សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ រារាំង​មិន​ឱ្យ​ឈ្មួញ​ចូល​ទិញ​ខ្យង​ពី​មេឃុំ​ស្រែគ​គណបក្ស​ប្រឆាំង

ដោយ ហេង រស្មី
2019-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA

មេឃុំ​ស្រែ​គ​ជាប់​ឆ្នោត កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​យក​មុខ​របប​រើស​ខ្យង​ចិញ្ចឹម​ជីវិត​ត្អូញត្អែរ​ថា​ មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ យាម​នៅ​ច្រក​ចូល​ភូមិ​ស្រែ​គ​ថ្មី នៅ​តែ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ដោយ​ហាម​ឈ្មួញ​មិន​ឱ្យ​បើក​រថយន្ត​ចូល​ទិញ​ខ្យង​នៅ​តំបន់​នោះ​ ជា​ហេតុ​ធ្វើ​ឱ្យ​រាំង​ស្ទះ​មុខ​របប​ចិញ្ចឹមជីវិត​ពលរដ្ឋ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ ជា​អំពើ​​អមនុស្សធម៌​ និង​រើសអើង​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ច្បាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​គ (ថ្មី) និង​មេ​ឃុំ​ស្រែ​គ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ សីហា​ថា ជាង ៣ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​បន្ត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ ចំនួន ៣កន្លែង​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដោយ​មាន​មន្ត្រី​អាវុធហត្ថ​យាម​យ៉ាង​តឹងរ៉ឹង​មិន​ឱ្យ​អ្នក​ខាង​ក្រៅ​ចេញ​ចូល​តំបន់​នោះ​ដោយ​សេរី​ឡើយ។

មេឃុំ​ស្រែគរ​ជាប់ឆ្នោត​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សៀក​ មេគង្គ​ ឱ្យ​ដឹង​ថា​ រយៈពេល​ជាង​ ២ខែ​មក​ហើយ​ សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ចូល​ឃុំ​ស្រែ​គ (ថ្មី) បាន​ហាម​មិន​ឱ្យ​អ្នក​ទិញ​ខ្យង​ បើក​រថយន្ត​ចូល​ទៅ​ដឹក​ខ្យង​របស់​លោក។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ចេតនា​​ធ្វើ​ទុក្ខ​បុក​ម្នេញ​រូប​​លោក​ និង​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «កង​រាជ​អាវុធហត្ថ រាល់​ថ្ងៃ​ក្នុង​វារី (វារី ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ) មិន​ត្រឹម​ឡាន​ម៉ូយ​ខ្យង​ទេ ឡាន​បង​ប្អូន​មក​ពី​ភ្នំពេញ មក​លេង​ប្អូន​ខាង​ខ្ញុំ​មិន​ឲ្យ​ចូល​ដែរ ទោះ​អន្តរាគមន៍​ដល់​ណា ក៏​មិន​ឲ្យ​ចូល​ដែរ។ សំណូមពរ​ឲ្យ​កង​រាជ​អាវុធហត្ថ​ទាំង​អស់​នៅ​ខេត្ត​ស្ទឹងត្រែង គួរ​តែ​ពិចារណា​ឡើង​វិញ។ ខ្ញុំ​ក៏​ក្លាយ​ជា​ពលរដ្ឋ​សាមញ្ញ​ក៏​រើសអើង​ដល់​ថ្នាក់​ហ្នឹង ឲ្យ​ខ្ញុំ​រស់​របៀប​ណា បើ​ធ្វើ​អ៊ីចឹង? ក្រោយ​ពី​រំលាយ​ហើយ ខ្ញុំ​រក​មុខ​របប​អាជីព​តែ​ខ្យង​ហ្នឹង»

មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​ បន្ថែម​ទៀត​ថា​ លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក​សេសាន ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​នោះ​ទេ។ លោក សៀក មេគង្គ បាន​បង្ខំចិត្ត​រើស​ខ្យង និង​លក់​ខ្យង​ចិញ្ចឹម​ជីវិត​ ក្រោយ​​ពី​របប​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​ប្រឆាំង និង​ដក​តំណែង​លោក។ លោក​ថា ក្នុង​មួយថ្ងៃ​ គ្រួសារ​លោក​អាច​ប្រមូល​ខ្យង​បាន​ជាង​ ១០០គីឡូ​ក្រាម​ ហើយ​ក្នុង​មួយ​គីឡូក្រាម​ អាច​លក់​បាន​ ៨.៥០០រៀល៖ « អី​ក៏​រើសអើង​ហួសហេតុ​ម្ល៉េះ ឡាន​របស់​មេ​ប៉ុស្តិ៍​វា​មាន​ម៉ូយ​រៀង​ខ្លួន។ ម៉ូយ​មេ​ប៉ុស្តិ៍​ចូល​បាន ម៉ូយ​មេ​ឃុំ​ថ្មី​ចូល​បាន ដោយឡែក​ម៉ូយ​ខ្ញុំ​ចូល​មិន​បាន​ទិញ​ខ្យង។ មិន​មែន​ទិញ​របស់​រឹង​ទេ តែ​លើស​ពី ២៤ម៉ោង ទន់​ជ្រាយ​ខាត​ច្រើន​ណាស់។ វា​ប៉ះ​ពាល់​ជីវភាព​យើង ធ្វើ​ឲ្យ​ខ្យង​ស្អុយ​បាត់បង់​ការ​ចំណេញ»

ឈ្មួញ​ទិញ​ខ្យង​ លោក​ ស្រុន ទូច ត្អូញត្អែរ​ថា មន្ត្រី​អាវុធហត្ថ​យាម​នៅ​ច្រក​ចូល​ភូមិ​ស្រែ​គ​ថ្មី បាន​រារាំង​លោក​មិន​ឱ្យ​បើក​រថយន្ត​ចូល​ទៅ​តំបន់​នោះ​ ជាច្រើន​ថ្ងៃ​មក​ហើយ​ធ្វើ​ឱ្យ​លោក​ខកខាន​ ដឹកជញ្ជូន​ខ្យង​ ទៅ​លក់​នៅ​ប្រទេស​ថៃ​ឱ្យ​បាន​ទាន់​ពេល​វេលា៖ «ប៉ះពាល់​ខ្លាំង​ណាស់​បង​អើយ អីវ៉ាន់​ហ្នឹង ខ្ញុំ​ដាក់​ឲ្យ​គេ​ទិញ​នៅ​នោះ ១០លាន​ជាង អត់​ឲ្យ​ខ្ញុំ​ចូល​ទៅ​យក ខក​អីវ៉ាន់​គេ​នៅ​ទី​នោះ។ ព្រោះ​អ្នក​ធ្វើ​អីវ៉ាន់​នៅ​នោះ ខ្យង​មួយ​គីឡូ ៧ ទៅ ៨ពាន់​ហើយ ​ខ្ញុំ​ទៅ​យក​ម្ដង​មួយ​តោន ចូល​ទៅ​យក​អត់​បាន។ ឥឡូវ​ខ្ញុំ​មក​វិញ។ ខ្ញុំ​ឈប់​ឡាន គេ​សួរ​ទៅ​ណា? ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ចូល​ទៅ​ទិញ​ខ្យង អត់​ឲ្យ​ចូល​ទេ។ ខ្ញុំ​ថា ចាំ​ពេល​ណា​ឲ្យ​ចូល​បាន? តែ​ឡាន​គេ​ចូល​បាន។ ឡាន​គេ​សាំងយ៉ុង (SsangYong) ចូល​និយាយ​តិច​ចូល​ទៅ​បាត់ »

តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​លោក​ អ៊ុំ​ រ៉េ​ត បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ដោយ​លោក​ថា​ កំពុង​ជាប់​រវល់​នៅ​ថ្ងៃ​ទី២៦ សីហា៖ «ខ្ញុំ​ជាប់​ប្រជុំ​តិច»

ចំណែក​មេឃុំ​ស្រែគរ​ថ្មី​ ដែល​របប​ក្រុង​ភ្នំពេញ​លើក​បន្តុប​ លោក ហ្វឿន ជឿន និង​អភិបាលស្រុក​សេសាន​ លោក សុវណ្ណ ពិសេដ្ឋ មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

រី​ឯ​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ អេង​ ហ៊ី​ និយាយ​យ៉ាង​ខ្លី​ថា​ សូម​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា​នេះ​ ទូរស័ព្ទ​ទៅ​លោក​ផ្ទាល់​​ថា ​តើ​មន្ត្រី​អាវុធហត្ថ​រូប​ណា​ រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ?« សុំ​ឲ្យ​គាត់​តេ ទៅ​គាត់​ផ្ទាល់។ អ៊ីចឹង​ខ្ញុំ​នឹង​សួរ​នាំ​តើ​អាវុធហត្ថ​មួយ​ណា ដែល​មិន​ឲ្យ​ចូល​ទៅ​ភូមិ និង​ឃុំ​គេ? »

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ ចាត់​ទុក​ការ​ហាមឃាត់​ និង​រារាំង​ ពលរដ្ឋ​លើ​ផ្លូវ​សាធារណៈ​ជា​ទង្វើ​ខុស​ច្បាប់​ និង​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា ការ​រក​មធ្យោបាយ​ធ្វើបាប​មនុស្ស​គ្មាន​កំហុស​ ជា​ទង្វើ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​អាជ្ញាធរ​មូលដ្ឋាន​ខ្លួនឯង​ និង​សេដ្ឋកិច្ច​ប្រជាជន​៖ «ទង្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​បែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង ការ​រឹតត្បិត​ខុស​ច្បាប់​ទាំង​ឡាយ​ណា លើ​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ និង​អ្នក​ធ្វើ​កិច្ច​ការងារ​សង្គម។ យើង​សង្ស័យ​ថា នៅ​តំបន់​នោះ វា​អាច​មាន​បទ​ល្មើស​ធំៗ កើត​ឡើង​ដូច​ជា បទ​ល្មើស​ព្រៃ​ឈើ និង​ផ្សេងៗ ទៀត។ យើង​សង្ស័យ​ថា ទង្វើ​បែប​នេះ​អាជ្ញាធរ​ព្យាយាម​បិទ​បាំង ប្រើប្រាស់​រូបភាព​ផ្សេងៗ»

នេះ​ពុំ​មែន​ជា​លើកទីមួយ​ទេ​ ដែល​សមត្ថកិច្ច​យាម​ច្រក​ចូល​ឃុំ​ស្រែ​គ (ថ្មី) ក្នុង​ខេត្ត​ស្ទឹងត្រែង​ រឹតត្បិត​ពលរដ្ឋ​ និង​អ្នក​ខាងក្រៅ​ មិន​ឱ្យ​ចេញចូល​តំបន់​នោះ។ កាលពី​ចុង​ខែ​សីហា​ ឆ្នាំ២០១៨ កន្លងទៅ​ សមត្ថកិច្ច​​បាន​រារាំង​​ក្រុម​យុវជន​ មិន​ឱ្យ​ដឹកជញ្ជូន​អំណោយ​មនុស្សធម៌​តាម​រថយន្ត​ ឆ្លងកាត់​ភូមិសាស្ត្រ​ឃុំ​ស្រែគ​ថ្មី​ យក​ទៅ​ចែក​ជូន​​ពលរដ្ឋ​ទៅ​ឃុំ​តាឡាត​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ បើ​ទោះបីជា​ក្រុម​យុវជន​​បាន​ព្យាយាម​ពន្យល់​ប្រាប់​ពី​ហេតុផល​យ៉ាងណា​ក្ដី។ រី​ឯ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​មានបំណង​ជួយ​អភិវឌ្ឍ​ឃុំ​ស្រែ​គ​ ដូចជា​ទឹក​ស្អាត​ និង​អនាម័យ​ សុខភាព​ ក៏​ត្រូវ​មន្ត្រី​អាវុធហត្ថ​រារាំង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល