គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​នឹង​សាកសួរ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា

ដោយ​ សុ ជីវី
2016-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម (កណ្ដាល) និង​មន្ត្រី​អ្នកមុខអ្នកការ​មួយ​ចំនួន​ទៀត នាំ​គ្នា​ដង្ហែ​ព្រះ​សារីរិកធាតុ​យក​ទៅ​តម្កល់​នៅ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ហៅ​ឧត្តុង្គ ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម (កណ្ដាល) និង​មន្ត្រី​អ្នកមុខអ្នកការ​មួយ​ចំនួន​ទៀត នាំ​គ្នា​ដង្ហែ​ព្រះ​សារីរិកធាតុ​យក​ទៅ​តម្កល់​នៅ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ហៅ​ឧត្តុង្គ ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Phann Yasy

គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា នឹង​សាកសួរ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា នៅ​រសៀល​ថ្ងៃ ទី​១០ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ។

លិខិត​អញ្ជើញ​មួយ​ចេញ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ បញ្ជាក់​ថា គណៈកម្មការ​នេះ​នឹង​ស្ដាប់​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា គឺ​លោក ហ៊ឹម ឆែម និង​សហការី។

លិខិត​ដែល​អញ្ជើញ​សមាជិក សមាជិកា​គណៈកម្មការ​ទី​៧​នេះ​បញ្ជាក់​ថា តំណាង​មក​ពី​ក្រសួង​ធម្មការ និង​សាសនា នឹង​ទៅ​បំភ្លឺ​នៅ​សភា ពាក់​ព័ន្ធ​នឹង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិក​សកលវិទ្យាល័យ និង​សហ​លក្ខន្តិកៈ​មន្ត្រី​សង្ឃ។

បើ​ទោះ​ជា​មាន​លិខិត​អញ្ជើញ​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​លិខិត​ដែល​ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​បាន​ជូន​ដំណឹង​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​លើក​ឡើង​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទទួល​សំណើ​របស់​អ្នក​តំណាងរាស្ត្រ​រួច​ហើយ និង​កំពុង​ចាត់ចែង​តាម​នីតិវិធី។

កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចារ​បញ្ជូន​លិខិត​របស់​ប្រធាន​គណៈកម្មការ​ទី​៧ លោក យ៉ែម បុញ្ញឫទ្ធិ ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចំពោះ​សំណើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា អោយ​ចូល​ទៅ​បំភ្លឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល