លោក​ ហ៊ុន​ សែន​ ព្រមាន​​​ចាប់​​លោក​ សម រង្ស៊ី ​បើ​​ហ៊ាន​​ចូល​​ស្រុក​​ដូច​​ការ​​អំពាវនាវ

ដោយ ទីន ហ្សាការីយ៉ា
2018-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

មេ​ដឹក​នាំ​ទី​ក្រុងភ្នំពេញ លោក ហ៊ុន សែន​ បាន​បោះសំដី​​ឌឺដង​ទៅ​​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ថ្មី​ទៀត​​ ទោះ​បី​លោក​អះអាង​ថា ​ឈប់​ឆ្លើយឆ្លង​ជា​មួយ​លោក​សម រង្ស៊ី​ក៏​ដោយ​។ លោក​ ហ៊ុន សែន​បាន​ព្រមាន​វាយ​ខ្នោះ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ​ ​​ប្រសិន​បើ​លោក ហ៊ាន​វិល​ចូល​មក​កម្ពុជា​វិញ ទោះ​បី​ជា​ចូល​តាម​ច្រក​ណា​ក៏​ដោយ។ ប៉ុន្តែ អ្នក​វិភាគ​នយោបាយ​យល់​ថា ​លោក ហ៊ុន សែន​ទៅ​វិញ​ទេ​ដែល​​កំពុងតែ​ភ័យ​​ស្លន់ស្លោ​នោះ​ ព្រោះ​ខ្លាច​លោក​សម រង្ស៊ី វិល​ចូល​ស្រុក​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​​អំណាច​របស់​ខ្លួន​នោះ។

លោក ហ៊ុន សែន​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ធ្នូ​​បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី​វិល​ចូល​មក​​ស្រុក​វិញ​ ​ប្រសិន​បើ​​លោក​ពិតជា​ក្លាហាន​មែន​នោះ​ ហើយ​លោក​ក៏​នឹង​ចាប់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ភ្លាមៗ​ដែរ៖ «ខ្ញុំ​ក៏​ចង់​ជម្រះ​បញ្ជី​ជា​មួយ​អា​ជន​នេះ​ឲ្យ​បាន​ច្បាស់ ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍​ស៊ីវិល​កុំ​ហាម​ឃាត់​អា​ចង្រៃ​នេះ​​ ព្រោះ​យើង​ត្រូវ​ដាក់​ខ្នោះ​វា​ ព្រោះ​យើង​តាម​ចាប់​វា​យូរ​ហើយ​ចាប់​មិន​បាន​ឥឡូវ​វា​មក​ឲ្យ​យើង​ចាប់​ហើយ​ រឿង​អី​វា​មិន​ស្រួល​សុំ​អញ្ជើញ​មក​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ដែរ​។ប៉ុន្តែ​មិន​សិន​អ្នក​ឯង​មិន​​មក​ក្រោយ​ថ្ងៃ​១មីនា​ទេ​ដែល​ជា​ឱសានវាទ​នៃ​ការ​ភ្នាល់​អ្នក​ឯង​ជា​សត្វ​ឆ្កែ​សុទ្ធ​ខ្ញុំ​ហៅ​ថា​អ្នក​ឯង​ជា​ឆ្កែ​គ្រាន់​តែ​ព្រួស»

ប្រតិកម្ម​របស់​លោក​ហ៊ុន​ សែន​នេះ​ ដោយសារ​មួយ​រយៈ​នេះ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​បាន​ផុលផុស​ជួប​ប្រជុំ​គ្នា​ ថ្លែង​សារ​គាំទ្រ​លោក​សម រង្ស៊ី​ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​និង​គាំទ្រ​ឲ្យ​លោក​សម រង្ស៊ី​វិល​ត្រឡប់​មក​ស្រុក​វិញ​ ដើម្បី​ស្ដារ​ស្ថានការណ៍​​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង។

កាល​ពី​ថ្ងៃ​ទី​១៥​ធ្នូ លោក សម រង្ស៊ី បាន​ប្រកាស​ដោយ​ចំហ​ថា​ លោក​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២០១៩​ខាងមុខ ហើយ​ក៏​បាន​ទទូច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​តស៊ូ​ជាមួយ​លោក ក្រោយ​ក្បាល​ម៉ាស៊ីន​បក្ស​សង្គ្រោះ​ជាតិ មាន​រូបលោក​ជា​ប្រធាន​ស្ដីទី​ជា​ផ្លូវការ​។ លោក​បញ្ជាក់​ថា ការរៀបចំ​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​នៅ​ពេល​នេះ មាន​សារៈសំខាន់​សម្រាប់​ជា​បុគ្គល​បង្គោល ក្នុង​ការ​តស៊ូ មតិ​ជាមួយ​អន្តរជាតិ ដើម្បី​បន្ត​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន។

អ្នក​វិភាគ​នយោបាយ លោក កឹម សុខ យល់​ថា សារ​ព្រមាន​របស់​លោក​ហ៊ុន សែន​នេះ​ ដោយសារ​លោក​ ភ័យ​ខ្លាច​អំពី​វត្តមាន​លោក​សម រង្ស៊ី​វិល​ទៅ​កម្ពុជា ​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​ពិបាក​ទប់ទល់ ព្រោះ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​មាន​ចំនួន​ច្រើន​នៅ​ឡើយ​។អ្នក​វិភាគ​រូប​នេះ​ថា នេះ​ជា​យុទ្ធសាស្ត្រ​វែក​ស្មៅ​បង្អើល​ពស់​របស់​​លោក​ហ៊ុន សែន​​ ដើម្បី​​​ព្រមាន​ទៅ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ហើយ​កុំ​ឲ្យ​​ហ៊ាន​វិល​ចូល​មក​ស្រុក​វិញ​​តែ​ប៉ុណ្ណោះ៖ «ហើយ​បើ​លោក​សម រង្ស៊ី​ចូល​ស្រុក​ទោះ​បី​ដោយ​វិធី​ណា​ក៏​ដោយ​ ខ្ញុំ​ថា​អាសន្ន​ណាស់​សម្រាប់​លោក​ហ៊ុន​ សែន ព្រោះ​បើ​មិន​ចាប់​ក៏​វា​ជា​គ្រោះ​ ពីព្រោះ​លោក​សម រង្ស៊ី​មាន​ឱកាស​ធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ​ ក៏ប៉ុន្តែ​បើ​ចាប់​វិញ​ក៏​បង្កើត​ភាព​ស្មុគស្មាញ​ខ្លាំង​ដល់​លោក​ហ៊ុន​សែន​​ដែរ ទី​មួយ​ប្រឈម​ នឹង​ការ​ងើប​ឡើង​តវ៉ា​របស់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ និង​ទី​២​រឿង​លោក​សម រង្ស៊ី​ត្រូវ​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណុំ​រឿង​នៃ​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ»

អ្នក​វិភាគ​រូប​នេះ​បន្ថែម​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​លោក សម រង្ស៊ី ​ចេញ​ពី​លោក​កឹម សុខា​ ដើម្បី​ឲ្យ​កម្លាំង​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ខ្សោយ​ ព្រោះ​នៅ​ពេល​ខាង​មុខ​លោក​ហ៊ុន សែន​ច្បាស់​ជា​រក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​កឹម សុខា មាន​សេរីភាព​ដើម្បី​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ តែ​មិន​មែន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ដើម្បី​ចូល​រួម​កំដរ​នយោបាយ​ជា​មួយ​លោក។រីឯ​លោក​លោក សម រង្ស៊ី​នឹង​រុញ​ឲ្យ​បាត់ស្រមោល​ពី​ឆាក​នយោបាយ​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា​ប្រធាន​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​លោក កែវ ថៃ អះអាង​ថា​ បើ​ទោះ​បី​ជា​​លោក​ហ៊ុន​ សែន​គំរាម​ចាប់​ប្រធាន​ស្ដីទី​គណបក្ស​ខ្លួន​យ៉ាង​នេះ​ក្ដី ក៏​លោក​នឹង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ​​​​​ប្រមាណ ៩០​ភាគរយ បាន​ត្រៀម​​ទៅ​ចូលរួម​ដង្ហែ​លោក សម រង្ស៊ី ត្រឡប់​មក​មក​ស្រុក​វិញ​ដែរ ព្រោះ​ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ​ មាន​តែ​លោក​សម រង្ស៊ី​មួយ​ទេ ដែល​អាច​ដឹក​នាំ​ពួកគាត់​ទាមទារ​​ឲ្យ​របប​លោក ហ៊ុន សែន​​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ​ និង​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​មានភាព​ប្រសើរ​ឡើង​វិញ​បាន៖ «បាទ​នេះ​ជា​សេចក្ដី​ប្រាជ្ញា​ចិត្ត​របស់​អ្នក​គាំទ្រ​ ដែល​យើង​បាន​ប្ដេជ្ញា​ចិត្ត​មោះមុត​រួច​ទៅ​ហើយ​ គឺ​ចង់​ស្រោចស្រង់​ធ្វើ​មិច​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​រស់​ឡើង​វិញ​ ព្រោះ​សព្វ​ថ្ងៃ​ប្រជាធិបតេយ្យ​តែ​សំបក​ទេ​ហើយ​នៅ​តែ​កូន​ព្រលឹង​ដែល​រស់​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ តែ​មិន​ទាន់​ចេញ​ជា​រូប​រាង​ និង​ធ្វើ​សកម្មភាព​ជាក់​ស្ដែង​នៅ​ឡើយ​ទេ​ ក្នុង​ឧត្ដមគតិ​ពលរដ្ឋ​គ្រប់រូប​ស្រេកឃ្លាន​ប្រជាធិបតេយ្យ»

ទោះ​ជា​យ៉ាង​ណា​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ​ លើក​ឡើង​ថា ដើម្បី​ទប់ទល់​លើ​យុទ្ធសាស្ត្រ​របស់​លោក​ហ៊ុន សែន​ ឲ្យ​បាន​ជោគជ័យ លុះត្រាតែ ​លោក សម រង្ស៊ី​ និង​​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ​រៀប​ចំ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ ជា​ពិសេស​អ្នក​គាំទ្រ​​ត្រូវ​មាន​សាមគ្គី​ភាព​ជា​ធ្លុងមួយ​​និង​ឲ្យ​បាន​រឹងមាំ​ ហើយ​មាន​ភាព​​ក្លាហាន​ក្នុង​ការពារ​មេ​ដឹក​នាំ​របស់​ខ្លួន​ ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ គឺ​មិន​ត្រូវ​រត់​ចោល​គ្នា​ឡើយ ធ្វើ​ដូច្នេះ​នឹង​បាន​ជោគជ័យ ព្រោះ​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​ពី​អន្តរជាតិ និង​ពី​ប្រជា​ពលរដ្ឋ​ខ្លួន ដោយសារ​លោក​សម្លាប់​ប្រជាធិបតេយ្យ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

ខ្ញុំយល់ឃើញថា៖ លោកហ៊ុនសែនប្រមាថធ្វើទុក្ខបុកម្នេញឯកឧត្តម សម រង្ស៊ី ស្មើនឹងសំពងក្បាលសម្លាប់ស្មារតីឆន្ទះរបស់ប្រជាជាតិខ្មែរ ទាំងមូល ដែលបានជំរុញឲ្យឯកឧត្តមត្រូវតែត្រឡប់មកមាតុភូមិវិញជាដាច់ខាត
១) ឯកឧត្តម សម រង្ស៊ីនឹងមិនទុកឲ្យឧកាសនេះបាត់បង់ទៀតទេ ដែលគាត់ត្រូវតែវិលមករក្សាស្មារតី ប្រជាជាតិខ្មែរ យ៉ាងតិចណាស់ក៏ជាង៣លាននាក់
២) គាត់ជាមនុស្សដ៏សំខាន់លើសពេលណាៗទាំងអស់ ការត្រឡប់មកមាតុភូមិនាដើមឆ្នាំ២០១៩នេះ គាត់ជា
វិរជនដែលធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យនៃមាតុភូមិកម្ពុជាដំណើរការឡើងវិញ
៣) សហគមន៍អន្ដរជាតិ ប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យទាំងអស់ក្នុងសកលលោក នឹងសម្រេចកិច្ចការទាំងអស់ឲ្យរបបលោកហ៊ុនសែនត្រូវតែប្រកាន់យកលិទ្ធិប្រជាធិបតេយ្យត្រឹមត្រូវជាដាច់ខាត

Dec 27, 2018 03:37 AM

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

ប្រជាជាតិខ្មែរយល់យ៉ាង​ច្បាស់ថា​ ឯកឧត្តម សម រង្ស៊ី ជាដួងព្រលឹងនៃឆន្ទះជាតិខ្មែរតិច​​ណាស់​ក៏​ជាង​៣លាននាក់​ ដែលមេឃាតកខិតខំគំរាម​បំបាក់ស្មារតីជាតិខ្មែរ និងប្រមាថទឹកចិត្តក្លាហានខ្មែរទៅនិងសត្វតិរច្ឆាន!
សូមជនរួមជាតិខ្មែរ ពង្រឹងស្មារតី ត្រៀមខ្លួនស្ដារ លិទ្ធិប្រជាធិបតេយ្យជាតិខ្មែរឡើងវិញដើម្បីបូរណភាពទឹកដី សេរីភាព ឯកភាពជាតិ ឯករាជ្យជាតិមាតុភូមិខ្មែរ!

Dec 26, 2018 09:46 PM

គេហទំព័រ​ទាំងមូល