សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​យុវជន​ម្នាក់​ទៅ​ធ្វើ​ជា​សាក្សី​ក្នុង​ពេល​ជម្រះ​ក្តី​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ

ដោយ ទីន ហ្សាការីយ៉ា
2019-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​មូលដ្ឋាន​ខេត្ត​កំពង់ចាម យក​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ យុវជន ម៉ា ចិត្រា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ផ្ទះ​នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៩។
សមត្ថកិច្ច​មូលដ្ឋាន​ខេត្ត​កំពង់ចាម យក​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ យុវជន ម៉ា ចិត្រា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ផ្ទះ​នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Ma Chetra

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​អ្នក​គាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឲ្យ​ទៅ​បំភ្លឺ​ជា​សាក្សី​ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​ក្តី សំណុំ​រឿង​លោក កឹម សុខា នៅថ្ងៃទី១៥ ខែ​មករា​ខាង​មុខ។ យុវជន ម៉ា ចិត្រា ដែល​ត្រូវ​តុលាការ​កោះហៅ ថ្លែង​ថា នេះ​ជា​រឿង​ហួស​ចិត្ត​ដែល​ខ្លួន​ជា​អ្នក​គាំទ្រ​ធម្មតា​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​សំណុំ​រឿង​ដ៏​កក្រើក​មួយ​នេះ។ ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា យល់​ថា ករណី​នេះ​ជា​រឿង​ធម្មតា ដែល​ចៅក្រម​ជំនុំ​ជម្រះ កោះ​ហៅ​សាក្សី​ក្នុង​សំណុំរឿង​ទៅ​បំភ្លឺ​នៅ​ពេល​ជម្រះ​ក្តី។

សមត្ថកិច្ច​មូលដ្ឋាន​ខេត្ត​កំពង់ចាម​បាន​យក​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យុវជន ម៉ា ចិត្រា ដល់​ផ្ទះ​នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ។

ក្នុង​ដីកា​នោះ​ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនសុទ្ធ តម្រូវ​ឲ្យ​យុវជន ម៉ា ចិត្រា ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរ​ដេញដោល​នៃ​សំណុំ​រឿង​លោក កឹម សុខា ពី​ដំណើរ​រឿង ​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត​កាល​ពី​អំឡុង​ឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។ តុលាការ​ក៏​តម្រូវ​ឲ្យ​យុវជន​រូប​នេះ​យក​លិខិត​ផ្សេង ដែល​ទាក់ទិន​នឹង​រឿង​ខាង​លើ​មក​ជា​មួយ​ប្រសិន​បើ​មាន។

យុវជន ម៉ា ចិត្រា ប្រាប់​អាស៊ី​សេរី​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ដីកា​នេះ។ លោក​ថា កាល​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​​ត្រូវ​បាន​​រំលាយ លោក​គឺ​ជា​អ្នក​ថត​រូប និង​សរសេរ​ព័ត៌មាន​ខ្លីៗ បង្ហោះ​តាម​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ យុវជន ម៉ា ចិត្រា បន្ត​ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។ យុវជន​រូប​នេះ អំពាវនាវ​ដល់​សង្គម​ស៊ីវិល និង​សហគមន៍​ជាតិ អន្តរជាតិ​ជួយ​តាម​ដាន និង​ឃ្លាំមើល​ដំណើរ​សវនាការ​នេះ៖ «ខ្ញុំ​មាន​ការ​ហួស​ចិត្ត​ដែរ ដោយសារ​កន្លង​មក ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ដើរ​ថត អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លីៗ ពាក់ព័ន្ធ​បញ្ហា​សង្គម បញ្ហា​ដីធ្លី និង​បរិស្ថាន​ជា​ដើម។ អ៊ីចឹង​នៅ​ពេល​ទទួល​បាន​ដីកា​ខ្ញុំ​មាន​ការ​ហួស​ចិត្ត»

យុវជន ម៉ា ចិត្រា មិន​មែន​ជា​មនុស្ស​ទីមួយ​ទេ​ដែល​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កោះហៅ​មក​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​។ កន្លងមក ក្នុង​ពេល​ស៊ើប​អង្កេតក្តី​ចៅក្រម​បាន​កោះហៅ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក កឹម សុខា ដូចជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ ចូល​ទៅ​បំភ្លឺ​ផង​ដែរ។

សហ​មេធាវី​លោក កឹម សុខា លោក ចាន់ ចេន ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ចំណាត់​ការ​ដែល​តុលាការ​កោះ​ហៅ​លោក ម៉ា ចិត្រា ទៅ​បំភ្លឺ​ក្នុង​ពេល​បើក​សវនាការ​សំណុំ​រឿង​លោក កឹម សុខា នេះ​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា ការ​កោះ​ហៅ​នេះ​ជា​នីតិវិធី ឬ​ចំណាត់​ការ​របស់​តុលាការ​ក្នុង​ការ​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា ក្រុម​មេធាវី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ក្នុង​ពេល​បើក​សវនាការ៖ «ខ្លួន​ខ្ញុំ​ក៏​ដូច​ជា​សហ​មេធាវី​ដទៃ​ទៀត​យើង​បាន​តាំង​ចិត្ត និង​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ចូល​ខ្លួន​ការពារ​កូន​ក្តី នៅ​ចំពោះ​មុខ​សវនាការ ដើម្បី​ភាព​ស្អាតស្អំ ក៏​ដូច​ជា​រក​យុត្តិធម៌​ជូន​ក្តី ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ស្លូត​ត្រង់ និង​ស្អាត​ស្អំ»

តុលាការ​បាន​ចាត់​ចៅ​ក្រម​បី​នាក់​ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា នៅថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២០ខាងមុខ រួម​មាន ​លោក កូយ សៅ ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ ​ លោក​ សេង លាង និង​លោក ឆាម ច័ន្ទពិសិដ្ឋ ជា​ចៅ​ក្រម​ប្រឹក្សា។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់ថា យុវជន ម៉ា ចិត្រា អាច​ប្រឈម​នឹង​ការ​គាប​សង្កត់​ពី​តុលាការ ឬ​រដ្ឋាភិបាល​ឲ្យ​ឆ្លើយ​ដាក់​បន្ទុក​លើ​លោក កឹម សុខា។ លោក​ថា យុវជន​រូប​នេះ​នឹង​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​ក្នុង​ល្បែង​នយោបាយ​នេះ៖ «ប្រសិន​បើ​យុវជន ម៉ា ចិត្រា និយាយ​ការ​ពិត​មិន​ធ្វើ​តាម​គេ ដែល​គេ​អ៊ីចឹង​ឮ ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា នោះ​មិន​មែន​គេ​ទម្លាក់​ចោល​ករណី​លោក កឹម សុខា ទេ។ គេ​នឹង​រក​មធ្យោបាយ​ផ្សេង ដើម្បី​នៅ​តែ​បន្ត​គាប់​សង្កត់​លើ​លោក កឹម សុខា ដដែល ប៉ុន្តែ យុវជន ម៉ា ចិត្រា វិញ កាល​ពី​គាត់​និយាយ​ការ​ពិត​គាត់​នឹង​ត្រូវ​គេ​គាប​សង្កត់​ក្លាយ​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ល្បែង​នយោបាយ​របស់​គេ​ហ្នឹង​ថែម​ទៀត»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ឆ្មក់​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ តុលាការ​ចោទប្រកាន់​លោក​ពី​បទ”ក្បត់ជាតិ” ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ព្រម​ទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ខណៈ​នេះ​លោក កឹម សុខា ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​ជាប់​បម្រាប​មួយ​ចំនួន។ លោក កឹម សុខា ត្រូវ​បាន​អគ្គរាជ​ទូត និង​ឯក​អគ្គ​រដ្ឋ​ទូត​បរទេស​ជាង ១០នៃ​បណ្ដា​ប្រទេស​សេរី​បាន​បណ្ដាក់​គ្នា​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក និង​អះអាង​ថា នឹង​បន្ត​តាម​ដាន​ករណី​នេះ។

លោក​មេធាវី ចាន់ ចេន ឲ្យ​ដឹង​ទៀត​ថា ក្រុម​មេធាវី និង​លោក កឹម សុខា នៅ​តែ​សំណូម​ពរ ទៅ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល