កូន​សកម្មជន​បក្ស​ឆាំង​នៅ​ខេត្ត​រតនគិរី​រក​កិច្ច​អន្តរាគមន៍​ពី អាដហុក ស្នើសុំ​មេធាវី​ការពារ​ក្ដី​ជូន​ឪពុក

ដោយ អាស៊ីសេរី
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ ងិន សុផាត (ឆ្វេង) លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​​និង​លោក​ ធឿន ប៊ុនធន ​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩។
លោក​ ងិន សុផាត (ឆ្វេង) លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​​និង​លោក​ ធឿន ប៊ុនធន ​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ គេផ្ដល់ឱ្យ

កូន​ស្រី​របស់​សកម្មជន​បក្ស​ប្រឆាំង​​នៅ​ខេត្ត​រតនគិរី​ នៅ​រសៀល​ថ្ងៃ​ទី២៦ កញ្ញា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ឱ្យ​ជួយ​ផ្ដល់​មេធាវី​​ការពារ​ក្ដី​ដល់​ឪពុក​របស់​ខ្លួន​ ដើម្បី​ដំណើរ​ការ​ក្ដី​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ កូន​ស្រី​សកម្មជន​រូប​នេះ​អះអាង​ថា តុលាការ​ចាប់​ឪពុក​របស់​លោក​ស្រី​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​បំផុត​ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

កូន​ស្រី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​រតនគិរី​ ថ្លែង​ថា ការ​ដែល​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី ឃុំ​ខ្លួន​ឪពុក​របស់​លោក​ស្រី គឺ​លោក ងិន សុផាត ក្នុង​ពន្ធនាគារ​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​នោះ ជា​អំពើ​អយុត្តិធម៌​បំផុត​ ដើម្បី​បំបែកបំបាក់​គ្រួសារ​របស់​លោក​ស្រី​មិន​ឱ្យ​បាន​សុខ។​

កូន​ស្រី​មន្ត្រី​គណបក្ស​រូប​នេះ គឺ​លោក​ស្រី ងិន គង្គា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៦ កញ្ញា​ថា លោក​ស្រី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​ខេត្ត​រតនគិរី​រួច​ហើយ​ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដើម្បី​ឱ្យ​ជួយ​ផ្ដល់​មេធាវី​ការពារ​ក្ដី​ដល់​ឪពុក​របស់​លោក​ស្រី​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ លោកស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ស្រី​ស្នើ​សុំ​មេធាវី ដោយសារ​គ្រួសារ​ក្រីក្រ​របស់​ខ្លួន​ គឺ​គ្មាន​ប្រាក់​ជួល​មេធាវី​ឯកជន​ដើរ​ក្ដីក្ដាំ​លើ​សំណុំ​រឿង​នេះ​ឡើយ៖ «បារម្ភ​ខ្លាច​ឪពុក​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ​ ព្រោះ​គាត់​មាន​ជំងឺ​លើស​ឈាម​ហូប​ប្រៃ​ក៏​មិន​បាន​ ណា​មួយ​ខ្លាច​គាត់​ពិបាក​ចិត្ត​នៅ​ក្នុង​ពន្ធនាគារ។ បើ​និយាយ​ពី​ខ្ញុំ​វិញ​ ដូច​មនុស្ស​ឆ្កូត​រក​ធ្វើ​អី​មិន​ត្រូវ​ទេ បើ​ម្ដាយ​របស់​ខ្ញុំ​យំ​ទាំង​យប់​ទាំង​ថ្ងៃ​ឱ្យ​តែ​គាត់​ឃើញ​សំលៀក​បំពាក់​​ឪពុក​ខ្ញុំ»

លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​លោក​ ងិន សុផាត​ និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន ប៊ុនធន ​ត្រូវ​បាន​តុលាការ​​ខេត្ត​រតនគិរី បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ទី២៣ កញ្ញា ដោយ​ជាប់​ចោទ ពី​បទ​រួម​គំនិត​ក្បត់ជាតិ។

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី​លោក កែវ ពិសុទ្ធ​ ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ ងិន សុផាត និង​លោក ធឿន ប៊ុនធន​ ពី​បទ​រួម​គំនិត​ក្បត់ជាតិ ដោយសារ​អ្នក​ទាំង​២ បង្ហោះ​សារ​នៅ​ក្នុង​ហ្វេស​ប៊ុក​ពាក់ព័ន្ធ​​នឹង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី នៅ​ពេល​ខាង​មុខ៖ «បើ​តាម​តំណាង​ខាង​ខ្ញុំ​ប្រាប់​មក គឺ​គាត់​​អត់​មាន​មេធាវី​ការ​ពារ​ក្ដី​នៅ​ឡើយ​ទេ។ បាទ! បើ​សិន​ជា​តុលាការ​រក​ថា គាត់​អត់​មាន​កំហុស​ក្នុង​រឿង​នេះ​ទេ​ គឺ​តុលាការ​នឹង​ដោះ​លែង​គាត់​វិញ ព្រោះ​ផ្លូវ​ច្បាប់​គេ​កំណត់​អីចឹង​ អ្នក​ដែល​មិន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស គឺ​ត្រូវ​រួច​ខ្លួន ឬ​រួច​ផុត​ពី​បទ​ចោទ»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ​លោក នី សុខា​ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​នឹង​ប្រឹងប្រែង​រក​មេធាវី​ជួយ​ការពារ​ក្ដី​ដល់​សកម្មជន​បក្ស​រូប​នេះ​តាម​ការ​ស្នើ​សុំ​ ដើម្បី​ជួយ​ការពារ​ផ្លូវ​ច្បាប់​ដល់​ជន​ជាប់​ឃុំ។ លោក​បន្ត​ថា​ សមាគម ​អាដហុក ​ក៏​នឹង​​ស្នើ​សុំ​ទៅ​តុលាការ​ឱ្យ​ជន​សង្ស័យ​រូប​នេះ​​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដែរ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ កត់​សំគាល់​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​រឿង​នយោបាយ ដោយសារ​ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ​(Face book)​ គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ លោក​ហៅ​ចំណាត់​ការ​របស់​មន្ត្រី​តុលាការ​នេះ​ថា ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៖ «នៅ​ក្នុង​បរិយាកាស​ស្ថានភាព​នយោបាយ​បែប​នេះ គឺ​យើង​ពិបាក ដែល​អាច​ជួយ​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ អីចឹង​ វា​ទាល់​តែ​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា រវាង​គណបក្ស​នយោបាយ​ទាំង ២គណបក្ស ទើប​យើង​សង្ឃឹម​ពួក​គាត់​មាន​សេរីភាព​វិញ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២៩​នាក់​ហើយ​ ដែល​ត្រូវ​របប​លោក​ ហ៊ុន សែន ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ អាជ្ញាធរ​របប​នេះ ក៏​បាន​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៥៨នាក់ ទៅ​សាកសួរ។ រីឯ​សកម្មជន​ច្រើន​នាក់​ទៀត បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល