អ្នក​ដឹក​នាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា នឹង​មាន​ពលករ​រាប់​ពាន់​នាក់​ចូល​រួម​តវ៉ា​ប្រឆាំង​របប​ក្រុង​ភ្នំពេញ

ដោយ សេក បណ្ឌិត
2019-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

មេដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​របស់​ខ្លួន​បាន​ចុះ​ជួប​ពលករ​នៅ​តាម​តំបន់​នានា នៃ​ប្រទេស​ប្រទេស​កូរ៉េ ​ដើម្បី​កៀរគរ​កម្លាំង​រួម​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​ក្រុង​ភ្នំពេញ។ អ្នក​ដឹក​នាំ​បាតុកម្ម អះអាង​ថា មក​ដល់​ពេលនេះ នឹង​មាន​បាតុករ​ពី ៣ពាន់ ទៅ ៥ពាន់​នាក់​ចូលរួម​ក្នុង​ការ​ទាមទារ​តវ៉ា​នេះ។

អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុម​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រាប់​ពាន់​នាក់ គ្រោង​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​នា​ពេល​ខាងមុខនេះ ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របប​ក្រុង​ភ្នំពេញ​ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា ទង្វើ​ដែល​របប​ក្រុង​ភ្នំពេញ​កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ​នេះ មិន​អាច​បិទ​បាំង​ការ​ពិត​បាន​ឡើយ៖ «ទទួល​បាន​ទិន្នន័យ ដែល​ពួក​គាត់​អាច​ចូលរួម​ពី ៣.០០០​ទៅ ៥.០០០នាក់ នេះ​ជា​ជំហាន​ចុង​ក្រោយ ដែល​ពលរដ្ឋ​នៅ​ប្រទេស​កូរ៉េ ជា​ពិសេស គឺ​យុវជន​ហ្នឹង ដែល​គាត់​ប្ដេជ្ញា​ចិត្ត​ថា ពួក​គេ​ត្រូវ​ក្រោក​ឈរ»

លោក ម៉ាត់ វណ្ណនី រំពឹង​ថា សម្រែក​នៃ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​លើក​នេះ នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​ជួយ​អន្តរាគមន៍​តាម​រយៈ​យន្តការ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣តុលា។ លោក​យល់​ថា ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដូច​សព្វថ្ងៃ​នេះ ក្រុម​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ទុក​ឲ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង​ទៀត​ទេ៖ «ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ មិន​ត្រឹម​តែ​ប៉ះ​ពាល់​តែ​ពលរដ្ឋ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ប៉ះ​ពាល់​សន្តិសុខ​នៅ​ក្នុង​តំបន់ អ៊ីចឹង​ទោះ​ចង់​មិន​ចង់​សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការ​សហប្រជាជាតិ​ហ្នឹង​គាត់​នឹង​អន្តរាគមន៍»

បាតុកម្ម​ដែល​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​គ្រោង​ធ្វើ​ថ្ងៃ​ទី២០ ខែ​តុលាការ​ខាង​មុខ​ដឹក​នាំ​ដោយ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ គោល​បំណង​នៃ​បាតុកម្ម​នេះ​ គឺ​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​បញ្ចប់​ជម្លោះ​នយោបាយ​សព្វថ្ងៃ និង​ជួយ​សម្របសម្រួល ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា នេះ​ជា​បាតុកម្ម​ខុស​ច្បាប់ ទោះ​ជា​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ប្រទេស​កូរ៉េ​ក៏​ដោយ។ លោក​ចាត់​ទុក​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ជា​ការ​រំលោភ​កិច្ច​សន្យា​ការងារ និង​គោល​ការណ៍​នៃ​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស៖ «បើ​អ្នក​ឯង​ប្រឆាំង​រាជរដ្ឋាភិបាល ដែល​ជា​អ្នក​រក​ទីផ្សារ ដែល​ការងារ​ឲ្យ​អ្នក​ឯង​ធ្វើ​ការងារ បើ​អ្នក​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​បាន​ន័យ​ថា អ្នក​ឯង​បាន​សេចក្ដី​អ្នក​ឯង​មិន​ទទួល​ស្គាល់​រាជ​រដ្ឋាភិបាល​អ៊ីចឹង​មាន​តែ​មក​ស្រុក​វិញ»

ពលករ​ម្នាក់​លោក ភន ផាន់ណា ដែល​គ្រោង​ធ្វើ​បាតុកម្ម​នេះ និយាយ​ថា យុទ្ធសាស្ត្រ​គំរាម​កំហែង​របស់​របប​ក្រុង​ភ្នំពេញ​នេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ព្រោះ​លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យល់​ពី​សិទ្ធិ និង​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ច្បាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង​អនុញ្ញាត​ឱ្យ​​ពួក​លោក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​គ្មាន​អ្វី​ត្រូវ​ខុសច្បាប់​ដូច​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​នោះ​ឡើយ៖ «ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​យ៉ាង​ណា ប៉ុន្តែ​យើង​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​អត់​ខ្លាច​ទេ កាន់​តែ​គំរាម​កំហែង គឺ​កាន់​តែ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន»

អ្នក​នាំ​ពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី ឲ្យ​ដឹង​ថា ក្រុម​ការងារ​លោក​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រួច​ហើយ​ជុំ​វិញ​គម្រោង​ធ្វើ​បាតុកម្ម​នេះ។ អ្នកនាំពាក្យ​បាតុកម្ម​រូប​នេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចូលរួម​ការ​ទាមទារ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ទាញ​លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល