ជន​ពិការ ភុន យុទ្ធ ដែល​រិះគន់​រដ្ឋាភិបាល បន្ត​ជាប់​ពន្ធនាគារ​ខេត្ត​សៀមរាប​នៅ​ឡើយ ក្រោយ​តុលាការ​សម្រេច​ដោះ​លែង

ដោយ មួង ណារ៉េត
2019-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រពន្ធ និង​កូន​ស្រី​លោក ភុន យុទ្ធ អង្គុយ​រង់ចាំ​លោក ភុន យុទ្ធ នៅ​ខាង​មុខ​ច្រក​ចេញ​ចូល​ពន្ធនាគារ​អស់​ពេល​មួយ​ថ្ងៃ​ទល់​ព្រលប់ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៩។
ប្រពន្ធ និង​កូន​ស្រី​លោក ភុន យុទ្ធ អង្គុយ​រង់ចាំ​លោក ភុន យុទ្ធ នៅ​ខាង​មុខ​ច្រក​ចេញ​ចូល​ពន្ធនាគារ​អស់​ពេល​មួយ​ថ្ងៃ​ទល់​ព្រលប់ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ជន​ពិការ​ជើង​ពី​កំណើត លោក ភុន យុទ្ធ ដែល​រិះគន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មិន​ទាន់​បាន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​សៀមរាប​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​សាលាឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ថ្ងៃ​ទី២៦ ធ្នូ​ហើយ​ក៏​ដោយ។

មន្ត្រី​កាន់​ផ្នែក​សំណុំ​រឿង​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប លោក លឹម សុផល ប្រាប់​អាស៊ី​សេរី ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ធ្នូ​ថា ខាង​ពន្ធនាគារ​នៅ​មិន​ទាន់​ទទួល​បាន​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ជន​ជាប់​ចោទ ឈ្មោះ ភុន យុទ្ធ ពី​អគ្គ​ព្រះរាជអាជ្ញា​នៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ។

ចំណែក អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែង​ថា តាម​នីតិវិធី ប្រសិន​បើ​ចៅក្រម​នៃ​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​មាន​សេរីភាព​ ដោយ​កាត់​តម្រឹម​ទោស​​រួច​រាល់​ហើយ ខាង​​អគ្គ​ព្រះរាជអាជ្ញា​នឹង​ផ្ញើ​ដីកា​បង្គាប់​ឲ្យ​ពន្ធនាគារ ដោះលែង​ជន​ជាប់ចោទ ដោយ​គ្មាន​បង្អង់​ពេល​ឡើយ។

គិត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ខាង​សាច់​ញាតិ មិត្តភ័ក្ដិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​រង់ចាំ​ទទួល​លោក​ ភុន យុទ្ធ នៅ​ខាង​មុខ​ទ្វារ​ពន្ធនាគារ អស់​ពេល​មួយ​ថ្ងៃ​ទល់​ព្រលប់ ឲ្យ​ដឹង​ដូច​គ្នា​ថា លោក ភុន យុទ្ធ ពិត​ជា​នៅ​មិន​ទាន់​បាន​ចេញ​ពី​ពន្ធនាគារ​មែន ព្រោះ​មន្ត្រី​ពន្ធនាគារ​មិន​ទាន់​ទទួល​បាន​ដីកា​ដោះ​លែង។

កាល​ពី​ថ្ងៃ​ទី២៦ ធ្នូ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ អ្នកស្រី យ៉េត​ ម៉ូលីន សម្រេច​ដោះ​លែង​ជន​ពិការ​ឈ្មោះ​ ភុន យុទ្ធ ដោយ​កាត់​តម្រឹម​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹម​ ៥ខែ ៨ថ្ងៃ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ ដោយ​ផ្អែក​លើ​ការ​សារភាព​ទទួល​ស្គាល់​កំហុស​របស់​​ជន​ជាប់​ចោទ និង​តម្រូវ​ការ​ចាំបាច់​របស់​ជន​ជាប់​ចោទ​ ដែល​ទទួល​រ៉ាប់រង​ប្រកប​របរ​ចិញ្ចឹម​បី​ប៉ាច់​កូន​ស្រី​អាយុ ៦ឆ្នាំ និង​ប្រពន្ធ​ពិការ​ដូច​គ្នា។

កាល​​ពី​ចុង​ខែ​តុលា​កន្លង​ទៅ តុលាការ​ខេត្ត​​សៀមរាប បាន​ផ្ដន្ទាទោស​លោក ភុន យុទ្ធ វ័យ ​៣៦ឆ្នាំ ដែល​ជា​ជន​​ពិការ​ជើង​ទាំង​២ តាំង​ពី​កំណើត ឱ្យ​​ជាប់​ពន្ធនាគារ ១៨ខែ​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាថ​ជា​សាធារណៈ”។ ការ​កាត់​ទោស​នេះ គឺ​ដោយសារ​លោក ភុន យុទ្ធ ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ "ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី "និយាយ​រិះគន់​អំពី​ចំណុច​អវិជ្ជមាន របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង៕

(ជនជាតិ​ចិន​ចំនួន ៤នាក់ កំពុង​ដើរ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​សៀមរាប ក្នុង​ចំណោម​អ្នក​ទោស ១០នាក់ ដែល​ត្រូវ​បាន​ដោះ​លែង នៅ​ល្ងាច​​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៩ អត់​ឃើញ​តែ​ជន​ពិការ ភុន យុទ្ធ។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល