អ្នកវិភាគ​ថា តុលាការ​កំពុង​បន្ថែម​សម្ពាធ​លើ​លោក សម រង្ស៊ី ដោយសារ​ការ​ប្រកាស​ចូល​ស្រុក​វិញ

ដោយ សេក បណ្ឌិត
2019-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ក្រុងភ្នំពេញ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
តុលាការ​ក្រុងភ្នំពេញ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
RFA

តុលាការ​របប​ក្រុង​ភ្នំពេញ បាន​ជូន​ដំណឹង​ស្ដីពី​ការ​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង​ថ្មី​មួយ​ទៀត លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី២៦ ខែ​សីហា។ អ្នក​វិភាគ​យល់​ថា ករណី​នេះ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ គឺ​តុលាការ​កំពុង​តែ​បង្កើន​សម្ពាធ​លើ​លោក សម រង្ស៊ី ដោយ​សារ​តែ​លោក​ប្រកាស​វិល​ចូល​ស្រុក​វិញ។

ស្រប​ពេល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នោះ តុលាការ​របប​លោក ហ៊ុន សែន បាន​បង្កើន​សម្ពាធ​លើ​លោក សម រង្ស៊ី ជាបន្តបន្ទាប់។ សមត្ថកិច្ច​មួយ​ក្រុម បាន​យក​លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក កូយ សៅ ទៅ​បិទ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៦ សីហា ដើម្បី​បញ្ជាក់​អំពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​សួរ ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ករណី​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក កែវ សុធា បាន​ទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា​ក្តី ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​ផ្សាយ​ថា ក្នុង​សំណុំ​រឿង​នេះ ជន​ត្រូវ​ចោទ​មាន ៤នាក់ ក្នុង​នោះ​មាន លោក សម រង្ស៊ី និង​មន្ត្រី រួម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់​ទៀត គឺ​លោក ហូ វ៉ាន់ លោក កាក់ កុម្ភារ និង​លោក គង់ ម៉ាស់។ របប​ក្រុង​ភ្នំពេញ បាន​ចាប់​ឃុំ​ខ្លួន​លោក គង់ ម៉ាស់ ជាង ៨ខែ​ហើយ ចំណែក​លោក សម រង្ស៊ី លោក ហូ វ៉ាន់ និង​លោក កាក់ កុម្ភារ កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

អ្នក​តាម​ដាន​បញ្ហា​សង្គម និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា ករណី​នេះ មិន មែន​ជា​រឿង​ចម្លែក​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​កំពុង​ព្រួយបារម្ភ អំពី​ការ​ប្រកាស​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ លោក យល់ថា ​រដ្ឋាភិបាល កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​រារាំង​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ប៉ុន្តែ​លោក​ជឿ​ថា វា​នឹង​មិន​បាន​ផល​អ្វី​ឡើយ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល មាន​ឈ្មោះ​អាក្រក់ ក្នុង​ការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ជ្រុល​ហួសហេតុ៖ «យ៉ាង​ម៉េច​ក៏​ដោយ​គឺ​រដ្ឋាភិបាល មិន​ចង់​ឃើញ​វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ។យើង​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​គាំទ្រ សឹង​តែ​ពាក់​កណ្ដាល​ប្រទេស​ដែរ ហើយ​វា​គាប់​ជួន​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​កម្ពុជា តាម​ការ​កំណត់​របស់​គាត់​មែន ដូច្នេះ​រដ្ឋាភិបាល​នឹង​កាន់​តែ​ពិបាក​ទៀត​ក្នុង​ការ​ទប់ទល់ ជា​មួយ​សម្ពាធ​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទី២ គឺ​មាន​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច ដែល​ផ្ទៃក្នុង​មួយ​ចំនួន​ក៏​ស្រឡាញ់​ប្រជាធិបតេយ្យ»

មក​ដល់​ពេល​នេះ ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ និង​សកម្មជន​បក្ស​កាន់​អំណាច បាន​ប្តឹង​លោក ​សម រង្ស៊ី ទៅ​តុលាការ​កម្ពុជា​ជាង​ ១០​បណ្ដឹង​ហើយ។ សំណុំ​រឿង​ដែល​កាត់​ក្តី​រួច គឺ​សុទ្ធ​តែ​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​ទាំង​អស់។ បណ្ដឹង​ទាំងនោះ គឺ​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ញុះញង់​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ ទិញ​ចំនួន​ឡៃខ៍ (Like) ហ្វេសប៊ុក​ជា​ដើម។ បណ្ដឹង​ទាំង​នោះ សុទ្ធតែ​ប្ដឹង​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី និង​សង​ជំងឺ​ចិត្ត រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

ទោះ​បី​ជា​រង​បណ្ដឹង​ច្រើន​បែប​នេះ​ក្តី ក៏​លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍ ឬ​ពិបាក​ចិត្ត​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថែម​ទាំង​ឌឺដង​ដាក់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ និង​តុលាការ​កម្ពុជា​ថា ជា​កិត្តិយស​សម្រាប់​លោក​វិញ​ទេ ដែល​ត្រូវ​បាន​ផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែប​នេះ ព្រោះ​លោក​គ្រាន់​តែ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី។ លោក​បន្ថែម​ថា ចំណាត់​ការ​ទាំង​នេះ​បង្ហាញ​ថា លោក​កំពុង​តែ​ធ្វើ​ត្រូវ​ក្នុង​ការ​ទាមទារ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ផល​ប្រយោជន៍​ជូន​ប្រទេស​ជាតិ​ទាំង​មូល។

ម្យ៉ាង​វិញ​ទៀត មេ​ដឹក​នាំបក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាង​មុខ។ លោក​ជឿ​ជាក់​ថា វត្តមាន​របស់​លោក នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​ មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ព្រម​ទាំង​ទៅ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​ជាតិ​ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន ជា​ពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល