មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ក្រុង​ភ្នំពេញ​បញ្ជូន​មនុស្ស​ជិត ២០០​នាក់ ទៅ​ទិញ​ទឹក​ចិត្ត និង​គំរាម​កំហែង​ពលករ​នៅ​ប្រទេស​ថៃ

ដោយ ទីន ហ្សាការីយ៉ា
2019-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

មន្រ្តី​បក្ស​ប្រឆាំង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​លាក់​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ អះអាង​ថា របប​ក្រុង​ភ្នំពេញ​បញ្ជូន​មនុស្ស​ជិត ២០០នាក់ ដើម្បី​ទិញ​ទឹក​ចិត្ត គំរាមកំហែង និង​ព្រមាន​ពលករ​មិន​ឲ្យ​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អម​ដំណើរ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ចោទ​ប្រកាន់​ថា អ្នក​រៀបចំ​ផែនការ ទិញ​ទឹក​ចិត្ត គំរាមកំហែង និង​ព្រមាន​ពលករ​មិន​ឲ្យ​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ។ ពួក​គេ​ថា អ្នក​ទាំង​ពីរ​រូប​នេះ ជា​មនុស្ស​សំខាន់​ដើរ​ពង្រឹង​កម្លាំង​គណបក្ស​កាន់អំណាច​ និង​បំបែក​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី ឱ្យ​អាស៊ី​សេរី​ដឹង​ កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ គ្នា​ក្នុង​បំបែក​សំឡេង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ។ លោក​បញ្ជាក់​ថា ចំពោះ​ថ្នាក់​ដឹក​នាំ​ពលករ គេ​ប្រើ​លុយ​ទិញ​ទឹកចិត្ត​អ្នក​ទាំង​នោះ។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​នេះ​ក៏​មាន​ក្រុម​មនុស្ស​ផ្សេង​ទៀត ចុះ​ជួប​ផ្ទាល់​នឹង​ពលករ​នៅ​តាម​មូលដ្ឋាន​ដោយ​ញុះញង់ មិន​ឲ្យ​ពលករ​ធ្វើ​សកម្មភាព​ជាប់​ពាក់ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ផង​ដែរ៖ «ពួក​នេះ​គេ​មក ដើម្បី​និយាយ​ជាមួយ​បង​ប្អូន​ពលករ​កុំ​ឲ្យ​និយាយ​រឿង​នយោបាយ រឿង​ទៅ​ទទួល​លោក សម រង្ស៊ី ពួក​គេ​កំពុង​សម្រុក​ខ្លាំង​អំពី​បញ្ហា​ហ្នឹង»

លោក លី រតនរស្មី ឲ្យ​ដឹង​ទៀត​ថា សូម្បី​រូប​លោក​ផ្ទាល់​ក៏​ត្រូវ​ក្រុម​លោក ហេង សួរ មក​ទាក់ទង​ទិញ​ទឹក​ចិត្ត​ដែរ។ លោក​ថា​ពេល​នេះ អ្នក​ដឹក​នាំ​ពលករ​ជា​ប្រធាន​តំបន់​ម្នាក់ ត្រូវ​ក្រុម​លោក ហេង សួរ ​ទិញ​ទឹក​ចិត្ត​បាន និង​កំពុង​ដើរ​គំរាម​កំហែង​ក្រុម​ពលករ​ផ្សេង​ទៀត។

ដូចគ្នា​នេះ​ដែរ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ លោក តោ និមល ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​របប​ក្រុង​ភ្នំពេញ​បញ្ជូន​កម្លាំង​សម្ងាត់​ជិត ២០០នាក់ តាម​ឃ្លាំមើល ​និង​តាម​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ ដែល​កំពុង​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​ពួក​គេ។ លោក​ថា សកម្មភាព​បែប​នេះ គឺ​របប​ក្រុង​ភ្នំពេញ​មាន​ចេតនា​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ មិន​ឲ្យ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ៖ «ឮ​ថា​គេ​បញ្ជូន​មនុស្ស​ជាង ២០០នាក់​ផ្សេង​ទៀត​មក​សហការ​ជាមួយ​ក្រុមហ៊ុន តូ ជា មេ​ក្រុម​ម៉ាហ្វៀ នៅ​ប្រទេស​ថៃ​ហ្នឹង តាម​ពិត​ទៅ​ភ័យ​មែន​បារម្ភ​មែន ប៉ុន្តែ​មិន​ដឹង​រក​ផ្លូវ​ណា​ច្រក​ណា​កើត បើ​ភ័យ​មាន​តែ​លាក់​ខ្លួន»

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​លោក ហ៊ុន ម៉ាណែត បាន​ទេ រី​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ វិញ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា។

អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ។ ប៉ុន្តែ​លោក​ថ្លែង​ថា កម្លាំង​អាជ្ញាធរ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ប្រឆាំង​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​លោក​ហៅ​ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ៖ «ខ្ញុំ​មិន​ដឹង​រឿង​ហ្នឹង​ថា គេ​ចោទ​ប្រកាន់​ក៏​ពិបាក​ថា ព្រោះ​មិន​ដឹង​រឿង ក៏​ប៉ុន្តែ​កម្លាំង​អាជ្ញាធរ​គេ​ថែ​រក្សា​សុវត្ថិភាព​ក្នុង​បុណ្យ​ភ្ជុំ​បិណ្ឌ ហើយ​ច្បាស់​ណាស់ គេ​ប្រឆាំង​សកម្មភាព​ណា ដែល​ចង់​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ឯង»

ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នេះ​ដែរ កាល​ពី​ពេល​កន្លងទៅ មាន​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​មួយ​ ដែល​គេ​សង្ស័យ​ថា ជា​សំឡេង ​លោក ហេង សួរ បាន​បញ្ជា​ឲ្យ​បក្ខ​ពួក​របស់​ខ្លួន​វាយ​ធ្វើ​បាប​អ្នក​ ដែល​ហ៊ាន​ងើប​តតាំង​នឹង​លោក ហ៊ុន សែន តាម​រយៈ​ការ​ជួល​ក្រុម​ជើង​កាង​ឲ្យ​វាយ​ធ្វើ​បាប​អ្នក​ប្រឆាំង​ទាំង​នោះ​ ឬ​រៀបចំ​សម្លាប់​ក្រោម​លេស​គ្រោះថ្នាក់​ចរាចរ ប្រសិន​បើ​ជន​នោះ​ហ៊ាន​ចូល​មក​ស្រុកខ្មែរ​វិញ៖ «ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ​អ៊ីចឹង រក​ជើង​កាង​មួយ​ចំនួន មើល​មុខ​សញ្ញា ដែល​ចាំ​យក​ជើង​កាង​ទៅ​វាយ​វា​ទៅ»

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល កំពុង​ភៀស​ខ្លួន នៅ​ប្រទេស​នេះ តែង​តែ​ចេញ​ប្រកាស​គាំទ្រ និង​អម​ដំណើរ​លោក សម រង្ស៊ី បន្ទាប់​ពី​លោក​បាន​បញ្ជាក់​ពី​ពេល​វេលា​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​និយាយ​ថា ប្រទេស ឡាវ និង​ប្រទេស​វៀតណាម មិន​ជា​ប្រទេស​លោក សម រង្ស៊ី ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​ចូល​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​លោក​ក៏​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ថៃ​ដែរ។

របប​ក្រុង​ភ្នំពេញ​បាន​ព្រមាន​ថា អ្នក​ដែល​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ គឺ​ជា​អ្នក​ ចូល​រួម​ធ្វើ​រដ្ឋ​ប្រហារ ហើយ​ពួក​គេ​នឹង​ប្រឈម​ការ​ផ្ដន្ទាទោស។ ប៉ុន្តែ​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ផ្សេង​ទៀត​ថា ពួក​គេ​មិន​ខ្លាច​ការ​ព្រមាន​នេះ​ទេ។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី អះអាង​ថា ពេល​នេះ​មាន​ពលករ​ជិត ២២ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ គ្រោង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល