អនុប្រធាន​បក្ស​ប្រឆាំង​ថា ការ​​បន្ត​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ពី​​របប​​លោក ហ៊ុន សែន មក​​លើ​​មន្ត្រី​​បក្ស​​ប្រឆាំង​ រឹត​​តែ​​ដុត​​កំហឹង​​ឲ្យ​​ពលរដ្ឋ​​ខ្មែរ​​ឈឺចាប់

ដោយ មួង ណារ៉េត
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
រូប៖ RFA

អនុប្រធាន​បក្ស​ប្រឆាំង​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ ​ពី​របប​លោក ហ៊ុន សែន មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​បែប​នេះ​ រឹតតែ​ដុត​កំហឹង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់ កាន់តែ​ខ្លាំង និង ឈាន​ទៅ​រក​ការ​ក្រោក​ឡើង​របស់​ពលរដ្ឋ​​ ដើម្បី​ផ្លាស់​របប​ដឹក​នាំ​សព្វថ្ងៃ ក្នុង​ពេល​ឆាប់ៗ។

អនុ​ប្រធាន​គណបក្ស សង្គ្រោះជាតិ​ លោក អេង ឆៃអ៊ាង ដែល​កំពុង​និរទេស​ខ្លួន នៅ​សហរដ្ឋ​អាមេរិក ថ្លែង​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា​ថា ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន បែប​នេះ​ បង្ហាញ​កាន់តែ​ច្បាស់​ថា កំពុងតែ​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ បែប​កុម្មុយនិស្ត​ខ្មែរ​ក្រហម ឬ​របប ប៉ុល ពត៖ «អ្វីៗ ដែល​កើត​ថ្ងៃនេះ មក​លើ​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ហ្នឹង គឺ​បង្ហាញ​ពី​ចរិត​ពិត និង​សកម្មភាព​ពិត​របស់​លោក ហ៊ុន សែន ដោយ​​មិន​ញញើត​នឹង​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អ្នកស្រី រ៉ូណា​ ស្មីត ដែល​កំពុង​បំពេញបេសកកម្ម​សិទ្ធិមនុស្ស​នៅ​កម្ពុជា»

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បាន​ព្រមាន​របប​លោក ហ៊ុន សែន ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មិន​ឈប់​ឈរ​បែប​នេះ មិន​បាន​ធ្វើ​ឲ្យ​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ​ បាក់​ស្បាត​ ឬ បាក់​ស្មារតី​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​បង្ក្រាប និង​ការ​ជិះជាន់ គឺ​នឹង​នាំ​ឲ្យ​មានការ​រើ​បម្រះ ជាក់​ជាមិនខាន៖ «ព្រោះ​យើង​ដឹង​ហើយ​ថា ដូច​ម្សៅ​ កាលណា​យើង​ច្របាច់​​នៅ​លើ​ដៃ គឺ​ច្របាច់​កាន់​តែ​ខ្លាំង ម្សៅ​មិន​នៅ​ក្នុង​ដៃ​ទៀត​ទេ វា​នឹង​ចេញ​តាម​ចង្វែក​ដៃ​វិញ។ ដូច​រឺស័រ​ដែរ កាលណា​អ្នកឯង​សង្កត់​កាន់​តែ​ខ្លាំង ដល់​របូត​មក​វិញ វា​នឹង​លោត​កាន់​តែ​ខ្ពស់»

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ប្រាំ​រូប ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី៩ និង ១៦ ខែ ឧសភា។ ដីកា​នោះ​បញ្ជាក់​ថា អ្នក​ទាំង​ប្រាំ សង្ស័យ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន​​ដីកា​របស់​តុលាការ​កំពូល ដែល​រម្លាយ​គណបក្ស​ សង្គ្រោះ​ជាតិ​ កាល​ពី​ចុង​ឆ្នាំ២០១៧ កន្លង​ទៅ​នោះ។

ក្នុង​ចំណោម​មន្ត្រី​ទាំង​ប្រាំ​រូប​នោះ មាន​បី​រូប​ជា​មន្ត្រី​ជាប់​ឆ្នោត​ឃុំ​ប្រឹក្សា​ឃុំ-សង្កាត់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​មាន ចៅ​សង្កាត់​អូរចារ ​កញ្ញា ស៊ិន​ ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់​ទួល​តា​ឯក​លោក ម៉ក់ រ៉ា​ និង ចៅសង្កាត់​ចម្ការ​សំរោង​លោក ឃួន ចំរើន។ មន្ត្រី​ពីរ​រូប​ទៀត គឺ​មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​ជាប់ឆ្នោត​ពី​កូតា​គណបក្ស សង្គ្រោះ​ជាតិ លោក ឌឹម សារឿន និង សមាជិក​គណៈ​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​នេះ គឺ​លោក គង់ ប៊ុនហ៊ាង។

ដីកា​កោះ​នេះ ចេញ​ស្រប​ពេល​ដែល​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស នៅ​តែ​អាក្រក់ និង​ក្នុង​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត កំពុង​បំពេញ​បេសកកម្ម​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​គណបក្ស​ប្រឆាំង មិន​ភ្ញាក់​ផ្អើល​ខ្លាំង ​ទៅ​នឹង​ចំណាត់​ការ​នេះ​ទេ ព្រោះ​ប្រព័ន្ធ​តុលាការ​កម្ពុជា រង​ការ​រិះគន់ ថា​ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់អំណាច ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង។ ចៅសង្កាត់​អូរចារ កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាង​ថា​ នេះ​ជា​ទម្រង់​នៃ​ការ​បំភិតបំភ័យ​មួយ​បែប​ដែរ ព្រោះ​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​ ក៏​ព្រោះ​តែ​​សកម្មភាព​នយោបាយ​របស់​ខ្លួន​។

ប៉ុន្តែ​​កញ្ញា​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ​មួយ​រូប ដែល​មាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី នៅ​សង្កាត់​អូរ​ចារ​របស់​កញ្ញា កញ្ញា​នឹង​ទៅ​បង្ហាញ​ខ្លួន ព្រោះ​កញ្ញា​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ បើ​គ្រាន់​តែ​បញ្ចេញមតិ និង សកម្មភាព​នយោបាយ​ស្រ​ប​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ៖ «យើង​មាន​ការ​ព្រួយបារម្ភ ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​យើង។ ប៉ុន្តែ​យើង​មិន​តក់ស្លុត​ទេ ពី​ព្រោះ​រាល់​ការ​បញ្ចេញមតិ​របស់​យើង​ គឺ​អត់​មាន​ខុស​ច្បាប់​ឯណា។ ផ្ទុយ​ទៅ​វិញ​ យើង​មាន​តែ​ជួយ​លើកស្ទួយ​ដល់​សង្គម និង​ប្រទេស​ជាតិ។ ដូច្នេះ​ថ្ងៃ​ទី៩ ខែ​ឧសភា ខ្ញុំ​ ស៊ិន ចាន់ពៅរ៉ូហ្សេត នឹង​សម្រេច​ចិត្ត​យ៉ាង​ច្បាស់​លាស់ និង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ឲ្យ​ខូច​ដល់​សណ្ដាប់​ធ្នាប់​សន្តិសុខ​សង្គម ឬ​​ប្រទេសជាតិ​ទេ»

កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សេត រម្លឹក​យុវជន​ដទៃ​ដូចជា​កញ្ញា ឲ្យ​ភ្ញាក់​រលឹក និង​ស្គាល់​អំពី​សិទ្ធិ​របស់​ខ្លួន ក្នុង​ជីវភាព​នយោបាយ។ យុវជន​មាន​ភារកិច្ច​សំខាន់ ក្នុង​ការ​ទទួល​ខុសត្រូវ​ ចំពោះ​ជោគវាសនា​របស់​ប្រទេស​ជាតិ​របស់​ខ្លួន ដែល​មិន​ត្រូវ​ឲ្យ​អ្នកនយោបាយ​មួយ​ក្រុម​ណា ជា​អ្នក​កាង​ផ្ដាច់​មុខ​នោះ​ឡើយ៖ «យើង​ជា​យុវជន​ខ្មែរ​! យើង​ត្រូវ​មានការ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួន​យើង ខ្លួន​ឯង​។ យើង​ត្រូវ​តែ​មានការ​ខុស​ត្រូវ​ចំពោះ​គ្រួសារ​ខ្លួន​ឯង។ យើង​ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ ចំពោះ​សង្គម​ជាតិ​យើង​ផង​ដែរ។ ប្រទេស​ខ្មែរ​​មិន​មែន​ជា​ប្រទេស​របស់​ឯកឧត្ដម​ សម រង្ស៊ី ឯកឧត្ដម​ កឹម សុខា សម្តេច​ ហ៊ុន សែន តែ​ប៉ុន្មាន​នាក់​នោះ​ទេ។ វា​ជា​ប្រទេស​របស់​យើង។ យើង​ខ្វល់​ខ្វាយ​ពី​ជាតិ​របស់​យើង។ ដូចខ្ញុំ​ ទោះបី​ខ្ញុំ​មិន​ទៅ​ចូល​រួម​បក្ស​ណា ​ខ្ញុំ​រង់​ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មកវិញ ដោយ​ស្រប​ច្បាប់​។ ខ្ញុំ​នឹង​ទៅ​បម្រើ​ពលរដ្ឋ​ផង​ដែរ។ ខ្ញុំ​មាន​ក្តី​សង្ឃឹម​ជា​និច្ច​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រឡប់​មកវិញ»

របប​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ​ ជា​ស្ថាពរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដោយ​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១១៨រូប។ ប៉ុន្តែ មន្ត្រី​ទាំង​ប្រាំ​រូប​នេះ មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​ទាំង​នោះ នោះ​ឡើយ។ មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ នេះ គឺ​គ្រាន់​តែ​មាន​នៅ​លើ​តែ​ក្រដាស​ប៉ុណ្ណោះ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ជុំវិញ​ការ​ចេញ​ដីកា​ទាំង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក ជិន ម៉ាលីន ធ្លាប់​អះអាង​ថា ចៅក្រម ឬ​ព្រះរាជអាជ្ញា​មាន​ឆន្ទានុសិទ្ធិ​ ក្នុង​ការ​ចេញ​ដីកា​កោះ​ដោយ​ខ្លួន​ឯង។

ក្រោយ​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​ធ្វើ​ដំណើរ​វិល​ទៅ​ស្រុក​ខ្មែរ​វិញ ក្នុង​ឆ្នាំ២០១៩ នេះ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង ដើម្បី​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ពី​ការ​ដឹកនាំ​ផ្ដាច់ការ​សព្វថ្ងៃ មន្ត្រី​របប​លោក ហ៊ុន សែន ​បាន​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ជាប់​ជា​ប្រចាំ។ លោក ហ៊ុន សែន ថែម​ទាំង​គំរាម​ថា នឹង​ជីក​ទាំង​ឫស​រចនាសម្ព័ន្ធ​គណបក្ស​ប្រឆាំង​ ដែល​នៅ​សេសសល់។

ប៉ុន្តែ លោក អេង ឆៃអ៊ាង ថា​ទង្វើ​បែប​នេះ គឺ​ជា​ការ​ភ័យ​ខ្លាច​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ​ ដែល​ខ្លាច​បាត់​បង់​អំណាច ដោយសារ​កម្លាំង​ប្រជាពលរដ្ឋ​ ដែល​នឹង​ក្រោក​តវ៉ា​ប្រឆាំង​នឹង​ការ​បន្ត​ក្រាញ​អំណាច​របស់​លោក​តែ​ប៉ុណ្ណោះ។ ថ្ងៃណាមួយ ការ​ដឹកនាំ​បែបនេះ នឹង​ដល់​ទី​បញ្ចប់៖ «អ្វី​ដែល​របប​លោក​ ហ៊ុន សែន ធ្វើ​នេះ វា​នឹង​មិន​បាន​ជោគជ័យ​ទេ សម្រាប់​មហិច្ឆតា​​ ដើម្បី​បង្ក្រាប​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នយោបាយ។ វា​មាន​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ កាន់​តែ​បរាជ័យ ហើយ​សហគមន៍​ជាតិ និង អន្តរជាតិ​​ គេ​មើល​ឃើញ​កាន់​តែ​ច្បាប់​អំពី​អំពើ​ និង​គំនិត​អាក្រក់​របស់​ខ្លួន​តែ​ប៉ុណ្ណឹង

ក្រោយ​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ របប​លោក ហ៊ុន សែន កំពុង​រង​ទណ្ឌកម្ម និង​សម្ពាធ​ពី​អន្តរជាតិ​ជុំ​ទិស។ សហភាព​អឺរ៉ុប កំពុង​ដំណើរ​ការ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ស្រប​ពេល​ដែល​តំណាង​រាស្ត្រ​អាមេរិក កំពុង​ស្នើ​ច្បាប់​ឲ្យ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ GSP

បើ​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន នៅ​តែ​អាប់អួ​ដូច្នេះ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​បន្ថែម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល