គណបក្ស​កាន់​​អំណាច​ប្រារព្ធ​ខួប​៦៨​ឆ្នាំ នៃ​​ថ្ងៃ​​​បង្កើត​​បក្ស​​ប្រជាជន​បដិវត្ត​ខ្មែរ

ដោយ សុ ជីវី
2019-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹកនាំ​របបក្រុង​ភ្នំពេញ និង​ជាប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ខួប ៦៨​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។
មេដឹកនាំ​របបក្រុង​ភ្នំពេញ និង​ជាប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ខួប ៦៨​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

គណបក្ស​កាន់​អំណាច ប្រារព្ធ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បក្ស​​ប្រជាជន​បដិវត្ត​ខ្មែរ ដែល​ជា​ឈ្មោះ​ដើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​ថា ​រយៈ​ពេល​​ ៦៨​ឆ្នាំ  វត្តមាន​របស់​​គណបក្ស​កាន់​អំណាច​បាន​ខិត​ខំ​ជម្នះ​ និង​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​អភិវឌ្ឍន៍ និង​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។ ប៉ុន្តែ​​មេដឹកនាំ​​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា បក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​ដើម​គឺ​ ​បក្ស​កុម្មុយនិស្ត​ខ្មែរ បង្កើត​ដោយ​មេ​ដឹក​នាំ​វៀតណាម និង​ ថា ៦៨​ឆ្នាំ​មក​នេះ គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​គ្រប់​វិស័យ។

លោក ហ៊ុន សែន លើក​ឡើង​ក្នុង​ខួប​៦៨​ឆ្នាំ​​​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា នៅ​កោះពេជ្រ​ ថា តាំង​ពី​កកើត​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ នៅ​ឆ្នាំ​១៩៥១​មក​ គណបក្ស​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគ​ស្មាញ​ជាច្រើន ដូចជា ការ​ដឹកនាំ​កម្លាំង​តស៊ូ​​ ដណ្ដើម​ឯករាជ្យ​ពី​អាណានិគម​បារាំង។ នៅ​ឆ្នាំ​១៩៧០​ ដល់​៧៥ បក្ស​នេះ បាន​ដឹកនាំ​កម្លាំង​តស៊ូ​នឹង​ការ​ឈ្លានពាន​របស់​បរទេស បន្ទាប់​មក​បាន​ប្រយុទ្ធ​ប្រឆាំង​វាយ​រំលំ​របប ប៉ុល ពត កសាង​ជាតិ​ឡើង​វិញ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧ ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​ការ​ទប់​ស្កាត់​បាន​ជោគជ័យ​នូវ​ចលនា​បដិវត្តន៍​គ្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក ហ៊ុន សែន អះអាង​ទៀត​ថា គឺ​គណបក្ស​​ប្រជាជន​កម្ពុជា​ បាន​កសាង​ប្រទេស​ឡើង​វិញ ក្រោយ​ឆ្នាំ​១៩៧៩ បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក ប្រមូល​កម្លាំង​ស្នេហា​ជាតិ ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ មិន​ប្រកាន់​ឋានៈ វណ្ណៈ​ សង្គម អតីតកាល និង​បង្កើត​ពាក្យ​ស្លោក អភិក្រម​​៥​យ៉ាង​ សម្រាប់​កែ​ទម្រង់​មុត​ស្រួច​ជាដើម៖ «៦៨​ឆ្នាំ កន្លង​​ទៅ​នេះ ទោះ​បី​ត្រូវ​ប្រឈម​បញ្ហា​ដ៏​ស្មុគស្មាញ​បំផុត នៃ​សភាព​ការណ៍​ជាតិ និង​សភាព​ការណ៍​អន្តរជាតិ​​ យ៉ាង​ណា​ក្ដី ក៏​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្ថិត​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ហើយ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំង​មូល ដែល​មាន​ឧត្ដម​គតិ​ស្នេហា​ជាតិ យុទ្ធភូមិ ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​​មិន​ប្រកាន់​ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា ការពារ​សមិទ្ធផល​សង្គម​​ជាតិ និង​ការពារ​ប្រទេស​កម្ពុជា​មួយ ឯករាជ្យ​ សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនៈ​ភាព​សង្គម»

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា មីទីង​ខួប​ទី​៦៨​នៃ​ថ្ងៃ​កំណើត​បក្ស មាន​មនុស្ស​ប៉ុន្មាន​ចូល​រួម​ទេ ប៉ុន្តែ​​ប្រព័ន្ធ​ឃោសនា​ស្និត​របប​ក្រុង​ភ្នំពេញ (Fresh News) ចុះ​ផ្សាយ​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច លោក ឈឹម ផលវរុណ ថា ​ពិធី​អបអរ​សាទរ​ថ្ងៃ​កំណើត​បក្ស​​ មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ៨ ទៅ​១០​ម៉ឺន​នាក់។ ទោះ​យ៉ាង​ណា ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុង​ភ្នំពេញ​​ដដែល​មិន​បាន​បញ្ជាក់​ថា អ្នក​ចូលរួម​ទទួល​បាន​លុយ​ ឬ​អត់​ទេ ខណៈ​កោះពេជ្រ​ទាំង​មូល ​ត្រូវ​ហាម​មិន​ឲ្យ​​ពលរដ្ឋ ​ផ្សេង​ទៀត បាន​​ចូល​ឡើយ ក្នុង​ពេល​បក្ស​កាន់​អំណាច​កំពុង​ប្រារព្ធ​ពិធី។

ក្នុង​សុន្ទរកថា លោក ហ៊ុន សែន អះអាង​ជា​ថ្មី ​ថា របប​លោក នឹង​មិន​​ខ្វល់​នឹង​ការ​​​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ឡើយ។

អ្នក​​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី យល់​ថា សារ​លើក​បង្អួត​ពី​ស្នាដៃ​​របស់​​គណបក្ស​កាន់​អំណាច គ្រាន់​តែ​ជា​សារ​​នយោបាយ​ធម្មតា ដែល​គណបក្ស​នីមួយៗ លើក​ជា​អំនួត​អួត​ប្រាប់​ពលរដ្ឋ​ ក្នុង​ន័យ​នយោបាយ។ លោក មាស នី យល់​ថា សារ​នយោបាយ​នេះ អាច​ទាញ​ចំណាប់​អារម្មណ៍​បាន​ តែ​ក្រុម​អ្នក​មាន​និន្នាការ​នយោបាយ​មួយ​ចំនួន​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​អាច​ទាក់​ទាញ​ប្រជាប្រិយភាព ឬ​ចំណាប់​អារម្មណ៍ ពី​អ្នក​​ចេះ​ដឹង​ប្រវត្តិ​សាស្ត្រ​បាន​ឡើយ ព្រោះ​គណបក្ស​កាន់​អំណាច​មាន​ប្រភព​មក​ពី​បក្ស​កុំមុយនិស​ឥណ្ឌូ​ចិន ហើយ​ត្រូវ​បាន​មេដឹកនាំ​វៀតណាម​រក្សា​ទុក​រហូត​មក​ ទើប​បញ្ចេញ​ ប្រឡូក​ក្នុង​ឆាក​នយោបាយ​កម្ពុជា​វិញ នៅ​កំឡុង​ឆ្នាំ​១៩៧៥​ ដល់​សព្វ​ថ្ងៃ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​យើង​គ្រាន់​តែ​និយាយ​ពី​សារ​ហ្នឹង វា​អាច​សម្រាប់​ពលរដ្ឋ​ខ្លះ ពិសេស​យុវជន ដែល​គាត់​មិន​បាន​ដឹង​អំពើ​ប្រវត្តិ​សាស្ត្រ ច្បាស់​លាស់ អាច​ពីរោះ​​ស្ដាប់​សម្រាប់​ពួកគាត់។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គេ​ស្គាល់​ប្រវត្តិសាស្ត្រ​ច្បាស់ ហើយ​នឹង​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​ច្បាស់ ពិសេស​គឺ​អ្នក​និយម មិន​ពេញ​ចិត្ត​នឹង​វៀតណាម គេ​នឹង​អាច​មាន​ការ​រិះគន់ ព្រោះ​សម្រាប់​អ្នក​ដែល​គេ​ដឹង​ពី​ប្រវត្តិសាស្ត្រ គេ​ដឹង​ថា គណបក្ស​ប្រជាជន​ចេញ​ពី​ណា​មក​ គេ​ដឹង»

អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស ទទួល​ស្គាល់​ថា គណបក្ស​កាន់​អំណាច​មាន​ស្នាដៃ​ច្រើន ក្នុង​ការ​ជួយ​ជាតិ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​​កន្លង​មក។ ប៉ុន្តែ គណបក្ស​នេះ បាន​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ ដ៏​ចម្រូង​ចម្រាស់ នៅ​ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​រង​ការ​រិះគន់​ថា មិន​គោរព​លទ្ធិ​ប្រជាធិបតេយ្យ។ លោក កន សាវាង្ស ថា បើ​ទោះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ស្នាដៃ​បែប​ណា​ក៏​ដោយ ប៉ុន្តែ​មិន​មែន​គណបក្ស​កាន់​អំណាច​តែ​មួយ​ អាច​ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន​ទេ​ព្រោះ​កន្លងមក​ មាន​ភាគី​ខ្មែរ​ច្រើន​ផ្សេង​ទៀត បាន​រួម​ចំណែក​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​កសាង​លទ្ធិ​ប្រជាធិបតេយ្យ៖ «ស្នាដៃ ៧​មករា គឺ​ថា គណបក្ស​ប្រជាជន​មាន​ហើយ​។ ប៉ុន្តែ​ក្រោយ​មក​ទៀត មិន​មែន​មាន​តែ​គណបក្ស​ប្រជាជន​តែ​ឯង​ទេ។ វា​មាន​​ការ​ចូល​រួម​អំពី​គណបក្ស​ផ្សេង​ៗ​ទៀត។ យើង​ឃើញ​ហើយ ឆ្នាំ​១៩៩៣ ក្រោយ​ពី​ការ​បោះឆ្នោត​មក​ មាន​គ្រប់​ភាគី។ មាន​ភាគី​ជា​ច្រើន ខាង​គណបក្ស​លោក​តា សឺន សាន ក៏​ជា​ក្រុម​ចលនា​តស៊ូ​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ»

ចំណែក​មេដឹកនាំ​គណបក្ស​ប្រឆាំង​វិញ លោក សម រង្ស៊ី អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​មិន​មែន​ជា​អ្នក​កសាង​ ឬ​អភិវឌ្ឍន៍​ជាតិ​ទេ គឺ​ផ្ទុយ​ទៅ​វិញ គណបក្ស​កាន់​អំណាច ​​​និង លោក ហ៊ុន សែន ជា​អ្នក​កាត់​ទឹកដី​ឲ្យ​ប្រទេស​វៀតណាម ​កម្ទេច​លទ្ធិ​ប្រជាធិបតេយ្យ និង​បំផ្លាញ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល