អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សង្ស័យ​គម្រោង​លក់​ទីស្នាក់ការ​បក្ស​​នៅ​ខេត្ត​ព្រះសីហនុ មាន​ភាព​មិន​ប្រក្រតី

ដោយ សេក បណ្ឌិត
2019-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសញ្ញា​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច
រូបសញ្ញា​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច
គណបក្ស ហ៊្វុនស៊ិនប៉ិច

អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សង្ស័យ​ថា ការ​គ្រោង​​លក់​ទីស្នាក់ការ​គណបក្ស​មួយ​ទៀត នៅ​ខេត្ត​ព្រះសីហនុ មាន​ភាព​មិន​ប្រក្រតី ទើប​គណបក្ស​គ្មាន​ការ​កោះ​ហៅ​សមាជិក​ប្រជុំ​ពិភាក្សា​។ អ្នក​វិភាគ​ថា ការ​លក់​ស្នាក់​ការ​បក្ស​​​ហ្វ៊ុនស៊ិនប៉ិច​ជា​បន្ត​បន្ទាប់ ដោយសារ ភាព​ទន់​ខ្សោយ​របស់​បក្ស និង​​ភាព​គ្មាន​​ទឹក​ចិត្ត ​ធ្វើ​នយោបាយ។

អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​សង្ស័យ​ថា ​គម្រោង​លក់​ទីស្នាក់ការ​បក្ស​នៅ​តាម​ខេត្ត​ ​ជា​បន្ត​បន្ទាប់​អាច​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​កោះ​ប្រជុំ​សមាជិក​បក្ស​ ពិភាក្សា និង​មិន​​បង្ហាញ​ព័ត៌មាន​នៃ​ការ​លក់​ ឬ​ដោះដូរ​ទីតាំង​បក្ស។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ ញ៉េប ប៊ុនជិន ប្រាប់​អាស៊ី​សេរី ថា លោក ​មិន​បាន​ដឹង​ថា ទីស្នាក់ការ​គណបក្ស​នៅ តាម​ខេត្ត​ត្រូវ​ដាក់​លក់​ជា​បន្ត​បន្ទាប់​ទេ គឺ​ដឹង​តាម​រយៈ​សារព័ត៌មាន​ដែរ​ទេ។ លោក​ថា ប្រធាន​ស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​កោះ​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ទេ ពី​ការ​លក់ ឬ​ដោះដូរ​ទីតាំង​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​មណ្ឌល​គិរី កំពង់ឆ្នាំង និង​​នៅ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​បក្ស​រូប​នេះ បញ្ជាក់​ថា មន្ត្រី​ក្នុង​បក្ស​មួយ​ចំនួន​ទៀត ក៏​មិន​ដឹង​ដែរ។ លោក​ ញ៉េប ប៊ុនជិន មិន​គាំទ្រ​ទេ ចំពោះ​ការ​លក់​ស្នាក់​ការ​បក្ស​ នៅ​តាម​ខេត្ត​ជា​បន្ត​បន្ទាប់​បែប​នេះ៖ «ច្បាប់​របស់​គណបក្ស គេ​ហៅ​ថា​ធម្មនុញ្ញ​បក្ស​នោះ យើង​ត្រូវ​ធ្វើ​អ្វី ត្រូវ​សួរ​គ្នា។ ពិគ្រោះ​​គ្នា​ហើយ យើង​យក​មក​ជជែក​ថា បើ​ចាំ​បាច់​ត្រូវ​តែ​លក់​ ឧទាហរណ៍​ថា ត្រូវ​តែ​លក់​ហើយ អ៊ីចឹង​យើង​លក់​ហ្នឹង យើង​ដោះដូរ​ដោយ​របៀប​ម្ដេច? វា​ទៅ​ទី​ណា? ហើយ​ការ​លក់​ហ្នឹង លក់​យក​ទៅ​ធ្វើ​អ្វី​? អា​ហ្នឹង​ជា​ការ​ជជែក​មួយ ដើម្បី​ឲ្យ​សមាជិក​សមាជិកា។ មិន​មែន​មាន​ន័យ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​ ចុះ​អត់​មាន​សំឡេង​​ហើយ ចេះ​តែ​នាំ​គ្នា​លក់​ចែក​គ្នា​ហ្នឹង វា​ដូច​ជា​គ្មាន​ទិស​ដៅ​ឲ្យ​សមាជិក​សមាជិក​យើង​នៅ​ខាង​ក្រោម​ហ្នឹង ​មាន​ជំនឿ​ទុក​ចិត្ត»

ប្រតិកម្ម​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​​មន្ត្រី​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទម្លាយ​ជា​បន្ត​បន្ទាប់​តាម​សារព័ត៌មាន ថា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​បំណង​លក់​ស្នាក់​ការ​បក្ស​នៅ​តាម​ខេត្ត។

គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ ថ្ងៃ​ទី​២៧ សីហា​ ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​កាសែត​​ថា គណបក្ស​គ្រោង​ដាក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ១​កន្លែង​ទៀត​ នៅ​ខេត្ត​ព្រះសីហនុ​លក់ បន្ទាប់​ពី​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​មណ្ឌល​គិរី និង​កំពង់​ឆ្នាំង ប្រកាស​លក់​ក្នុង​តម្លៃ​ជិត ១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ទៀត​ថា ​​ប្រធាន​ស្ដីទី​បក្ស គឺ​ព្រះអង្គម្ចាស់​ នរោត្តម ចក្រាវុធ និង​ព្រះ​អង្គ​ម្ចាស់ក្សត្រី​ នរោត្តម ម៉ារី បាន​បញ្ជា​​មន្ត្រី​ក្នុង​បក្ស​ម្នាក់ ឈ្មោះ ហេង ហាក់លីម សម្រប​សម្រួល​ការ​លក់​ដូរ​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​ព្រះសីហនុ និង​​បាន​ជួល​​មេធាវី ​​ឲ្យ​រៀបចំ​​ឯកសារ​តាម​ផ្លូវ​ច្បាប់​​។​ មន្ត្រី​ក្នុង​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទម្លាយ​ព័ត៌មាន​នោះ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​លក់​ស្នាក់​ការ​បក្ស​តាម​ខេត្ត​ ក្នុង​​បំណង​ចង់​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោល ​​មិន​មែន​យក​លុយ ​ទៅ​ព្យាបាល​ព្រះ​រាជ​សុខភាព ​ទ្រង់​នរោត្តម រណឫទ្ធិ​ ទេ​​។ មន្ត្រី​ ដដែល​បន្ត​ថា បច្ចុប្បន្ន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុង​ស៊ើបសួរ​អ្នក​កាន់កាប់​ប្លង់​ស្នាក់​ការ​បក្ស​នៅ​តាម​ខេត្ត​ ដើម្បី​​ដក​ហូត និង​ល្បួង​ឲ្យ​លក់​ស្នាក់​ការ​បក្ស​តាម​ខេត្ត​ទាំង​នោះ ជា​បន្ត​បន្ទាប់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ណុប សុធា​រិទ្ធិ​ បាន​ទេ​ នៅ​ថ្ងៃ​ទី២៧ សីហា ទូរស័ព្ទ​ច្រើន​ដង តែ​លោក មិន​ទទួល។

អ្នក​វិភាគ​នយោបាយ និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក គឹម សុខ មើល​ឃើញ​ថា ការ​លក់​ស្នាក់​ការ​​បក្ស​តាម​ខេត្ត​ជា​បន្តបន្ទាប់​បែប​នេះ ទោះ​ក្រោម​រូប​ភាព​យក​ទៅ​ព្យាបាល​ព្រះរាជ​សុខភាព​ ឬ​យក​ទៅ​ទ្រទ្រង់​សកម្មភាព​បក្ស គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​បក្ស​នេះ ចុះ​ទន់​ខ្សោយ​ជាង​សព្វ​ថ្ងៃ ហើយ​ពិបាក​ស្ដារ​ឡើង​វិញ ឬ​អាច​បាត់​ឈ្មោះ​គណបក្ស​ ក៏​ថា​បាន៖ «គ្រាន់​តែ​យើង​ឮ​តែ​ពាក្យ​ថា លក់​ទីស្នាក់ការ​ហ្នឹង វា​ជា​សញ្ញា​ដ៏​អាក្រក់​ ដល់​អនាគត​គណបក្ស​រួច​ទៅ​ហើយ។ មិន​ចាំបាច់​និយាយ​អ្វី​ច្រើន​ទេ ហើយ​មិន​មែន​សុខៗ ចេះ​តែ​លក់​ទេ គេ​មិន​ដែល​លក់​ទីស្នាក់ការ​សំខាន់ៗ ​របស់​បក្ស​ មាន​ន័យ​ថា ជា​មូលដ្ឋាន​​​ធំ​របស់​បក្ស​ នៅ​ក្នុង​មូលដ្ឋាន​តស៊ូ​នយោបាយ​ទេ។ ការ​លក់​នេះ ច្បាស់​ជា​ចេញ​ពី​ទឹក​ចិត្ត​ ដែល​ចុះ​ទន់​ខ្សោយ​ស្មារតី​ ដែល​អន់​ទាំង​មិន​មាន​ផែន​ការ​នយោបាយ​តស៊ូ​ច្បាស់​លាស់។ តែ​ខ្ញុំ​មិន​ចោទ​ប្រកាន់​ថា លក់​ដើម្បី​ចែក​លុយ​គ្នា ឬ​លក់​ក្នុង​ផែន​ការ​អ្វី​ទេ តែ​ការ​លក់​បែប​នេះ វា​កើត​ឡើង​ដោយសារ​ជំហរ​ដែល​គ្មាន​គោល​នយោបាយ​ត​ទៅ​មុខ»

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​មាន​ប្រវត្តិ​ចម្រូងចម្រាស ប្រះ​ឆា​គ្នា ដោយ​សារ​ការ​លក់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​ កាល​ពី​ឆ្នាំ២០០៥ ម្ដង​ហើយ។ ការ​លក់​ស្នាក់​ការ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ​កាល​ណោះ​ បណ្ដាល​ឲ្យ​គណបក្ស​បែក​បាក់​គ្នា​ជា​ពីរ​ក្រុម មក​ដល់​សព្វ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល