ចំរើន រៀបរាប់​ថា​កាល​ពី​យប់​ថ្ងៃ​ទី​២២ ធ្នូ វេលា​ម៉ោង ៩កន្លះ ​មាន​មនុស្ស​២នាក់​បាន​អះអាង​ថា​ពួកគេ​ជា​ប៉ូលិស​ខ្មែរ​ បាន​យក​ដំបូង​ឆក់​​កញ្ចឹងក​ ​និង​វាយដំ​មក​លើ​រូប​លោក​ជា​ច្រើន​​កន្លែង​ ដើម្បី​ចាប់​បង្ខំ​លោក​ឱ្យ​ចូល​ក្នុង​រថយន្ត​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​។លោក​បន្ថែម​ថា នៅ​ពេល​នោះ​លោក​ខំប្រឹង​រើ​បម្រាស់​រត់​ចូល​ទៅ​ហាង​លក់​ទំនិញ​មួយ​កន្លែង​នៅ​ទី​ក្រុង​បាងកក​ ដើម្បី​ឱ្យ​ជនជាតិ​ថៃ​ជួយ​ ក៏​ប៉ុន្តែ​​ដំបូង​ឡើយ​ពុំ​មាន​អ្នក​ហ៊ាន​ជួយ​លោក​ទេ​ ព្រោះ​ជន​ទាំង​២​នាក់​នោះ​បាន​ប្រាប់​ថា​ពួកគេ​ជា​​ប៉ូលិស។

លោក​បញ្ជាក់​ថា ប្រមាណ​ ៥នាទី​ក្រោយ​មក​ លោក​ស្រែក​ជា​ភាសា​ថៃ​ឱ្យ​គេ​ជួយ​ និង​ប្រឹង​រើ​បម្រាស់​ផង ​ទើប​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ចេញ​មក​មើល ​ហើយ​ប៉ូលិស​ទាំង​នោះ​ក៏​បាន​បន្ធូរ​ដៃ​ ​រួច​លោក​ក៏​រត់​គេច​ខ្លួន​តែ​ម្ដង។ លោក​បញ្ជាក់​ថា ការ​ប្រតាយ​ប្រតប់​គ្នា​នោះ បាន​ធ្វើ​ឱ្យ​លោ​ក​​រង​របួស​ចុក​ចាប់​ពេញ​ខ្លួន ហើយ​ត្រូវ​ចូល​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​បាងកក៖ «ហើយ​ប្រដាប់​ឆក​របស់​វា​ហ្នឹង​វា​​ខ្ញុំ​ទាល់​តែ​អស់​ភ្លើង ហើយ​ខ្លួន​ខ្ញុំ​សុទ្ធតែ​ស្នាម​ឆក់ មាន​ជង្គង់​កែងដៃ ទ្រូង​ និង​ភ្នែក​ខ្ញុំ​ ហើយ​ក​ខ្ញុំ​វា​វាយ​និង​ឆក់​រហូត។បើ​តាម​ខ្ញុំ​យល់​គឺ​ពួក​ហ្នឹង​មក​ចាប់​ខ្ញុំ​ដោយ​ខុស​ច្បាប់ ព្រោះ​អត់​មាន​ភ្នាក់​ងារ​របស់​ថៃ មក​ជា​មួយ​ទេ​។ខ្ញុំ​ថា​រឿង​នេះ​គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បញ្ជូន​ឱ្យ​មក​ចាប់​ខ្ញុំ​ ហើយ​បើ​ចាប់​ខ្ញុំ​បាន​ព្រឹក​ទៅ​ដល់​ខ្មែរ​ឬ​វា​អាច​សម្លាប់​ខ្ញុំ​ចោល​ក៏​មិន​ដឹង​ដែរ»

សាក្សី​ម្នាក់​ដែល​បាន​ទៅ​ដល់​ទី​នោះ​ប្រមាណ​ ១០​នាទី​ក្រោយ​ពេល​កើត​ហេតុ លោក ករុណា ពៅ ថ្លែង​ថា ​រថយន្ត​របស់​ជន​បង្ក​ ជា​ប្រភេទ​រថយន្ត​ទេសចរ​ ១២​កៅអី ។លោក​បន្ត​ថា​នៅ​ពេល​លោក​ទៅ​ដល់​ឃើញ​រថយន្ត​កំពុង​បើក​ភ្លើង​ហ្វា​ចត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ និង​មិន​ទាន់​ចេញ​ដំណើរ​ពី​ទី​នោះ​នៅ​ឡើយ​ទេ​។ លោក​កត់សំគាល់​​ថា ​​កន្លង​មក​ជនល្មើស​បាន​ប្រើ​រថយន្ត​ប្រភេទ​នេះ​​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជា​ច្រើន​នាក់​ហើយ​ មាន​ដូច​ជា​ លោក តោ និមល និង​ អ្នក​ស្រី​ សំ សុខា ជា​ដើម៖ «ឡាន​ហ្នឹង​មាន​ស្លាក​លេខ​ថៃ ប៉ុន្តែ​ខ្មែរ​នៅ​ក្នុង​ឡាន​ហ្នឹង​រួច​ចេញ​ធ្វើ​សកម្មភាព​២​នាក់ និង​មាន​២នាក់​ទៀត​ចាំ​នៅ​ក្នុង​ឡាន សរុប​ប្រហែល​៤​នាក់។បើ​គាត់​មិន​រើ​បម្រាស់​ទេ គឺ​ថា​ដំបង​ឆក់​ផង​វ៉ៃ​ផង​គឺ​ថា​សន្លប់​បាត់​ហើយ ហើយ​ក្រោយ​ពី​សន្លប់​គេ​ដាក់​បញ្ចូល​ឡាន​ដឹក​នាំ​ទៅ​ខ្មែរ​ហើយ តែ​ដោយសារ​តែ​គាត់​ស្រែ​ឆោឡោ​រត់​របូត​អាវ​របូត​ខោ​នៅ​សល់​តែ​ខោ​ខ្លី​រត់​ឱ្យ​គេ​ជួយ»

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ គឹម​ខឿន​ ប្រាប់​អាស៊ី​សេរី​ថា​ ប៉ូលិស​កម្ពុជា​ពុំ​បាន​ទៅ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​។លោក​បន្ត​ថា​ សព្វ​ថ្ងៃ​ពុំ​មាន​កម្លាំង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ទីក្រុង​បាងកក ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​​ព្រួយបារម្ភ​នោះ​ទេ៖ «អ្នក​ណា​អ្នក​ប្រាប់​ ហើយ​មាន​សាក្សី​ទេ ព្រោះ​ខ្មែរ​និង​ថៃ​មុខ​ដូច​តែ​គ្នា​ហ្នឹង ខ្មែរ​ក៏​ចេះ​និយាយ​ថៃ​ ហើយ​ថៃ​ក៏​ចេះ​និយាយ​ខ្មែរ​ដែរ​ហ្នឹង មិន​ដឹង​ពី​ណា​ផង​ ហើយ​ចេះ​តែ​មក​ចោទ​ប៉ូលិស​ខ្មែរ​ម៉េច​កើត។ខ្ញុំ​មិន​ជឿ​ថា​កម្លាំង​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ហ៊ាន​ទៅ​ប្រព្រឹត្ត​អំពើ​ស្អី​នៅ​លើ​អធិបតេយ្យ​ភាព​ប្រទេស​មួយ​ទេ​ ខ្ញុំ​មិន​ជឿ​ទេ វា​គ្រាន់​តែ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក សឹង សែន​ករុណា កត់សំគាល់​ថា ស្ថានការណ៍​នយោបាយ​​ប្រមាណ​២​សប្ដាហ៍​មក​នេះ ហាក់​ឡើង​កម្ដៅ​មក​វិញ​ ដូច​ជា​​កាល​ពី​ថ្ងៃ​ទី​២២​ធ្នូ​កន្លង​ទៅ​អាជ្ញាធរ​បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ដាក់​គុក​ និង​ករណី​ជន​មិន​ស្គាល់​មុខ​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​បែក​ក្បាល​ជា​ដើម។ លោក បន្ត​ថា ករណី​​មនុស្ស​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ទីក្រុង​បាងកក​ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ដោយសារ​ពួកគាត់​​តែង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «ហើយ​យើង​ដឹង​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ភាព រឹតត្បិត​ខ្លាំង​ ហើយ​ការ​រឹតត្បិត​នេះ​យើង​ឃើញ​ហើយ​នៅ​កម្ពុជា គឺ​សកម្មជន​នយោបាយ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​លេង​ហ៊ាន​បញ្ចេញ​មតិ​ហើយ​នៅ​ក្នុង​ប្រទេស​។អីចឹង​ហើយ​យើង​ឃើញ​មាន​តែ​សកម្មជន​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​តែង​តែ​មាន​ថ្លែង​សារ​នៅ​លើ​បណ្ដាញ​សង្គម​លើក​ឡើង​អំពី​ស្ថានភាព​នយោបាយ។អីចឹង​ហើយ​ខ្ញុំ​យល់​ថា​ វា​ជា​ការ​បន្ត​តាម​ធ្វើ​ទុក្ខបុកម្នេញ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​មិន​ឱ្យ​មានការ​រិះ​គន់​រដ្ឋាភិបាល​ក្នុង​ពេល​ដឹក​នាំ​បច្ចុប្បន្ន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​នៅ​តែ​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​បន្ត​​ទៀត​ ហើយ​ងាក​មក​​ចរចា​ត្រូវរ៉ូវ​គ្នា​ជា​មួយ​គណបក្ស​ប្រឆាំង​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ លោក​ថា ​ស្ថានការណ៍​នយោបាយ​ដូច​សព្វ​ថ្ងៃ​នេះ ​​​​មិន​មាន​ប្រយោជន៍​ដល់​កម្ពុជា​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ខាត​​បង់​សេដ្ឋកិច្ច​ ដោយសារ​​​សហភាព​អឺរ៉ុប​គ្រោង​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA

សកម្មជន​គណបក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ​ អះអាង​ថា ថ្វីត្បិត​តែ​មាន​ការ​តាម​យាយី​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​យ៉ាង​នេះ​ក្ដី ​ក៏​ពួកគាត់​នៅ​តែ​សាមគ្គី​គ្នា​រឹងមាំ ដើម្បី​ត្រៀម​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ពេល​ខាង​មុខ​ដដែល៕

(លោក សួន ចំរើន ជាសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល