បក្ស​ប្រឆាំង​នឹង​បង្ហាញ​តម្រាយ​ផ្លូវ​មុន​ពេល​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​ មុន​​៣​ថ្ងៃ

ដោយ សេក បណ្ឌិត
2019-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា គណបក្ស​នេះ នឹង​បង្ហាញ​ព័ត៌មាន​លំអិត​ជុំវិញ​ដំណើរ​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ​។ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​បន្ត​អះអាង​ថា ពួកគេ​នឹង​អម​ដំណើរ​របស់​លោក សម រង្ស៊ី ឆ្ពោះ​ទៅ​ស្រុកកំណើត​វិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ីសេរី​ពី​ប្រទេស​អូស្ត្រាលី​ថា បី​ថ្ងៃ​មុន​ថ្ងៃ​ទី​៩​វិច្ឆិកា គណបក្ស​នឹង​ប្រកាស​ផ្លូវការ​អំពី​ព័ត៌មាន​ផ្លូវ​ដែល​លោក សម រង្ស៊ី ធ្វើដំណើរ​ទៅ​កម្ពុជា។

លោក អេង ឆៃអ៊ាង អះអាង​ថា លោក សម រង្ស៊ី នឹង​ជ្រើសរើស​ផ្លូវ​មួយ​ក្នុងចំណោម ផ្លូវ​បី​ទាំង​គឺ​ផ្លូវ ទឹក ផ្លូវ​គោក និង​ផ្លូវ​អាកាស​ដើម្បី​ធ្វើដំណើរ​។ លោក អេង ឆៃអ៊ាង ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចូលរួម​គាំទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដែល​ជា​ការ​ធ្វើ​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ឬ​គាំទ្រ​ជា​ថវិកា៖ «ថា​តើ​លោក សម រង្ស៊ី និង​ប្រតិភូ​គណបក្ស​សង្គ្រោះជាតិ នឹង​ទៅ​ហ្នឹង​ទៅតាម​ច្រក​ណា​? អត់​មានអី​លើស​ពី​បី​ច្រក​ផ្លូវទឹក ផ្លូវ​គោក ផ្លូវ​អាកាស ប៉ុន្តែ​យើង​អត់​ទាន់​សម្រេច​ទេ​ព្រោះ​យើង​ត្រូវ​ការងារ​បន្ត​ទៀត»

ទាក់ទង​ការ​ស្វែង​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ លោក ម៉េង លី ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​នូវែលហ្សេឡង់ អះអាង​ថា ពួកគេ​នឹង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ទៅ​ប្រទេស​កម្ពុជា​វិញ។

ចំណែក ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី ឱ្យ​ដឹង​ថា ក្រុម​ពលករ​សប្បាយ ចិត្ត​ពេល​បាន​ដឹង​ថ្ងៃ​ជាក់លាក់​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី​។ លោក​អះអាង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ចូល​ប្រទេស​កម្ពុជា​វិញ៖ «ពួកគាត់​ទាំង​អស់​គ្នា​កំពុងតែ​ដុតដៃដុតជើង​ខ្លាំង​មែន​ក្នុង​ការ​ត្រៀមខ្លួន បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ​គឺ​ពួកគាត់​តែ​ថ្ងៃ​ទី៩ វិច្ឆិកា​គឺ​គាត់​ធ្វើ​ដំណើរ​អម​លោក​ប្រធាន​ស្តីទី សម រង្ស៊ី»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​។ គិត​មកដល់​ថ្ងៃ​ទី១ ខែ​កញ្ញា​នេះ នៅ​សល់​តែ ៦៩​ថ្ងៃ​ទៀត​ទេ​។ របប​ក្រុងភ្នំពេញ​បាន​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត​អំពី​វិធានការ​ប្រឆាំង លោក សម រង្ស៊ី មិន​ឱ្យ​ចូល​ស្រុក ហើយ​គំរាម​ចាប់ខ្លួន​អ្នក​ហែហម​លោក សម រង្ស៊ី ទៀត​ផង​។ លោក ហ៊ុន សែន​អះអាង​ថា លោក​នឹង​ចាប់​លោក សម រង្ស៊ី ឱ្យ​បាន​ក្នុង​រយៈពេល ២៤​ម៉ោង ពេល​លោក សម រង្ស៊ី ជាន់​ដី​កម្ពុជា។

ចំណែក លោក សម រង្ស៊ី ព្រមាន​ទៅ​លោក ហ៊ុន សែន វិញ​ថា ដោយ​ប្រាប់​ទៅ លោក ហ៊ុន សែន ឱ្យ​ចុះ​ចេញពី​អំណាច​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​មាន​វាសនា​ដូច​មេដឹកនាំ​ផ្ដាច់ការ​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​។ លោក សម រង្ស៊ី សង្កត់ធ្ងន់​ថា បើ​លោក ហ៊ុន សែន មិន​ព្រម​ចុះចេញ​ទេ មេដឹកនាំ​រូប​នេះ​នឹង​ដើរ​ជាន់​ដាន​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ហ្វីលីពីន លោក ម៉ាសកូស (Marcos) ដែល​ត្រូវ​កម្លាំង​មហាជន​ទម្លាក់​ចេញពី​តំណែង និង​នៅ​ប្រទេស​រ៉ូម៉ានី លោក ឆាវឆេស្គូ (Cueausescu) ដែល​ត្រូវ​ក្រុម​ទាហាន​សម្លាប់​ចោល នៅ​ទសវត្ស​ឆ្នាំ​៩០។

ជុំវិញ​ជម្លោះ​នយោបាយ និង​សង្គ្រាម​ពាក្យ​សម្ដី​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅ​ពេល​នេះ បញ្ញាជន​ខ្មែរ​ព្រួយបារម្ភ​អំពី​វិបត្តិ​នយោបាយ ដែល​បន្ត​អូសបន្លាយ​អន្តរាយ​ដល់​ជាតិ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ អង្វរ​អ្នក​នយោបាយ ឱ្យ​រំសាយ​កំហឹង រៀងៗ​ខ្លួន​សិន ដើម្បី​រួមគ្នា​ងាក​មក​រក​ដំណោះស្រាយ​ដែល​ចំណេញ​ដល់​ជាតិ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល