មន្ត្រី​បក្ស​ប្រឆាំង​ខក​ចិត្ត​នឹង​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាល

ដោយ ម៉ម មុនីរតន៍
2016-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Morm Moniroth
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

នៅ​​ថ្ងៃ​ទី​២៩ ខែ​ធ្នូ លោក ម៉ម ប៊ុនហេង បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា តាម​ការ​កំណត់​ដែល​ស្នើ​ដោយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រូប​នេះ ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ពី​ការ​រុះរើ​អគារ​សុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ជាពិសេស​រឿង​ការ​ដេញ​ថ្លៃ​ថ្នាំពេទ្យ​មិន​មាន​តម្លាភាព​​ជា​ដើម​នោះ​ថា គឺ​ក្រសួង​តែង​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​រដ្ឋ​ប៉ុណ្ណោះ។

លោក ម៉ម ប៊ុនហេង ដែល​ព្យាយាម​បង្ហាញ​ពី​ភាព​ស្អាតស្អំ​នេះ ក៏​ដាក់​បន្ទុក​​ឲ្យ​សួរ​នាំ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដែរ ​ប្រសិន​បើ​សង្ស័យ​ថា ក្រសួង​បាន​ប្រព្រឹត្ត​​អំពើ​ពុករលួយ​នេះ​មែន។ បើ​ទោះ​ជា​បែប​ណា អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​យល់​ឃើញ​ថា វិស័យ​សុខាភិបាល​ដែល​ជា​សេវា​ដ៏​សំខាន់​របស់​ជាតិ នៅ​តែ​ពុំ​ទាន់​ឃើញ​មាន​ភាព​ប្រសើរ​នៅ​ឡើយ​ទេ នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ជាដើម។

ប្រធាន​គណៈកម្មាធិការ​ទី​១​នៃ​រដ្ឋសភា មក​ពី​ខាង​គណបក្ស​ប្រឆាំង អះអាង​ពី​ការ​ខកចិត្ត​នៅ​ពេល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឆ្លើយ​មិន​ចំ​ទិស​ដៅ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​តិចតួច។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​សម័យ​ប្រជុំ​សភាព​ពេញ​អង្គ​ថា ចម្លើយ​ភាគ​ច្រើន​របស់​លោក ម៉ម ប៊ុនហេង មិន​អាច​យក​ជា​ការ​បាន។ បន្ថែម​ពី​លើ​នេះ ការ​ឆ្លើយ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នេះ​ទៀតសោត មិន​ចំ​ទៅ​នឹង​អ្វី​ដែល​សំណួរ​បាន​តាំង​ឡើង​នោះ​ថែម​ទៀត​ផង។ លោក អេង ឆៃអ៊ាង បង្ហាញ​ការ​សោកស្ដាយ​ដែល​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ម៉ម ប៊ុនហេង ទាក់ទិន​ភាព​អសកម្ម​ទៅ​លើ​វិស័យ​សុខាភិបាល​នៅ​ពេល​នេះ គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​តិចតួច៖ «ខ្ញុំ​វាយ​តម្លៃ​ថា ចម្លើយ​ហ្នឹង​ជា​ចម្លើយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​កម្រិត​ទាប​មែន​ទែន ព្រោះ​ដែល​ទាប​មាន​ចំណុច​ជា​ច្រើន​ដែល​ខ្ញុំ​កត់​សំគាល់​ដូច​ករណី​ដែល​គាត់​រុញ​រឿង​ខ្លះ​ដែល​ជា​សមត្ថកិច្ច​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​ឥត​ត្រឹមត្រូវ»

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA

ថ្វី​បើ​ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុង​សម័យ​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ តប​ទៅ​នឹង​ការ​តាំង​សំណួរ​ចំនួន ១០​សំណួរ គឺ​លោក ម៉ម ប៊ុនហេង បាន​ឆ្លើយ​ទៅ​តាម​សេចក្ដី​ព្រាង​ជា​ច្រើន​ទំព័រ ដែល​បាន​រៀបចំ​ទុក​មុន​រួច​ជា​ច្រើន​ប៉ុណ្ណោះ។ នៅ​ពេល​ឆ្លើយ​តាម​ការ​អាន​លិខិត​ព្រាង​ទុក​រួច​ហើយ​នេះ នៅ​នាទី​ចុង​ក្រោយ ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បាន​ផ្ដល់​ពេល​វេលា​ឲ្យ​មាន​ការ​សួរដេញដោល​មួយ ដែល​មាន​រយៈពេល​ដ៏​ខ្លី​ទៅ​សមាជិក​សភា បាន​តាំង​សំណួរ​ផ្ទាល់​មាត់​ឡើង។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ចម្លើយ​ផ្ទាល់​មាត់​នេះ​ទៀត​សោត លោក ម៉ម ប៊ុនហេង នៅ​តែ​ផ្ដល់​ចម្លើយ​មិន​ប្រាកដ​ប្រជា ជាពិសេស​ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឆ្លើយ​ទាំង​ភិតភ័យ និង​ទឹក​មុខ​ស្លេកស្លាំង​ផង។

ជុំវិញ​រឿង​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ក្នុង​ពេល​ឆ្លើយ​សំណួរ​ក្នុង​សម័យ​ប្រជុំ​សភា​ថា អ្វីៗ​ដែល​ក្រសួង​បាន​ធ្វើ​ក្នុង​ពេល​កន្លង​ទៅ គឺ​អនុវត្ត​តាម​នីតិវិធី​របស់​រដ្ឋ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត ការ​ដោះដូរ​អគារ​រដ្ឋ ឬ​ការ​ដេញ​ថ្លៃ​ថ្នាំពេទ្យ​ជាដើម ធ្វើ​ឡើង​ដោយ​តម្លាភាព និង​សុក្រឹត​បំផុត៖ «ថ្នាំពេទ្យ​តម្លៃ​យើង​ដេញ​ជា​រួម​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ហើយ គឺ​ដាក់​ជា​កញ្ចប់​ហើយ​យើង​ប្រៀបធៀប​ទៅ​ទី​ផ្សារ។ យើង​ដេញ​ជា​កញ្ចប់​មួយ​ធំ ហើយ​ជា​ការងារ​មួយ​ដែល​យើង​គោរព​លក្ខខណ្ឌ​នីតិវិធី​របស់​រដ្ឋ»

បច្ចុប្បន្ន​ដោយ​អស់​ជំនឿ​លើ​វិស័យ​សុខាភិបាល​កម្ពុជា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ និង​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស​​វិញ​ម្ដង។ ​អ្នក​ដែល​កម្រ​ឃើញ​ពិនិត្យ​សុខភាព ឬ​ទទួល​ការ​ព្យាបាល​ជំងឺ​ក្នុង​ស្រុក អាច​ជា​ក្រុម​មនុស្ស​ដែល​មាន​ធនធាន​ទ្រព្យសម្បត្តិ ជាពិសេស​មន្ត្រី​រដ្ឋាភិបាល។ ដោយ​ឡែក​អ្នក​ក្រខ្សត់ ឬ​គ្មាន​លុយ​កាក់​ ស៊ូ​ទ្រាំ​ព្យាបាល​នៅ​ក្នុង​ស្រុក​ទាំង​ប្រថុយប្រថាន។ សព្វថ្ងៃ​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា ក្រៅ​ពី​ព្យាបាល​ពុំ​សូវ​មាន​ជំនាញ ឬ​ការ​ព្យាបាល​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ហើយ ថែម​ទាំង​រើស​អើង​អ្នក​ជំងឺ​គ្មាន​លុយ​បង់​ថ្លៃ​សេវា និង​សីលធម៌​របស់​គ្រូពេទ្យ​ធ្លាក់​ចុះ​ទៀត​ផង។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា ឲ្យ​ដឹង​ថា ផ្អែក​របាយការណ៍​របស់​ធនាគារ​​ពិភពលោក​ដែល​ស្រាវជ្រាវ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៧០​ភាគ​រយ​ឡើង​ទៅ គឺ​ត្រូវ​ចំណាយ​លុយ​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន ដើម្បី​ព្យាបាល​ជំងឺ។ និន្នាការ​នេះ ផ្ទុយ​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​អភិវឌ្ឍន៍​ចំនួន​វិញ ដែល​រដ្ឋាភិបាល​ត្រូវ​បំពេញ​កាតព្វកិច្ច​ចេញ​ថ្លៃ​ព្យាបាល​ប្រមាណ​ពី ៧០ ទៅ ៨០​ភាគរយ ជំនួស​ពលរដ្ឋ ហើយ​សេសសល់​ពី​នេះ គឺ​ជា​បន្ទុក​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ទៅ​វិញ។

លោក មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា រឿង​ការ​បកស្រាយ​ខុស​ទិសដៅ​របស់​លោក ម៉ម ប៊ុនហេង នេះ វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ហើយ​សម្រាប់​លោក​ផ្ទាល់​គឺ​ក៏​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ដែរ។ បន្ថែម​ពី​លើ​នេះ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​អសកម្ម​ក្នុង​វិស័យ​សុខាភិបាល​នេះ ព្រោះ​តែ​ការ​ផ្ដល់​ព័ត៌មាន​នៅ​ថ្នាក់​ក្រោម​ជាតិ​មិន​ត្រឹមត្រូវ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​នេះ​ដាំ​ក្បាល​ចុះ៖ «ខ្ញុំ​គិត​ថា ការ​ទទួល​យក​នូវ​របាយការណ៍​សុទ្ធ​តែ​ល្អ​ទាំង​អស់​ពី​ក្រោម​ខ្សែ​បណ្ដោយ​ហ្នឹង បើ​និយាយ​ឲ្យ​មែន​ទែន​ទៅ​ធ្វើ​ឲ្យ​មន្ត្រី ឬ​រដ្ឋមន្ត្រី​ល្ងង់ ល្ងង់​ដោយសារ​អី? ដោយសារ​អ្នក​ខាង​ក្រោម​រាយការណ៍​តែ​រឿង​ល្អ ជួល​កាល​កន្លែង​ខ្លះ​និយាយ​កុហក​ទៀត។ ដល់​ពេល​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​អ្នក​ខាង​លើ​ឥត​បាន​ទទួល​ព័ត៌មាន​អី​ដែល​ច្បាស់លាស់»

តាម​រយៈ​គោលនយោបាយ​កែទម្រង់​លើ​វិស័យ​សុខាភិបាល រដ្ឋាភិបាល​រំពឹង​ថា ការ​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ឲ្យ​ពលរដ្ឋ​ដើម្បី​ទទួល​បាន​សិទ្ធិ​ព្យាបាល និង​ពិនិត្យ​ជំងឺ​ដោយ​ឥត​បង់​ថ្លៃ​នេះ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​​បាន​ប្រសើរ​ឡើង​វិញ។ ថ្វី​បើ​រដ្ឋាភិបាល​សង្ឃឹម​ថា ការ​កែទម្រង់​នេះ​ជា​ផ្នែក​មួយ​ជួយ​ស្តារ​ភាព​អាម៉ាស់​របស់​ខ្លួន អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ ប្រសិន​សីលធម៌​របស់​ក្រុម​គ្រូពេទ្យ​មិន​កែ​លម្អ និង​នៅ​តែ​រើសអើង​អ្នក​ជំងឺ ជាពិសេស​អំពើ​ពុករលួយ​នៅ​តែ​មាន​កម្រិត​ខ្ពស់ វិស័យ​សុខាភិបាល​នេះ រង​ការ​រិះគន់​ថា នៅ​តែ​មិន​អាច​ងើប​មុខ​រួច​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល