អតីត​សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​មណ្ឌលគិរី​បី​នាក់​ឈ្លោះ​គ្នា​ដណ្ដើម​ដី​ទីស្នាក់ការ​បក្ស

ដោយ រដ្ឋា វិសាល
2016-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

អតីត​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន បី​នាក់​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​រាជា​និយម​ជាមួយ​គ្នា ហើយ​ទៅ​ចូល​ជា​សមាជិក​គណបក្ស​បី​ផ្សេង​គ្នា កើត​មាន​ជម្លោះ​ដណ្ដើម​ដី​ទីស្នាក់ការ និង​ជម្លោះ​វាយ​ស្លាក​សញ្ញា​គណបក្ស។ សកម្មជន​ទាំង​បី អះអាង​ដូច​គ្នា​ថា នេះ​ជា​ទំនាស់​បុគ្គល​មិន​ទាក់ទិន​​បញ្ហា​នយោបាយ។

អតីត​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខេត្ត​មណ្ឌលគិរី ចំនួន បី​នាក់ កំពុង​ប្រឈម​រឿង​ប្ដឹងផ្ដល់​គ្នា​តាម​ផ្លូវ​តុលាការ​ចំនួន​ពីរ​ករណី​ផ្សេង​គ្នា រួម​មាន​បណ្ដឹង​ទាក់ទិន​ការ​វាយ​ស្លាក​សញ្ញា​គណបក្ស និង​បណ្ដឹង​ទាមទារ​ដី​អតីត​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខ្ចី​ពី​សកម្មជន។

​សកម្មជន​ទាំង​បី​រួមមាន លោក សៅ សារីម បច្ចុប្បន្ន​ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី។ លោក ឆាន់ រី បច្ចុប្បន្ន​ជា​សមាជិក​គណបក្ស​ប្រជាជន និង​លោក ខឹម ជា ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខេត្ត​មណ្ឌលគិរី។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខេត្ត​មណ្ឌលគិរី លោក ខឹម ជា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា បាន​ដាក់​ពាក្យ​ប្ដឹង​លោក ឆាន់ រី ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពីរ​សប្ដាហ៍​កន្លង​ទៅ​ក្រោយ​ពេល​លោក ឆាន់ រី បាន​វាយ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ទីតាំង​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោរម្យ ក្រុង​សែនមនោរម្យ ដែល​ជា​អតីត​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក​ចាត់​ទុក​ថា សកម្មភាព​វាយ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ ជា​រឿង​បុគ្គល​មាន​​ចេតនា​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ៖ «ខ្ញុំ​មក​ជា​ប្រចាំ​រាល់​ថ្ងៃ ការិយាល័យ​ខ្ញុំ​នៅ​ហ្នឹង​មាន​អនុ​ប្រធាន​បក្ស​ម្នាក់​ដេក​នៅ​ហ្នឹង គាត់​​មក​វាយ​ទម្លាក់​អស់​ទៅ»

​ចំណែក​អតីត​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ម្នាក់​ទៀត គឺ​លោក សៅ សារីម បាន​ដាក់​ពាក្យ​ប្ដឹង​មួយ​ករណី​ផ្សេង​គ្នា​ទៅ​សាលាដំបូង​ខេត្ត​រួច​ហើយ ដើម្បី​ទាមទារ​ដី​អតីត​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ទីតាំង​កើត​មាន​ជម្លោះ​វាយ​ស្លាក​សញ្ញា​គណបក្ស​ដោយ​ចោទ​ទៅ​លើ​លោក ឆាន់ រី និង​​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​រូប​ទៀត​ថា បាន​ឃុបឃិត​គ្នា​យក​ដី​ទីស្នាក់ការ​នេះ​ចែក​គ្នា ខណៈ​ដែល​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​បាន​ប្រគល់​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខ្ចី​ធ្វើ​ទីស្នាក់ការ។

លោក សារឹម បន្ត​ថា លោក​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ខ្ចី​ដី​លោក​ធ្វើ​ទីស្នាក់ការ ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​លោក ឆាន់ រី និង​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន​ឃុបឃិត​ចែក​ដី​គ្នា​ជា​ពីរ​ចំណែក​ស្មើ​គ្នា៖ «ដល់​ខ្ញុំ​ដឹង​ថា គេ​ឃុបឃិត​ចែក​គ្នា​ពាក់​កណ្ដាល​ម្នាក់​អ៊ីចឹង បាន​ខ្ញុំ​ប្ដឹង​គាត់​ទៅ​សាលា​ដំបូង​ខេត្ត»

​ឯកសារ​ដែល​​អាស៊ីសេរី ទទួល​បាន​ពី​លោក សៅ សារីម បញ្ជាក់​ថា កាល​ពី​ឆ្នាំ​១៩៩៥ ដី​អតីត​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទំហំ ៤០​ម៉ែត្រ គុណ​នឹង ៧០​ម៉ែត្រ​នៅ​ភូមិ​ដើមស្រល់ សង្កាត់​មនោរម្យ ក្រុង​សែនមនោរម្យ គឺ​ជា​ដី​ដែល​លោក សៅ សារីម ដូរ​ដី​ពី​ប្រជាពលរដ្ឋ​បី​គ្រួសារ ហើយ​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខ្ចី​បង្កើត​ជា​ទីស្នាក់ការ​គណបក្ស​នៅ​ឆ្នាំ​១៩៩៩ ដោយ​មាន​លោក ញឹក ប៊ុនឆៃ ជា​អតីត​អគ្គលេខាធិការ​រង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​អ្នក​ចុះ​ហត្ថលេខា​ខ្ចី ប៉ុន្តែ​ក្រោយ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច បែក​បាក់​ចាប់​ពី​ឆ្នាំ​២០១៥ មក ទីស្នាក់ការ​នោះ​ត្រូវ​បាន​លោក ខឹម ជា ដែល​ចូល​ជា​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ គ្រប់គ្រង​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទើប​ដូរ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជំនួស​ស្លាក​សញ្ញា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ។

​ទាក់ទិន​ការ​វាយ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ លោក ឆាន់ រី បញ្ជាក់​ថា ស្លាក​សញ្ញា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​លោក​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ធ្វើ ក៏ប៉ុន្តែ​លោក ខឹម ជា បាន​យក​ស្លាក​សញ្ញា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​កែច្នៃ​ធ្វើ​ស្លាក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជំនួស ទើប​លោក​វាយ​កម្ទេច​ចោល។

លោក​បន្ត​ដី​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចៅក្រម​សាលា​ដំបូង​បាន​កាត់​ក្ដី​ឲ្យ​លោក​ឈ្នះ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន ក៏ប៉ុន្តែ​លោក​នឹង​អ្នក​គ្រប់គ្រង​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន​បាន​សម្របសម្រួល​ចែក​ដី​គ្នា​ពាក់​កណ្ដាល ខណៈ​រឿង​ក្ដី​នេះ ភាគី​ទាំង​ពីរ​សុំ​ដក​ពាក្យ​ប្ដឹង​នៅ​សាលា​ឧទ្ធរណ៍៖ «រួបរួម​ជាតិ​ទើប​កើត​មន​បិទ​ស្លាក​លើ​របស់​គេ ហើយ​អត់​លិខិត​ស្នាម​លើក​ស្លាក​បើក​ទីស្នាក់ការ​ផង។ ឥឡូវ​ទុក​ឲ្យ​គេ​ចាត់ការ​តាម​ផ្លូវ​តុលាការ​ទៅ»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ រឿង​ក្តី​អតីត​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទាំង​បី​នាក់​នេះ ទាក់ទិន​ការ​ប្ដឹង​ពី​បទ​បំផ្លាញ​ស្លាក និង​ទាមទារ​ដី​ទីស្នាក់ការ​គណបក្ស​កំពុង​ឋិត​ក្នុង​ចំណាត់​ការ​សាកសួរ​ភាគី​ពាក់ព័ន្ធ​ពី​សំណាក់​មន្ត្រី​សាលាដំបូង​ខេត្ត​មណ្ឌលគិរី នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល