សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញដីកា​កោះហៅ លោក កឹម សុខា ឱ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​នៅ​ខែ​មករា​ខាង​មុខ

ដោយ ទីន ហ្សាការីយ៉ា
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។
រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង

សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ចូល​ទៅ​​ជម្រះ​ក្ដី នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ។

សវនាការ​នៅ​ខែ​មករា​នោះ នឹង​ជម្រះ​អំពី​អង្គហេតុ​ដែល​បាន​ចោទ​ប្រកាន់ លោក កឹម សុខា រឿង​សន្ទិដ្ឋិភាព​ ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​​ទី​កន្លែង​ផ្សេង​ទៀត កាល​ពីអំឡុងឆ្នាំ១៩៩៣ រហូត​ដល់ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។ អ្នកវិភាគ​ហៅ​ការ​ជំនុំជម្រះ​ក្តី ដែល​តុលាការ​គ្រោង​ធ្វើ​គ្រាន់​តែ​ជា​នីតិវិធី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

ដីកា​កោះ​ហៅ​សាមី​ខ្លួន គឺ​លោក កឹម សុខា ឲ្យ​ចូល​ខ្លួន​ទៅ​ជម្រះ​ក្តី នាថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ការ​កោះហៅ​សាក្សី​មួយ​ចំនួន​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក​រួច​មក។

ក្នុង​ដីកា​នោះ​ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ បង្គាប់​ឲ្យ​លោក កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិ​ខ្មែរ ចូល​មក​សាលា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែ​មករា ម៉ោង ៨កន្លះ​ព្រឹក​ជាកំហិត ដើម្បី​ចូលរួម​សវនាការ​អំពី​អង្គហេតុ ដែល​បាន​ប្រកាន់​លើ​រូប​លោក។ ដីកា​នេះ​ចុះ​ថ្ងៃ​ទី៩ ធ្នូ ប៉ុន្តែ​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម និង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ ខែ​ធ្នូ។

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុម​មេធាវី​លោក កឹម សុខា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៦ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ទោះ​បែប​នេះ​ក្ដី សហ​មេធាវី​លោក កឹម សុខា លោក ចាន់ ចេន ធ្លាប់​ឲ្យ​អាស៊ី​សេរី​ដឹង​ថា កូន​ក្តី​របស់​លោក គឺ​លោក កឹម សុខា ជា​អ្នក​គោរព​ច្បាប់ គោរព​ទៅ​តាម​នីតិវិធី​តុលាការ។ ដូច្នេះ នៅ​ពេល​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​សវនាការ លោក កឹម សុខា នឹង​គោរព​តាម​ដីកា។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សវនាការ​នោះ ក៏​មាន​ក្រុម​មេធាវី ដែលបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា៖ «ខ្ញុំ​ជម្រាប​ប្រាប់​លោក​ថា កូន​ក្តី​ខ្ញុំ​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ​គាត់​ជា​អ្នក​គោរព​ច្បាប់ គាត់​នឹង​ធ្វើ​ទៅ​តាម​អ្វី ដែល​ជា​នីតិវិធី​ច្បាប់»

កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​សកម្មជន​ដីធ្លី​ម្នាក់ លោក ស្រី ស ស៊ន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​យុវជន ម៉ា ចិត្រា ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សវនាការ​ជម្រះ​ក្តី​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ខាងមុខ​នោះ។ លោកស្រី ស ស៊ន និង​យុវជន ម៉ា ចិត្រា អះអាង​ថា នឹង​ចូល​បំភ្លឺ​តាម​ដីកា​របស់​តុលាការ។

អ្នក​វិភាគ​នយោបាយ​ជើង​ចាស់​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​នេះ មាន​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ច្រើន។ លោក​បណ្ឌិត​យល់​ថា សវនាការ​ជំនុំ​ជម្រះ​ក្តី​របស់​លោក កឹម សុខា នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ថ្ងៃទី១៥ ខែ​មករា​នោះ គ្រាន់​តែ​ជា​ពិធី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត​ថា តុលាការកំពូលកាលថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ បាន​កាត់​ទោស​លោក កឹម សុខា រួច​ទៅ​ហើយ ដោយ​ការ​រំលាយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះ​ជា​ពេលនោះ​មិន​ទាន់​មាន​ការ​កាត់​ក្តី​លើ​លោក កឹម សុខា ក៏ដោយ៖ «ព្រោះថា តុលាការ​កំពូល​កាល​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ បាន​សម្រេច​ទៅ​ហើយ​នូវ​ទោស​កំហុស​របស់​លោក កឹម សុខា កំហុស ដែល​យក​ទៅ​ប្រើប្រាស់ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​គណបក្ស​សង្គ្រោះ​ជាតិ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ឆ្មក់​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ កាលពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។ តុលាការ​ចោទប្រកាន់​លោក​ពី​បទ”ក្បត់ជាតិ” ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ព្រម​ទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​វិភាគ​ថា បើ​រដ្ឋាភិបាល​ចង់​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌ​នានា ត្រូវ​តែ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល