លោក ហ៊ុន សែន ភ្នាល់​ថា នឹង​ចុះ​ពី​តំណែង បើ​ចាប់​លោក សម រង្ស៊ី មិន​បាន​ពេល​ចូល​ស្រុក​រយៈពេល​ ២៤​ម៉ោង

ដោយ សុ ជីវី
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ «មរតកតេជោ» ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ «មរតកតេជោ» ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប​ពី​ហ្វេសប៊ុក​៖ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន

លោក សម រង្ស៊ី ហៅ​ការ​បបួល​ភ្នាល់​របស់​លោក ហ៊ុន សែន រឿង​ចាប់ខ្លួន​លោក​ថា ជា​ចរិត​ក្រឡេចក្រឡុច​របស់​លោក ហ៊ុន សែន ដែល​មិន​ហ៊ាន​ចុះ​ចេញពី​តំណែង​ពេល​លោក​ជាន់​ដី​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាងមុខ​។ ប្រតិកម្ម​របស់​លោក សម រង្ស៊ី នេះ ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ភ្នាល់​គ្នា​ថា ពេល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ ក្នុង​រយៈ​២៤​ម៉ោង បើ​លោក​ចាប់ខ្លួន​លោក សម រង្ស៊ី មិន​បាន លោក​យល់ព្រម​ចុះចេញ​តំណែង។ចំណែក​អ្នកវិភាគ​បញ្ហា​នយោបាយ​យល់ថា លោក ហ៊ុន សែន ដែល​ចូលរួម​ក្នុង​ល្បែងភ្នាល់​នេះ​ចង់​បង្ហាញ​រូបភាព​ក្លាហាន បិទបាំង​ភាព​កំសាក​របស់​លោក។

អ្នកវិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង បច្ចុប្បន្ន​កំពុង​រស់នៅ​និទ្ទេស​ខ្លួន យល់ថា ការ​បបួល​ភ្នាល់​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​របប​ឯក​បក្ស​រូប​នេះ​ជា​មនុស្ស​កំសាក​មិន​ហ៊ាន​ទទួល​ការ​ភ្នាល់​របស់​លោក សម រង្ស៊ី៖ «លោក ហ៊ុន សែន កំពុង​ចាត់​ទុក​តួនាទី​នាយករដ្ឋមន្ត្រី​ជា​តំណែង​ដែល​ខ្លួន​ភ្នាល់​បានជា​កម្មសិទ្ធិ​ផ្ទាល់​មិន​គោរព​សូម្បីតែ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ផង កុំថាឡើយ​ទៅ​គោរព​ប្រជារាស្ត្រ។ ចំណុច​ទី​២ ខ្ញុំ​មើល​ឃើញ​ថា របៀប​ឆ្លើយ​ភ្នាល់​របស់​លោក ហ៊ុន សែន ដូចជា​ចូល​អន្ទាក់​នយោបាយ​របស់​លោក សម រង្ស៊ី ទៅវិញ​ព្រោះ​មើល​ទៅ​លោក ហ៊ុន សែន មើល​ទៅ​មិន​ហ៊ាន​ភ្នាល់​ទេ នេះ​បាន​ន័យ​ថា លោក ហ៊ុន សែន បង្វែរ​ក៏​មាន​ន័យថា លោក ហ៊ុន សែន កំសាក​អត់​ហ៊ាន​ភ្នាល់​ដែរ»

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កំពុង​លេងល្បែង​ភ្នាល់​ជាថ្មី​ម្ដងទៀត ស្ដីពី​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាងមុខ​។ ត្បិត​អ្នក​ទាំង​ពីររូប​យល់ព្រម​ភ្នាល់​គ្នា ប៉ុន្តែ​ជ្រើស​រើសយក​ជ្រុង​នៃ​ការ​ភ្នាល់​ផ្សេង​ពី​គ្នា ឬ​មិន​ស៊ី​សង្វាក់​គ្នា​នៅ​​ឡើយ។

ដំបូង​ឡើយ លោក សម រង្ស៊ី សរសេរ​លើ​ខ្ទង់​ខមមិន (Comment) ឬ​បញ្ចេញមតិ​លើ​ហ្វេសហ៊ុក​របស់​លោក ដោយ​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា​ថា ៖ បើ​លោក ហ៊ុន សែន មិន​ជឿ​ថា លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ៩ វិច្ឆិកា ទេ តើ​លោក ហ៊ុន សែន យល់ព្រម​ចុះចេញ​ពី​តំណែង​ភ្លាម​មួយ​រំពេច​ទេ នៅ​ពេល​លោក​ជាន់​លើ​ទឹកដី​ប្រទេស​កម្ពុជា​? លោក សម រង្ស៊ី ក៏​ស្នើ​ឱ្យ​ប្រទេស​ចិន​ធ្វើជា​សាក្សី ក្នុង​ការ​ភ្នាល់​គ្នា​នេះ។

ប៉ុន្តែ លោក ហ៊ុន សែន បាន​បង្វែរ​កា​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី ទៅជា​ការ​ចាប់ខ្លួន​លោក ​សម រង្ស៊ី វិញ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា លោក ហ៊ុន សែន បបួល​​លោក សម រង្ស៊ី ភ្នាល់​គ្នា​ថា ពេល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ ក្នុង​រយៈ​២៤​ម៉ោង​បើ​លោក​ចាប់ខ្លួន​លោក សម រង្ស៊ី មិន​បានទេ លោក​យល់​ព្រម​ចុះចេញ​តំណែង៖ «លក្ខខណ្ឌ​នៃ​ការ​ភ្នាល់ បើ​ថា​វា​(​លោក សម រង្ស៊ី) មក​ហើយ​យើង​ចាប់​មិនបាន​ក្នុង​២៤​ម៉ោង គឺ​ខ្ញុំ​សុខចិត្ត​ចុះ​ចេញពី​តំណែង បើ​ចាប់​បាន​ហើយ​គឺ​មាន​បាន​សេចក្ដី​ថា អ្នក​ឯង​បញ្ចប់​ជីវិត​នយោបាយ ហើយ​អង្គការ​ចាត់តាំង​នយោបាយ​របស់​អ្នកឯង​ប៉ុន្មាន​គឺ​ត្រូវ​រំលាយ​ចោល​ទាំងអស់»

នៅ​ថ្ងៃ​ដដែល​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ឆ្លើយតប​ទៅ​លោក ហ៊ុន សែន វិញ​ថា មនុស្សលោក ហ៊ុន សែន ពូកែ​តែ​ដើរ​សម្លុត​គេឯង ហើយ​ប្រើប្រាស់​កម្លាំង​អាវុធ ក្នុង​ការ​តទល់ គូបដិបក្ខ​នយោបាយ​របស់​ខ្លួន​។

លោក សម រង្ស៊ី ទាមទារ​ដាក់​សំណើរ​ទៅ​លោក ហ៊ុន សែន វិញ​ថា នៅ​ថ្ងៃ៩ វិច្ឆិកា​ខាងមុខនេះ បើ​ចំនួន​ប្រជាពលរដ្ឋ ដែល​ទៅ​ស្វាគមន៍​លោក​ដោយ​ពលរដ្ឋ​ទាំងនោះ​មិន​មាន​ការរារាំង ឬ​បំភិតបំភ័យ មាន​ចំនួន​តិច​ជាង​មួយ​លាន​នាក់ លោក​នឹង​យល់ព្រម​ឱ្យ​កម្លាំង​លោក ហ៊ុន សែន ចាប់​រូបលោក ហើយ​លោក ក៏​យល់ព្រម​បញ្ចប់​ជីវិត​នយោបាយ។

ប៉ុន្តែ លោក សម រង្ស៊ី ថា បើ​ចំនួន​ពលរដ្ឋ​មាន​ច្រើនជាង​មួយ​លាន​នាក់ តើ​លោក ហ៊ុន សែន យល់​ព្រម​ចុះចេញ​ពី​តំណែង​ភ្លាម​មួយ​រំពេច​ឬទេ?

ការ​ភ្នាល់​ម្តង​នេះ​លោក សម រង្ស៊ី ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ និង​សារព័ត៌មាន​អន្តរជាតិ ធ្វើជា​សាក្សី នៃ​ការ​ភ្នាល់។

ចំណែក ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា យល់​ថា ដំណឹង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឱ្យ​លោក ហ៊ុន សែន កើត​ជំងឺ​ភ័យ​ស្លន់ស្លោ​។ លោក ម៉ន ផល្លា បន្ត​ថា ក្នុងនាម​លោក​ជា​អ្នក​ការពារ​សុវត្ថិភាព​ជូន​លោក សម រង្ស៊ី លោក នឹង​ប្ដេជ្ញា​ចិត្ត​ការពារ​មិន​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក សម រង្ស៊ី បាន​នោះ​ទេ​។ លោក​ថា ពលរដ្ឋ​ដែល​ទៅ​ទទួល​លោក សម រង្ស៊ី ម្នាក់​ស្មើនឹង​កម្លាំង​សន្តិសុខ​ម្នាក់ ដូច្នេះ​បើ​ពលរដ្ឋ​រាប់​សែន​នាក់​ចេញទៅ​ទទួល​លោក សម រង្ស៊ី នោះ​សមត្ថកិច្ច​មិន​អាច​ចាប់ខ្លួន​លោក សម រង្ស៊ី បាន​ទេ៖ «ខណៈ​នេះ​លោក ហ៊ុន សែន កំពុង​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​ធ្ងន់ធ្ងរ​ដោយសារ​គាត់​មាន​អារម្មណ៍​រវើរវាយ​ភ័យ​ព្រួយ​ទាក់ទង​ទៅ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន​ស្តីទី សម រង្ស៊ី គាត់​អត់​មាន​ជម្រើស​អ្វី​ប្រើ អ៊ីចឹង​គាត់​មានតែ​ទស្សនៈ​មួយ​គំរាមកំហែង​បំភិតបំភ័យ ចាប់​ដាក់គុក»

លោក សម រង្ស៊ី អះអាង​ថា ការ​វិល​ចូល​ស្រុក​របស់​លោក ថ្ងៃទី​៩ វិច្ឆិកា ខាងមុខ គឺ​មិន​ឱ្យ​សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន ឬ​បាញ់សម្លាប់​លោក​បាន​នោះ​ទេ​។ រីឯ សមាជិក​សភា នៃ​សហភាព​អឺរ៉ុប​មួយ​ចំនួន​អះអាង នឹង​ធ្វើ​ជា​សាក្សី និង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល