លោក ហ៊ុន សែន ពន្យុះ​អាមេរិក​ឱ្យ​ដាក់​ទណ្ឌកម្ម​​របបលោក​ឱ្យ​បាន​ឆាប់

ដោយ ជុន ច័ន្ទបុត្រ
2019-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ ឈ្មោះ “មរតក​តេជោ” នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ ឈ្មោះ “មរតក​តេជោ” នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​​មុខ​​ថ្លែងការណ៍​​ជាសាធារណៈឡើងវិញនៅថ្ងៃនេះ បន្ទាប់​ពី​​បាន​​ស្ងប់​ស្ងាត់​មួយ​រយៈ ដោយ​សារ​បញ្ហា​​សុខភាព និង​ហេតុផលដទៃ​​ទៀត។ លោក​​បាន​បញ្ចេញ​​​ប្រតិកម្ម​ឆ្លើយ​តប​នឹង​បញ្ហា​ជាច្រើន​ តាំង​ពី​​រឿង​ផ្ទាល់​ខ្លួន​​រហូត​​ដល់​រឿង​ប្រទេសជាតិ ជាពិសេស​លោក​​សង្កត់​ធ្ងន់​រឿង​ច្បាប់​ដាក់​​ទណ្ឌកម្ម​​របប​របស់​លោក។ អ្នក​វិភាគថា លោក​ ហ៊ុន សែន មិន​​ចាំបាច់​​ឌឺដង​ឱ្យ​សហរដ្ឋ​អាមេរិក​ទេ ព្រោះ​របបក្រុង​​ភ្នំពេញ​នឹងត្រូវ​រង​ទណ្ឌកម្ម​​ពី​អាមេរិកដោយ​ចៀស​មិន​រួច បើ​មិន​ព្រម​ស្តារស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ។

អង្គុយ​នៅលើឆាក​​វេទិកាតែម្នាក់ឯង​​​ខ្ពស់​ជាងនរណាៗទាំងអស់ លោក ហ៊ុន សែន ដែល​មាន​​វ័យ​ជិត៧០ ឆ្នាំទៅហើយ​នោះ បាន​ពន្យុះសហរដ្ឋ​អាមេរិកឱ្យ​បង្កើត​ច្បាប់ H.R ៥២៦ ឱ្យ​បាន​​ឆាប់ ដើម្បី​បង្កក​​ទ្រព្យ​សម្បតិ្ត និង​​ហាមឃាត់មន្ត្រី​​របស់​លោក ​កុំ​​ឱ្យ​ជាន់​ទឹក​​ដី​​អាមេរិក។ លោក​និយាយ​​ជំនួស​មន្ត្រី​របស់​លោក​​ថា ក្រុម​​មន្ត្រីទាំងនោះ​​គ្មាន​​ការ​ចាំបាច់​ណាមួយ​ដែល​​ត្រូវ​ទៅ​​សហរដ្ឋ​អាមេរិក​​​ឡើយ។ ម្យ៉ាងវិញទៀត លោក​អះអាងថា លោក​​ស្វាគមន៍​​ឱ្យ​​សហរដ្ឋ​អាមេរិក​រឹប​អូស​​ទ្រព្យសម្បត្តិ ប្រសិន​បើ​រក​​ឃើញ​ថា មន្ត្រី​របស់​លោក​​​មាន​ទ្រព្យ​សម្បត្តិ​​តម្កល់​​នៅ​សហរដ្ឋ​អាមេរិក ព្រោះ​លោក​​ជឿជាក់ថា នោះ​ជា​ទ្រព្យ​សម្បត្តិ​​បាន​មក​​ពី​អំពើ​ពុក​​រលួយ​។ ក្រៅពីនេះ លោកស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​​ កុំ​ឱ្យ​មាន​​ការព្រួយ​បារម្ភ​អំពី​រឿងច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ពីព្រោះ​​ច្បាប់នេះ​ធ្វើ​​ឡើង​សំដៅ​​លើ​ក្រុម​​មន្ត្រីរបស់​លោកប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​ប្រទេស​កម្ពុជា​ទាំង​មូល​​ឡើយ៖ «អ៊ីចឹង​ប្រជាជន​ខ្មែរ១៦ លាន​នាក់ មាន​ប៉ះឯណា? អត់​មាន​​អី​​ប៉ះសោះ​ហ្នឹង ហើយ​ម៉េច​ក៏​ភ័យ​ម៉េស? ហ៊ី! វីវរ​​ហើយ គេដាក់​ធ្វើ​ច្បាប់ហ្នឹង វីវរហើយ ហើយ​​មក​ដាក់​ចំ​ខ្ញុំ​។ អើ! ដាក់​មក ហើយ​សូម​រឹប​អូសទៅ។ (គេ)ថាទ្រព្យ​សម្បតិ្ត​ គ្រាន់​តែ​​ពូជ​អម្បូរ​របស់​​ ហ៊ុន សែន ត្រកូល ហ៊ុន មាន​ជាង២ ពាន់​លាន​ដុល្លារ។ ខ្ញុំ​អំពាវនាវ​ឱ្យ​អាមេរិក​ មិន​ចាំបាច់​និយាយ​ច្រើន​ កុំ​ចាំបាច់​​ច្បាប់​ចេញ​​អី ដក​ហូត​ពី​ឥលូវ​ទៅ»

លោកថ្លែង​បែបនេះ នៅ​ក្នុង​ពេល​លោក​​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ ដែល​គេ​ឱ្យ​ឈ្មោះ​ថា “មរតក​តេជោ” នៅ​ថ្ងៃ​ទី២៩ កក្កដា។ សូម​​បើក​វង់​ក្រចក​បន្តិច​ថា ពហុ​កីឡាដ្ឋាន​នេះ​ ថ្វី​​ដ្បិត​តែមាន​ឈ្មោះ​ថា​ជា “មរតក​តេជោ” មែន បើ​​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន វា​​ជាគម្រោង​​របស់​​​ចិន​ទេ ហើយ​ក៏​ស្ថិតក្នុង​ភាព​​មិន​ច្បាស់​ដែរ​ថា តើ​​ជា​លុយ​ជំនួយ ឬ​ក៏​ជា​កម្ចី​ឱ្យ​ពិត​ប្រាកដ​ ព្រោះ​របប​ក្រុង​ភ្នំពេញ​បាន​លាក់​បាំង​ព័ត៌មានអំ​​ពីគម្រោង​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​នេះ។

លោក​​ ហ៊ុន សែន បានចុះ​ទៅ​ពិនិត្យ​ការ​សាងសង់​នេះ ​ជាមួ​យក្រុម​​មន្ត្រី​របស់​លោក និង​​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាន វិនធៀន (Wang Wentian)។ ​ទំនង​​ដោយ​សារ​តែ​ទៅ​​ជាមួយ​​តំណាង​ប្រទេស​ជា​ខ្នង​បង្អែក​​បែប​នេះ​ហើយ ទើប​បាន​ជា​លោក​ហាក់​រៀប​ឫក​ឡើង​ចាង​បន្តិច ដោយ​ថ្លែង​ពន្យុះ​អាមេរិក​ឱ្យ ​​ដាក់​ទណ្ឌកម្ម​របប​របស់​​លោកសាចុះ​សា​ឡើង។ ក៏​​ប៉ុន្តែ​លោក​​ហាក់​​​បញ្ចេញ​​ឫទ្ធិតែពី​​ដំបូង​ប៉ុណ្ណោះ ដោយ​ក្រោយ​​បន្តិច​មក ស្រាប់​តែ​លោក​​​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា សហរដ្ឋ​អាមេរិ​ក​​នឹង​មិន​​ដាក់​ទណ្ឌកម្ម​លោក និង​មន្ត្រី​ក្រោម​​ឱវាទ​នោះ​ឡើយ ដើម្បី​​កុំ​ឱ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​​រវាង​ប្រទេស​ទាំង​ពីរ«គេ​និយាយ​ថាច្បាប់​​នេះ​ចេញ​មក​​ហើយ កុន​​ការ​ហើយ​យើង កុន​ការ​ហើយ​ ចឹង​បាន​ជា​លោក ហ៊ុន សែន ថ្នាក់ដល់​ភ័យ ថ្នាក់​ដល់​ឈឺ​ដាក់​អុកស៊ីសែន។ ចាំតើស! ប៉ុន្តែ ហ៊ុន សែន នៅ​​តែទៅ​អាមេរិក ទោះបី​​ជា​អាមេរិក​មិន​ឱ្យ ហ៊ុន សែន ចូល។ ហ៊ុន សែន ចូល​ញូវយ៉ក ញូវយ៉កគឺ​ជា​បុរី​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ខ្ញុំ​ជឿថា រដ្ឋបាល​លោកត្រាំ (Trump) លោក​មិន​ល្ងង់​​ដល់​ថ្នាក់​រុញ​​កម្ពុជា ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ចេញ​​ពី​ដៃ​របស់​ខ្លួន​ទេ»

ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៩ ឬ H.R ៥២៦ កំពុង​ស្ថិត​​ក្នុង​​ដៃ​ព្រឹទ្ធសភា​អាមេរិក បន្ទាប់​ពី​​រដ្ឋសភា​អាមេរិក​​បាន​អនុម័ត​ដោយ​​គាំទ្រ​ទាំង​ស្រុង កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​នេះ។

ពិត​ដូច​បុរស​ខ្លាំង​ខាង​ប្រើ​​អំពើ​ហិង្សា​រូប​នេះ​លើក​ឡើង​មែន ច្បាប់​នេះ​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​រូប​លោក និង​មន្ត្រី​គ្រាក់ៗ មួយ​ចំនួន​ទៀត ដែល​បាន​ចូល​ដៃ​ក្នុង​​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា មិន​មែ​ន​សំដៅ​លើ​ប្រជាជាតិ​​ខ្មែរ​ទាំង​មូល​នោះ​ឡើយ។ ប្រសិន​​បើ​ច្បាប់​នេះ​​ចូល​ជា​ធរមាន​ នោះ​សហរដ្ឋ​អាមេរិក​​នឹង​បង្កក​​ទ្រព្យ​​សម្បត្តិ​​មន្ត្រី​គ្រាក់ៗ មួយ​​ចំនួន​នៃ​របប​ក្រុង​ភ្នំពេញ ក្នុ​ងនោះ​ក៏​រួម​មាន​​ទាំងរបស់​លោក​ ហ៊ុន សែន ផង ក្នុង​​ករណី​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​​នៅ​សហរដ្ឋ​អាមេរិក​​។ បន្ថែម​​ពីលើ​នេះ សហរដ្ឋ​អាមេរិក​នឹង​មិន​ផ្តល់​ទិដ្ឋការ​ដល់​ក្រុម​​មេ​ដឹក​នាំ​របប​នេះ ដើម្បី​​ជាន់​ទឹកដី​​អាមេរិក​​​ឡើយ លើក​​លែង​តែ​ពួក​គេ​ទៅ​ប្រជុំនៅ​អង្គការ​សហប្រជាតិ​នៅ​បូរី​ញូវយ៉ក (New York)

អ្នក​​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ប្តូរ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​របបក្រុង​​ភ្នំពេញ​ឡើយ ដរាប​ណា​របប​នេះ​មិន​ស្តារ​ស្ថានការណ៍​ស្រុក​​ទេស​ឡើង​វិញ​ទេ​នោះ។ លោក​​ជឿ​ជាក់​ថា ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​​ភ្នំពេញ​ប្រាកដ​ជា​ព្រួយ​បារម្ភ​រឿង​ច្បាប់​ដាក់​​ទណ្ឌកម្ម​នេះ ក៏​ប៉ុន្តែ​ដោយ​សារ​ជ្រុល​ក្បាល​ក្រពើ​ទៅ​ហើយ ទើប​លោក​​ ហ៊ុន សែន ខំប្រឹង​បញ្ចេញ​ឫក​ខែងរ៉ែង​ដាក់​សហរដ្ឋ​អាមេរិក​បែប​នេះ៖ «លោក ហ៊ុន សែន គាត់​បារម្ភ​ខ្លាំង​ណាស់ មិន​មែន​​មិន​បារម្ភ​ទេ ក៏​ប៉ុន្តែ​គាត់​គ្មាន​អ្វី​និយាយ​ក្រៅតែ​ពី​ប៉ុណ្ណឹង ពី​ព្រោះ​គាត់​ជ្រុល​ផ្លូវ​ធ្វើ​ជា​អ្នក​ខ្លាំង​ ប្រឈម​ទៅ​នឹង​សហគមន៍​​អន្តរជាតិ​លោក​​សេរី ដោយ​ប្រើ​​វិធី​​ឃុប​ឃិត​សម្ងាត់​ជាមួយ​ចិន​ក្នុង​ការ​យក​​កម្លាំង​កងទ័ព​ចិន និង​អាវុធចិន​មក​ពង្រឹង​អំណាច​របស់​ខ្លួន»

អ្នក​វិភាគ​រូប​នេះ​ជឿ​ថា ក្នុង​រយៈ​ពេល​នៃ​​ការ​កាន់​អំណាច​ជាង ៣០ឆ្នាំមក​​នេះ លោក ហ៊ុន សែន និង​​មន្ត្រី​គ្រាក់ៗ ដទៃ​ទៀត សុទ្ធ​តែ​​បាន​ក្លាយ​​ជា​អ្នក​​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​​ទុក​​នៅ​​ធនាគារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

កាល​ពី​​ឆ្នាំ២០១៦ កន្លង​ទៅ អង្គការ​ឃ្លាំមើល​​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ របស់​ជាតិ ដោយ​​ការ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ ការ​រំលោភ​អំណាច និងការ​​រំលោភ​សិទ្ធិមនុស្ស​ ជាដើម។ អង្គការ​ឃ្លាំមើល​​ពិភព​លោក​លាត​ត្រដាង​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់កាប់​ផ្ទាល់ ឬ​​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន ​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​បាន​​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ដែល​​រក​ស៊ី​​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​មួ​យនេះ​ជឿ​ជាក់​ថា ទឹក​​ប្រាក់​​ជាង ២០០លាន​ដុល្លារ​នេះ គ្រាន់​តែ​ជាដើម​ទុន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ដែល​​ជាក់​ស្តែង​គ្រួសារ​ត្រកូល ហ៊ុន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ជាង​នេះ​ទៅ​ទៀត ដោយ​ជ្រក​ក្រោម​​ផ្លាក​ក្រុមហ៊ុន​ដទៃ ឬ​លាក់​បាំង​ព័ត៌មាន​អំពី​ក្រុមហ៊ុន​​របស់​ខ្លួន។

ទោះជាយ៉ាងណា អ្នក​ជំនាញ​​អះអាង​ថា ប្រសិន​បើ​​ច្បាប់​ H.R ៥២៦ ចូល​​ជា​ធរមាន​មែន នោះ​​ទ្រព្យ​មហាសាល​មួយ​​ចំណែក​​របស់​គ្រួសារ​ត្រកូល ហ៊ុន និង​​​​មន្ត្រី​​គ្រាក់ៗ​ដទៃ​ទៀត នឹង​មិន​អាច​យក​មក​​ប្រើ​​ប្រាស់​ដើម្បី​​ចិញ្ចឹម​​គណបក្ស​កាន់​អំណាច​បាន​​ឡើយ ព្រោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​នឹង​ផ្អាក​​ប្រតិបត្តិ​​ការ​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​​ទាំង​នោះ។

ងាក​ទៅ​លោក ហ៊ុន សែន ម្តង​ទៀត​វិញ ក្រៅ​ពី​ពន្យុះ​អាមេរិក​ឱ្យ​​ពន្លឿន​ច្បាប់​ដាក់​​​ទណ្ឌកម្ម​របប​របស់​លោក​ហើយ លោក​ក៏​បាន​បន្ត​បដិសេធ​រឿង​មូលដ្ឋាន​​ទ័ព​ចិន​នៅលើ​​ទឹក​​ដី​​កម្ពុជា​ដែរ។ លោក​ចាត់​ទុក​ព័ត៌មាន​ដែល​ថា កម្ពុជា​​មាន​​កិច្ច​ព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ចិន​នោះ គឺ​ជា​ការ​​មួល​បង្កាច់ និង​​ថា​កម្ពុជា​គ្មាន​​តម្រូវ​ការឱ្យ​កង​​​ទ័ព​ចិន​ឈរ​ជើង​នៅលើ​ទឹក​ដី​​របស់​ខ្លួន​ឡើយ។ នៅ​ក្នុង​​ថ្ងៃ​នេះ​ដែរ ​លោក​​ទើប​តែ​បានទម្លាយ​ព័ត៌មាន​ថា លោក​​បាន​​ផ្តល់​ថវិកា​ដល់​ក្រសួង​ការពារ​ជាតិ​ចំនួន ៤០លាន​ដុល្លារ​អាមេរិក​បន្ថែម​​ទៀតលើ​ទឹក​ប្រាក់​ដែល​មាន​​ស្រាប់​ចំនួន ២៩០​លាន​​ដុល្លារ ដើម្បី​​ទិញ​អាវុធពី​ប្រទេស​ចិន​មក​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា។

មេបក្ស​ប្រឆាំង​ និង​អ្នក​វិភាគ​​ ជឿជាក់​ថា លោក​​ ហ៊ុន សែន ពិត​ជា​មាន​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​​ជាមួយ​ក្រុង​ប៉េកាំង ទាក់ទង​នឹង​វិស័យ​​យោធា ហើយ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​រូប​នេះ​ត្រូវ​ការ​កម្លាំង​​យោធា​ចិន​ជា​ចាំបាច់ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន និង​ប្រគល់​​អំណាច​នេះ​ឱ្យ​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

evil Hun Sen's KARMA is approaching now

No any world leaders around the world are so stupid face like this horrible man at all"no shame"...he was looks so stupid...say something stupid...thinking something stupid...acting something stupid,there's only threaten to other who oppose him,or disagreement with what he wants.Like this world have no anyone else above him,or brutality than him,or have no anyone else great man than him"Sick man".But,matter fact the whole world leaders don't want to waste times,or waste money,or waste energy with this horrible man for nothing.Every world leaders knew this evil man very clearly"is hell of EVIL ever".Mr.nice guy your time is running out right now and don't try to excuse,or try to forgive,or try to forgot by your stupid thinking...hey kill me now...rather forgive me...Mr.nice guy no anybody else try to push u against the deadly waterfall,but it's only push by yourself karma"do good deserve good karma....do bad deserve bad karma"Buddha's proverb"no wait to another new life.

Jul 31, 2019 10:36 AM

Hun Sen fears Chinese/viet agent keep eyes and ears on him...live Free or Die....

Anonymous of Ge.TBanh's aid exploited that comrade Hun sen is facing a serious threats anonymous from"C/V" sides,after comrade rogue govm't can't hold secret Deal to grant China build NAVAL bases at Ream and Koh Kong province,and it's causing the whole world would pay more attentions what's the hell going on within P Penh and Beijing regime?.Now,it's causing comrade Hun Sen feeling in panics mode,that why he try to says one thing and do other thing to coverup the secret signed a Deal between the two communist regimes.Comr-Hun sen lives via video clip in ceremony of China commie allies built a new stadium in the name of dictator Hun Sen himself as their gift friendship for life.Dictator HS repeats itself that he already doubled expenses between $200 millions and would additional more than $40 million to buy more military weaponry from China commie best friendship,and its said why his country cannot buy any military weapons,like comradeship n.Korea and Iran they both can do experiments of their missile,or firing drill something like that,and why not me?.This show to the world that Hun Sen fascist commie radical had signed a real secreted with the China in recent months"Ge.Tbang's aid said 100% is trued"and now he expresses who's gonna held tmil Hun Sen accountable?China or Vietnam?.

Jul 30, 2019 12:52 PM

គេហទំព័រ​ទាំងមូល