មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​មណ្ឌលគិរី​ចោទ​អាជ្ញាធរ​ស្រុក​ថា​គំរាម​កំហែង​សកម្មជន

ដោយ រដ្ឋា វិសាល
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​មន្ត្រី​ស្រុក​ពេជ្រាដា ថា​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​រំលោភ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ចំណែក​មន្ត្រី​ស្រុក​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​មណ្ឌលគិរី អះអាង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា នឹង​រៀបចំ​ពាក្យ​ប្ដឹង​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ពី​បទ​គំរាម​កំហែង​បំភិត​បំភ័យ​សកម្មជន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ក្រង់តេះ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោក តេវ សារិន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ភូមិ​ឡឥដ្ឋ បាន​ប្រាប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​ថា​នឹង​កើត​សង្គ្រាម និង​បាន​ដកហូត​អាវយឺត​មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ពី​អ្នក​ភូមិ ៣​នាក់ ដែល​គ្រោង​ចូលរួម​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា អ្នក​ភូមិ​ភិតភ័យ ទើប​ផ្តល់​ព័ត៌មាន​នេះ​មក​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ជួយ​រក​ដំណោះស្រាយ៖ «គេ​ហៅ​កូន​ក្រុម​ខ្ញុំ គេ​គំរាម ខោ​អាវ​គេ​យក​ទៅ​ស្រុក គេ​ថា​បើ​ចង់​យក​វិញ ឲ្យ​ទៅ​យក​នៅ​សាលា​ស្រុក​ពេជ្រាដា»

មន្ត្រី​មូលដ្ឋាន​ដែល​រង​ការ​ចោទ​ប្រកាន់​រួម​មាន អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា និង​មន្ត្រី​ភូមិ​ឃុំ​ចំនួន ៣​នាក់​ទៀត។

អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា ចាត់​ទុក​ការ​ចោទ​ប្រកាន់​ជា​រឿង​បំផ្លើស។ លោក​ថា​មន្ត្រី​បក្ស​ប្រជាជន​ឃុំ​ក្រង់តេះ បាន​ផ្តល់​ព័ត៌មាន​ថា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឡឥដ្ឋ ៣​នាក់​បាន​ប្រគល់​អាវយឺត​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មក​ក្រុម​ការងារ​ឃោសនា​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពួក​គេ​ចង់​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​មាន​ការ​គំរាម​កំហែង​នោះ​ទេ៖ «ខ្ញុំ​មាន​ទៅ​ដក​របស់​គេ​ពី​អង្កាល់! ក្រុម​ការងារ​គេ​ចុះ​ទៅ​ខាង​ហ្នឹង​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន គេ​ប្រគល់​អាវ​ឲ្យ​គណបក្ស​ប្រជាជន»

របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា មិន​មាន​បាតុភាព​ធំ​ដុំ ឬ​ពាក្យ​ប្ដឹង​ណា​មួយ​ទាក់ទិន​ការ​ឃោសនា​បោះឆ្នោត​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី លោក គឹន ចៀន កត់​សម្គាល់​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាច​ដាក់​ពាក្យ​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ បន្ទាប់​ពី​កើត​រឿង​ហេតុ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​បាន ក៏ប៉ុន្តែ​នីតិវិធី​ដោះស្រាយ​បាន​ហួស​សុពលភាព​ហើយ៖ «រឿង​ដាក់​បានៗ​ហើយ ប៉ុន្តែ​គេ​ម៉េច​ដោះស្រាយ​ឲ្យ វា​ហួស​អាជ្ញាយុកាល​ការ​ប្ដឹង​ណា

នៅ​ខេត្ត​មណ្ឌលគិរី គណបក្ស​នយោបាយ​ចំនួន​៦ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

គណបក្ស​ទាំង​៦ រួម​មាន៖

  • គណបក្ស​ប្រជាជន​កម្ពុជា
  • គណបក្ស​សង្គ្រោះ​ជាតិ
  • គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច
  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ
  • និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

 

ដោយឡែក​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទេ បាន​ដាក់​បញ្ជី​ឈ្មោះ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល