តុលាការ​ចាត់​ចៅ​ក្រម​បី​នាក់​ដើម្បី​បើក​សវនាការ​លើ​សំណុំ​រឿង​លោក កឹម សុខា

ដោយ ហេង រស្មី
2019-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាត់​ចៅ​ក្រម​ចំនួន ៣រួប ដើម្បី​ឲ្យ​ចូល​រួម​បើក​សវនាការ​រឿង​ករណី​លោក កឹម សុខា ពី​បទ «សន្និដ្ឋិភាព​ជាមួយ​បរទេស​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ​ឆ្នាំ​២០២០ ខាងមុខនេះ។

នៅ​ក្នុង​ដីកា​កោះ​ហៅ​ឲ្យ​ចូល​រួម​សវនាការ​ចុះ​ថ្ងៃ​ទី៩ ធ្នូ ​ប៉ុន្តែ​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៦ ធ្នូ របស់​តុលាការ​ក្រុង​ភ្នំពេញ ​បាន​ចាត់តាំង​សមាសភាព​លោក កូយ សៅ ប្រធាន​ចៅក្រម​ប្រឹក្សា​ និង​ លោក​ សេង លាង លោក​ ឆាម ច័ន្ទពិសិដ្ឋ ជា​ចៅ​ក្រម​ប្រឹក្សា។ ការ​ចាត់តាំង​សមាសភាព​ចៅក្រម​ជំនុំ​ជម្រះ​នេះ គឺ​កើត​ឡើង​ក្រោយ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី១៥ មករា​ខាង​មុខ។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា សំណុំ​រឿង​លោក​ កឹម សុខា​ នឹង​ត្រូវ​បញ្ចប់​ដោយ​ដំណោះ​ស្រាយ​នយោបាយ​ជាង​ផ្លូវ​ច្បាប់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​ មើល​ឃើញ​ថា​ សំណុំ​រឿង​លោក កឹម សុខា នឹង​ត្រូវ​បញ្ចប់​ដោយ​ដំណោះ​ស្រាយ​នយោបាយ​ជាង​ដំណើរ​ការ​ផ្លូវ​ច្បាប់​ដោយ​សារ​តែ​កន្លង​មក​នៅ​ពេល​នយោបាយ​មាន​សភាព​ធូរស្រាល​សំណុំ​រឿង​ទាំង​ប៉ុន្មាន​ពាក់​ព័ន្ធ​នឹង​បក្ស​ប្រឆាំង​ក៏​ត្រូវ​បញ្ចប់​ដែរ៖ «អ្វី​ដែល​សំខាន់​គឺ​ការ​ដោះ​ស្រាយ​នយោបាយ​ទេ​ប្រសិន​បើ​ពាក់ព័ន្ធ​សំណុំ​រឿង​នយោបាយ​ឬ​ក៏​សកម្ម​ជន​នយោបាយ​ដែល​លើក​លែង​តែ​ករណី​ព្រហ្មទណ្ឌ​ឬ​ក៏​បទ​ល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ គឺ​តុលាការ​នឹង​ដំណើរការ​តាម​នីតិវិធី​ហ្នឹង​។​ប៉ុន្តែ​បើ​រឿង​នយោបាយ​តាម​ខ្ញុំ​សង្កេត​ឃើញ​ក៏​ចប់​ទៅ​វិញ​ដោយ​ដំណោះ​ស្រាយ​នយោបាយ​ហ្នឹង​ដែរ​បាទ»

ការ​លើក​ឡើង​របស់​លោក​ អំ សំអាត គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ ចាត់​ចៅ​ក្រម ៣រួប ឲ្យ​ចូល​រួម​បើក​សវនាការ​រឿង​ករណី​លោក កឹម សុខា ពី​បទ «សន្និដ្ឋិភាព​ជាមួយ​បរទេស​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ។ កាល​ពី​​ថ្ងៃ​ទី៩ ធ្នូ សាលាឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​​ក្រុម​មេធាវី​លោក កឹម សុខា ដែល​ប្ដឹង​ទាស់​នឹង​ដីកា​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល