ក្រសួង​ការពារ​ជាតិ​ប្រាប់​ក្រុម​នាយទាហាន កុំ​ភ្ញាក់ផ្អើល​ចំពោះ​ផែនការ​កែទម្រង់​ឋានន្តរសក្ដិ

ដោយ ហេង រស្មី
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក នាង ផាត ក្នុង​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២។
រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក នាង ផាត ក្នុង​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA

ក្រសួង​ការពារជាតិ​អះអាង​ថា នឹង​មិន​មាន​ការ​កាត់ ឬ​ទម្លាក់​សក្ដិ​មន្ត្រី​យោធា​ជាន់ខ្ពស់​នោះ​ឡើយ។ ការ​បកស្រាយ​នេះ បន្ទាប់ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​កែទម្រង់​ជួរ​កងទ័ព ដោយ​ចង់​រក្សាទុក​នាយ​ឧត្ដមសេនីយ៍​តែ​ពីរ​រូប ហើយ​មន្ត្រី​ជាន់ខ្ពស់​យោធា​ដទៃ​ទៀត អាច​ត្រូវ​បន្ថយ​ឋានន្តរសក្ដិ​ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​តួនាទី។

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក នាង ផាត ដែល​ជា​តំណាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ច្រានចោល​ការ​លើកឡើង​ដែល​ថា ក្រសួង​គ្រោង​នឹង​ទម្លាក់​ឋានន្តរសក្ដិ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​កងទ័ព​។ លោក​ស្នើ​ឱ្យ​នាយទាហាន​ទាំងអស់ កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​មិន​ពិត​នេះ ព្រោះ​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​កែទម្រង់​ឋានន្តរសក្ដិ​មន្ត្រី​យោធា។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​០២ ឧសភា បន្ទាប់​ពី​លោក នាង ផាត បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​ក្រសួង​ការពារ​ជាតិ។

លោក ឈុំ សុជាត បាន​ស្រង់​សម្ដី​លោក នាង ផាត ឱ្យ​ដឹង​ទៀត​ថា ការកែទម្រង់​ឋានន្តរសក្ដិ​នេះ ត្រូវ​ធ្វើ​ឡើងជា​ជំហាន និង​ជា​យុទ្ធសាស្ត្រ​យូរអង្វែង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ និង​ការ​បញ្ជា ព្រមទាំង​ការ​កសាង​កងទ័ព​ដែល​មាន​គុណភាព ស្របតាម​ការ​វិវឌ្ឍ​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ។ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការ​ចាប់​អនុវត្ត​កំណែទម្រង់​ឋានន្តរសក្ដិ​មន្ត្រី​យោធា​នេះ​ឡើយ។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​លោក ឈុំ សុជាត ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​ដែរ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​ចង់​បន្ថយ​ចំនួន​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ឱ្យ​នៅ​សល់​តែ​ពីរ​នាក់ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​អគ្គ​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ខណៈ​កម្ពុជា​មាន​មេទ័ព​ផ្កាយ​៤ រាប់​សិប​នាក់ ទាំង​ក្នុង​ជួរ​ទ័ព​ប្រយុទ្ធ និង​ទ័ព​បម្រើ​។ ក្រៅ​ពី​នេះ លោក​ក៏​ចង់​ឱ្យ​មាន​ការ​បន្ថយ​ចំនួន​ឧត្ដមសេនីយ៍​ផ្កាយ​៣ ផ្កាយ​២ និង​ផ្កាយ​១ ឱ្យ​សម​មាត្រ​ទៅ​នឹង​តួនាទី​ជាក់ស្ដែង​របស់​ពួកគេ​ផង​ដែរ ហើយ​ជាពិសេស​លោក​បាន​អះអាង​ថា លោក​នឹង​ទប់ស្កាត់​មិន​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឡើង​តំណែង​ដល់​ផ្កាយ​៤ នោះ​ឡើយ។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា នេះ​ជា​ការ​កែទម្រង់​ជួរ​កងទ័ព ដើម្បី​កុំ​ឱ្យ​មាន​អតិផរណា​ឋានន្តរសក្ដិ​មន្ត្រី​យោធា​។ បុរស​ខ្លាំង​រូបនេះ ក៏​ចង់​ដាក់​ចេញ​កំណែទម្រង់​របៀប​នេះ​ក្នុង​ជួរ​ប៉ូលិស​ជាតិ​ផង​ដែរ៖ «ខ្ញុំ​គាំទ្រ​អំពី​កុំ​ឱ្យ (​ហ៊ុន ម៉ាណែត) ឡើង​ផ្កាយ​៤ ឱ្យ​សោះ គឺ​ឡើង​ត្រឹមតែ​ផ្កាយ​៣ បាន​ហើយ ហើយ​ថ្ងៃក្រោយ​អាច​ថា អនាគត​ទុក​តែ​ផ្កាយ​៤ ពីរ​ទេ គឺ​ទុក​ផ្កាយ​៤ ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​មួយ និង​អគ្គបញ្ជាការ​កងទ័ព​មួយ​បាន​ហើយ​។ ហើយ​ក្រៅពីនោះ គឺ​ពាក់​ផ្កាយ​៣ ទាំងអស់»

កំណែទម្រង់​ដែល​លោក ហ៊ុន សែន ចង់​ធ្វើ​នេះ ហាក់​ផ្ដល់​ប្រយោជន៍​ខ្លាំង​ដល់​អំណាច​របស់​លោក ព្រោះ​បច្ចុប្បន្ន កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត គឺជា​ឧត្តមសេនីយ៍​ផ្កាយ​៣ កំពុង​ក្ដាប់​ទ័ពជើង​គោក ដែល​ជា​អង្គភាព​ទ័ព​មានអំណាច​ជាងគេ​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ជា​ជនភៀសខ្លួន ថ្លែង​ថា កំណែទម្រង់​ពិតប្រាកដ ត្រូវ​ផ្ដោត​លើ​ការ​ធ្វើ​ទំនើបកម្ម​កងទ័ព និង​ធ្វើ​ឱ្យ​កងទ័ព​មាន​អព្យាក្រឹត្យ​ភាព​ពិតប្រាកដ មិនមែន​ត្រឹមតែ​ជា​ការ​ផ្លាស់ប្ដូរ​ឋានន្តរសក្ដិ​នោះ​ទេ។ លោក​ជឿជាក់​ថា មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​មិន​តិច​នាក់​ឡើយ ដែល​មិន​គាំទ្រ​គំនិត​កែទម្រង់​នេះ ព្រោះ​ពួកគេ​អាច​យល់​ច្បាស់​ថា អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ គឺ​ដើម្បី​រៀបចំ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក​ឡើង​ទៅ​កាន់​តួនាទី​ជា​អគ្គ​មេបញ្ជាការ​កងទ័ព។

លោក​បន្តថា ហេតុដូច្នេះ​ទើប​បានជា​លោក ហ៊ុន សែន ឱ្យ​ក្រសួងការពារជាតិ​ចេញមុខ​ប្រកាស​បែបនេះ ដើម្បី​សម្រួល​ទឹកចិត្ត​មន្ត្រី​យោធា​ជាន់ខ្ពស់​ទាំងនោះ​វិញ​។ ក៏ប៉ុន្តែ លោក​យល់ថា លោក ហ៊ុន សែន នឹង​មិន​បោះបង់ចោល​បំណង​នេះ​ឡើយ គ្រាន់តែ​ប្ដូរ​យុទ្ធសាស្ត្រ​ធ្វើ​រឿង​នេះ ដោយ​សន្សឹមៗ​វិញ​ប៉ុណ្ណោះ៖ «អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ គាត់​ដឹង​អំពី​ប្រតិកម្ម​ថា កងទ័ព​ទាំងអស់​នោះ មាន​ចំនួន​ភាគច្រើន​លើសលប់ មិន​ស្ដាប់​តាម​ផែនការ​របស់​គាត់​ទេ​។ ម្ល៉ោះហើយ​ទើប​គាត់​ដកថយ​ទៅវិញ ហើយ​ងាក​ទៅ​រក​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការដែល​គាត់​អាច​ពង្រឹងកម្លាំង​សក្ដានុពល​របស់​គាត់ តាម​វិធី​របស់​គាត់​ដូចជា អាច​កម្ចាត់ ឬ​សង្កត់​ក្រុម​ទាំងឡាយ​ណា​ដែល​គាត់​អាច​ធ្វើ​បាន​សិន ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន»

អ្នកវិភាគ​រូប​នេះ ជឿជាក់​ថា ក្នុង​ជួរ​កងទ័ព ក៏បាន​អ្នក​នាយទាហាន​ខ្លះ ចង់​ឱ្យ​កងទ័ព​មាន​ឯករាជ្យ​ពិតប្រាកដ ដាច់​ចេញ​ពី​លោក ហ៊ុន សែន ផង​ដែរ​។ លោក​រំឭក​ដល់​ក្រុម​នាយ​ទាហាន​ជាន់ខ្ពស់​ទាំង​នោះ ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រតិបត្តិការ​អំណាច​និយម​របស់​លោក ហ៊ុន សែន ព្រោះ​ពួកគេ​ក៏​អាច​ក្លាយ​ជា​ជនរងគ្រោះ​នៃ​នយោបាយ​នេះ​ដែរ​។ លោក​បន្ថែម​ថា អ្វី​ដែល​មេទ័ព​កំពូលៗ​ត្រូវ​ធ្វើ​នោះ គឺ​លើក​តម្កើង​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ក្នុង​កិច្ច​ការពារ​ជាតិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល