កូន​សកម្មជន​បក្ស​ខេត្ត​រតនគិរី​ថា ការ​ចោទ​របស់​តុលាការ​ថា​ឪពុក​ក្បត់ជាតិ ​ជា​អំពើ​អយុត្តិធម៌​បំផុត

ដោយ សុជីវី
2019-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ ងិន សុផាត (ឆ្វេង) លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​​និង​លោក​ ធឿន ប៊ុនធន ​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩។
លោក​ ងិន សុផាត (ឆ្វេង) លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​​និង​លោក​ ធឿន ប៊ុនធន ​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ គេផ្ដល់ឱ្យ

កូន​ស្រី​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​រតនគិរី ហៅ​ការ​សម្រេច​របស់​តុលាការ​ លើ​ឪពុក​របស់​ខ្លួន​​ថា ជា​រឿង​អយុត្តិធម៌ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ ប្រតិកម្ម​នេះ គឺ​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​រតនគិរី​បាន​សម្រេច​ចោទ​ប្រកាន់ សកម្មជន​គណបក្ស​ប្រឆាំង ២រូប គឺ​លោក ងិន សុផាត និង លោក ធឿន ប៊ុនធន ពី​បទ​រួម​គំនិត​ក្បត់​ជាតិ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

លោក​ស្រី ងិន គង្គា ជា​កូន​ស្រី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​រតនគិរី​ ថ្លែង​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​រតនគិរី លើ​ឪពុក​របស់​លោក​ស្រី គឺ​លោក ងិន សុផាត ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​នោះ គឺ​ជា​អំពើ​អយុត្តិធម៌​បំផុត​ ដើម្បី​បំបែកបំបាក់​គ្រួសារ​របស់​លោក​ស្រី​មិន​ឱ្យ​បាន​សុខ។​

កូន​ស្រី​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៣០ កញ្ញា​ថា ​ឪពុក​របស់​ស្រី​ជា​មនុស្ស​ស្លូតត្រង់​ស្រឡាញ់​ប្រជាធិបតេយ្យ និង​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម គឺ​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ៖ «គាត់​គ្រាន់​តែ​លេង​ហ្វេសប៊ុក​ ហើយ​រាល់​ថ្ងៃ​គាត់​រស់​នៅ​ជុំ​កូន​ធ្វើ​ចម្ការ​គាត់​ចាស់​ហើយ​ទើប​តែ​បាន​ធូរ​ស្រាល​ពី​ជំងឺ​បន្តិច ហើយ​គាត់​លេប​ថ្នាំ​ជា​ប្រចាំ​ ហើយ​ខ្ញុំ​ជូន​ឪពុក​ខ្ញុំ​ទៅ​ពេទ្យ​រហូត។ ខ្ញុំ​សំណូម​ពរ​ឱ្យ​ដល់​លោក​ ហ៊ុន សែន​ ឱ្យ​ជួយ​ដោះលែង​ឪពុក​របស់​ខ្ញុំ​វិញ​ផង​ ក្រុម​គ្រួសារ​ខ្ញុំ​មិន​អាច​អត់​មាន​លោក​ឪពុក​បាន​ទេ​ ហើយ​ម្ដាយ​ខ្ញុំ​គាត់​មាន​ជំងឺ​ ហើយ​គាត់​យំ​រហូត។ ហើយ​បើ​ឪពុក​របស់​ខ្ញុំ​បែប​នេះ​ទៀត​ តើ​គ្រួសារ​ខ្ញុំ​ទៅ​ជា​យ៉ាង»

លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​លោក​ ងិន សុផាត​ និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន ប៊ុនធន ​ត្រូវ​បាន​តុលាការ​​ខេត្ត​រតនគិរី បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ទី២៣ កញ្ញា​កន្លង​ទៅ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​ទី៣០ កញ្ញា​បញ្ជាក់​ថា តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​រួម​គំនិត​ក្បត់ជាតិ។ ការ​ចោទ​ប្រកាន់​នេះ​ដោយសារ​អ្នក​ទាំង២ ​បាន​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ ឃោសនា​គាំទ្រ​ ប្រធាន​​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​ ហើយ​បាន​បង្ហោះ​សារ​ពី​ការ​ប្រមូល​ផ្ដុំ​នេះ​នៅ​ក្នុង​ហ្វេស​ប៊ុក។ ក្រៅ​ពី​នេះ តុលាការ​ខេត្ត​រតនគិរី បាន​ព្រមាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ដូច​គ្នា​នេះ ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​មាន​​ពាក់ព័ន្ធ​គម្រោង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ​(Adhoc) ​លោក នី សុខា​ មាន​ប្រសាសន៍​ថា​ សមាគម អាដហុក នឹង​ស្នើ​សុំ​ទៅ​តុលាការ​ឱ្យ​ជន​ជាប់ឃុំ​រូប​នេះ​​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ កត់​សំគាល់​ថា​ ការ​ចាប់​ខ្លួន​លោក ងិន សុផាត និង​លោក ធឿន ប៊ុនធន គឺ​ជា​រឿង​នយោបាយ ដោយសារ​ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Face book) គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ លោក​ហៅ​ចំណាត់​ការ​របស់​មន្ត្រី​តុលាការ​នេះ​ថា ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៖ «នៅ​ក្នុង​បរិយាកាស​ស្ថានភាព​នយោបាយ​បែប​នេះ​គឺ​យើង​ពិបាក ដែល​អាច​ជួយ​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​។អីចឹង​វា​ទាល់​តែ​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​២​គណបក្ស​ទើប​យើង​សង្ឃឹម​ពួកគាត់​មាន​សេរីភាព​វិញ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី៣០ កញ្ញា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៣០នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ​ចាប់​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ ​ស្រប​ពេល​សកម្មជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល