សាខា​សង្គ្រោះជាតិ​ក្រៅ​ប្រទេស​ធ្វើ​សិក្ខាសាលា​២​ថ្ងៃ​នៅ​អូស្ត្រាលី ដើម្បី​វាយតម្លៃ​សកម្មភាព​និង​ដាក់​ផែនការ​បន្ត

ដោយ មួង ណារ៉េត
2020-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ពេល​ទៅ​ដល់​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០១៩ ហើយ​បាន​ជួប​ឥស្សរជន​អូស្ត្រាលី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន នៅ​មណ្ឌលបោះឆ្នោតរបស់​លោក Mark Butler តំណាងរាស្ត្រសហព័ន្ធ។ អ្នកស្រី ផេននី វង់ Penny Wong (ខាង​ឆ្វេង​ដៃ​លោក សម រង្ស៊ី) សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​លោក ម៉ាក បាត់ល័រ (Mark Butler) និង​លោក នីក ឆាមភៀន (Nick Champion) (ខាង​ស្ដាំ​ដៃ​លោក) ជា​តំណាងរាស្ត្រសហព័ន្ធ និង​តំណាងរាស្ត្រ​សហព័ន្ធ(ឆ្វេងដៃ Mark Butler) នៅ Port Adelaide (មណ្ឌលបោះឆ្នោតរបស់ Mark Butler)។
លោក សម រង្ស៊ី ពេល​ទៅ​ដល់​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០១៩ ហើយ​បាន​ជួប​ឥស្សរជន​អូស្ត្រាលី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន នៅ​មណ្ឌលបោះឆ្នោតរបស់​លោក Mark Butler តំណាងរាស្ត្រសហព័ន្ធ។ អ្នកស្រី ផេននី វង់ Penny Wong (ខាង​ឆ្វេង​ដៃ​លោក សម រង្ស៊ី) សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​លោក ម៉ាក បាត់ល័រ (Mark Butler) និង​លោក នីក ឆាមភៀន (Nick Champion) (ខាង​ស្ដាំ​ដៃ​លោក) ជា​តំណាងរាស្ត្រសហព័ន្ធ និង​តំណាងរាស្ត្រ​សហព័ន្ធ(ឆ្វេងដៃ Mark Butler) នៅ Port Adelaide (មណ្ឌលបោះឆ្នោតរបស់ Mark Butler)។
រូប៖ ហ្វេសប៊ុក Sam Rainsy

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) ធ្វើ​សិក្ខាសាលា ២​ថ្ងៃ នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី ដើម្បី​ប្រមូល​យក​ចំណុចខ្លាំង ចំណុចខ្សោយ និង​ផែនការ​សកម្មភាព​បន្ត​សម្រាប់​ឆ្នាំ​២០២០ ដាក់​ទៅ​កិច្ចប្រជុំ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​កុម្ភៈ។

តំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង ឱ្យ​ដឹង​ថា កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ មករា ដោយ​មាន​អ្នកចូលរួម​នៅ​ថ្ងៃ​ដំបូង​ជាង ២០០​នាក់ និង​ថ្ងៃ​ចុងក្រោយ​ប្រហែល ៥០០​នាក់ ជា​សមាជិក និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង មកពី​តាម​ប្រទេស​ទូទាំង​ពិភពលោក។

លោក​ថា កិច្ចប្រជុំ ២​ថ្ងៃ សាខា​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ពី​សកម្មភាព​របស់​ពេល ១​ឆ្នាំ ចាប់​តាំង​ពី​បង្កើត​មក និង​បាន​បែង​ចែក​ជា​ក្រុម ហើយ​ប្រមូល​យក​មតិយោបល់ ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​ផែនការ​សកម្មភាព សម្រាប់​ឆ្នាំ​២០២០ របស់​សាខា​គណបក្សប្រឆាំង​ក្រៅ​ប្រទេស​។ កិច្ចប្រជុំ ២​ថ្ងៃនេះ ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ហើយ​នៅ​ពេល​រសៀល ថ្ងៃ​ទី​១៨ មករា គឺ​ប្រធាន​ស្ដីទី លោក សម រង្ស៊ី ចូលរួម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក ងឹម ញ៉េង ថ្លែង​ថា រាល់​ចំណុចខ្លាំង​ខ្សោយ និង​ផែនការ​សកម្មភាព មិន​ត្រូវ​បាន​បង្ហាញ​ទេ តែ​នឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​កិច្ចប្រជុំ​ធំ របស់​គណបក្សប្រឆាំង​នេះ នៅ​សហរដ្ឋអាមេរិក ខែក្រោយ​។ ទោះយ៉ាង​ណា លោក​អះអាង​ថា សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​នេះ ជា​ចលនា​ខ្លាំងក្លា​របស់​ក្រុម​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ពី​លោក ហ៊ុន សែន ដែល​លោក​ហៅថា ជា​ជន​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា៖ «សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នេះ គឺជា​សសរស្ដម្ភ​របស់​ចលនា​តស៊ូ ដែល​ខ្ញុំ​យល់​ឃើញ​ថា កម្លាំង​តស៊ូ​នៅ​ក្រៅ​ប្រទេស​ហ្នឹង គឺ​មាន​កម្លាំង​ខ្លាំង​ណាស់ ដោយសារ​នៅ​ក្នុង​ប្រទេស​ជន​ផ្ដាច់ការ​បំបិទ​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ យើង​អត់​មាន​សិទ្ធិ​ចូលរួម​នូវ​នយោបាយ គេ​គំរាមកំហែង ចាប់​ដាក់គុក ដាក់​អ្វី​សព្វបែបយ៉ាង អ៊ីចឹង​។ ដូច្នេះ​ចលនា​តស៊ូ​ដែល​កម្លាំង​ខ្លាំង គឺ​មានតែ​នៅ​ក្រៅ​ប្រទេស ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​កន្លង​មក ហើយ​កំពុង​ធ្វើ​តទៅទៀត​អ៊ីចឹង​។ សរុប​មក​ខ្ញុំ​មាន​ជំនឿ​ថា ដរាប​ណា​នៅ​កម្ពុជា​មាន​ជន​ផ្ដាច់ការ ចលនា​តស៊ូ​មិន​សាបសូន្យ​ទេ មាន​តែ​ធំ​ទៅ​ៗ​។ លុះត្រាតែ​យើង​ទទួល​បាន​ជោគជ័យ ធ្វើ​ម្ដេច​រុញ​ជន​ផ្ដាច់ការ​ចេញពី​អំណាច​បាន បាន​ចលនា​តស៊ូ​ហ្នឹង​អាច​បញ្ចប់ ហើយ​ទៅ​រៀបចំ ស្រុកទេស​យើង​ឱ្យ​បាន​ស្រួល»

រយៈពេល ២​ថ្ងៃនេះ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស បាន​រំលឹក​ឡើងវិញ នូវ​សមិទ្ធផល​នានា​ដែល​សម្រេច​នៅ​ឆ្នាំ​២០១៩ ដូចជា ការចូលរួម​រៀបចំ​ដំណើរ​មាតុភូមិ​និវត្ត​ចូល​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី និង​ការ​ធ្វើ​បាតុកម្ម ប្រឆាំង​របប​ក្រុងភ្នំពេញ ច្រើន​ទីតាំង នៅ​តាម​បណ្ដា​ប្រទេស​លោក​សេរី។

សមាជិកសភា​ថ្នាក់​ទាប នៃ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ប្រាក់ សុខឃាង លើកឡើង​ថា សមិទ្ធផល​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ ដែល​សាខា​បក្ស​ប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី សម្រេច​បាន​នៅ​ឆ្នាំ​២០១៩ គឺ​ជោគជ័យ​ក្នុង​ការ​ទាមទារ​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​ឈប់​បញ្ជូន​ជនភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​។ លោក​ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​យក​លុយ​រដ្ឋ ជា​ចំណែក​នៃ​ការ​បង់ពន្ធ​របស់​ខ្មែរ​រស់នៅ​អូស្ត្រាលី ឱ្យ​របប​ក្រុងភ្នំពេញ ជា​ថ្នូរ​ការ​បញ្ជូន​ជនភៀសខ្លួន​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស អ្នកស្រី មូរ សុខហួរ អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ឱ្យ​គាំទ្រ​លោក កឹម សុខា ហាម​មិន​ឱ្យ​រិះគន់ តិះដៀល​លោក កឹម សុខា និង​ចាត់​ទុក​សវនាការ​កាត់ក្ដី លោក កឹម សុខា ថា ជា​ការ​ប្រឆាំង​នឹង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់។

ជុំវិញ​ការ​លើកឡើង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃទី​១៨ មករា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។

អ្នកវិភាគ​នយោបាយ រស់នៅ​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ និយាយ​ថា ១​ឆ្នាំ​នៃ​ការ​បង្កើត​នេះ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស បាន​ធ្វើ​សកម្មភាព​ច្រើន តែ​មិន​អាច​បង្រួបបង្រួម​ផ្ទៃក្នុង​បក្ស​ប្រឆាំង​បាន​។ លោក​ថា ដើម្បី​ឱ្យ​ជោគជ័យ​រាល់​សកម្មភាព​តវ៉ា និង​ការទូត គណបក្ស​សង្គ្រោះ​ជាតិ គប្បី​កុំ​បង្ហាញ​ការ​បែកបាក់​ផ្ទៃក្នុង និង​កុំ​បំបែក​កម្លាំង​ទៅ​បង្កើត​ស្ថាប័ន​ថ្មី ទោះជា​ស្ថិត​ក្រោម​ចំណុះ​របស់​គណបក្ស​ប្រឆាំង​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល