មន្ត្រី​បក្ស​ប្រឆាំង​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​សន្តិសុខ​ជូន​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ

ដោយ មួង ណារ៉េត
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

គិត​មកដល់​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ នៅ​សល់​តែ ៧៣​ថ្ងៃ​ទៀត​ទេ ដល់ពេល​កំណត់​ដែល​លោក សម រង្ស៊ី សន្យា​ថា នឹង​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ​។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រជុំ​រៀបចំ​យុទ្ធសាស្ត្រ​ចាត់​តាំងពី​រាជធានី​ដល់​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ​ជូន​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ​។ អ្នកវិភាគ​ថា ការ​វិល​ចូល​ស្រុក​លើក​នេះ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​អាស្រ័យ​លើ​ភាព​ក្លាហាន និង​ការ​ប្តេជ្ញាចិត្ត​ផ្ទាល់​របស់​លោក សម រង្ស៊ី។

ផែនការ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្សី ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បង្ហើប​ឱ្យ​ដឹង​ថា ពួកគេ​បាន​ប្រជុំ​ផ្ទាល់​ជាមួយ​លោក សម រង្ស៊ី ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ ចាប់​តាំង​ពី​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់​ឃុំ​សង្កាត់ ត្រៀម​កម្លាំង​ចូលរួម​អម​ដំណើរ និង​បំផុស​ឱ្យ​ពលរដ្ឋ​និង​កង​កំលាំង​ងើបឡើង​ទាំងអស់​គ្នា ដើម្បី​ផ្លាស់ប្ដូរ​ក្រុង​ភ្នំពេញ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​តែង​ប្រជុំ​គ្នា​ជា​ទៀងទាត់​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោក​អះអាង​ថា កម្លាំង​ក្នុងស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គ្រប់គ្រាន់​ដើម្បី​អម​ដំណើរ និង​ការពារ​លោក សម រង្ស៊ី រួម​ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ៖ «កម្លាំង​រចនាសម័្ពន្ធ​ដែល​យើង​មាននៅ​ក្នុង​ដៃ​រាប់​សែន​នាក់​នៅ​តាម​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​គឺ​យើង​បាន​កំណត់​នៅ​តាម​ហ្នឹង​អស់​រួចហើយ ប៉ុន្តែ​ចំនួន​ជាក់លាក់​យើង​មិន​អាច​ប្រាប់​បាន​ទេ»

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ថៃ និង​ជា​អ្នក​ធ្វើ​ការងារ​ជាមួយ​ពលករ​ចំណាកស្រុក​ខ្មែរ​ក្នុង​ប្រទេស​នេះ គឺ​លោក លី រតនរស្មី ឱ្យ​ដឹង​ថា ពេលនេះ​ក្រុមការងារ​របស់​លោក​បាន​ចុះ​ជួប​ពលករ​ខ្មែរ​នៅ​តាម​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ត្រៀមខ្លួន​វិល​ចូល​ស្រុក​ជាមួយ​លោក សម រង្ស៊ី។ លោក​អះអាង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេងទៀត​ចូល​ប្រទេស​កម្ពុជា​វិញ៖ «ពួកគាត់​តាំង​អស់​គ្នា​កំពុងតែ​ដុតដៃដុតជើង​ខ្លាំង​មែន​ក្នុង​ការ​ត្រៀមខ្លួន បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ​គឺ​ពួកគាត់​តែ​ថ្ងៃ​ទី៩ វិច្ឆិកា​គឺ​គាត់​ធ្វើដំណើរ​អម​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី»

ជុំវិញ​​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ដោយ​ស្នើ​ឱ្យ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​បង្ក​បញ្ហា​ដែល​ប៉ះពាល់​ដល់​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​។ លោក​ប្រើ​សំនួន​ប្រៀបធៀប​ថា "​បើ​មិនបាន​ចូលរួម​ជួយសង្គ្រោះ​ប្រទេសជាតិ​ក្នុង​គ្រា​សង្គ្រាម សូម​កុំ​រំខាន​ដល់​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​សន្តិភាព ដូច​ពាក្យចាស់​ពោល​ថា “​បើ​មិន​ជួយ​ចូក​ជួយ​ចែវ សូម​កុំ​យកជើងរាទឹក​”​។ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់ថា លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​បាន លុះត្រាតែ​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ហ៊ាន​យក​ជីវិត​ទៅ​ប្ដូរ​ដោយ​មិន​ខ្លាច​ការព្រមាន ការ​សម្លាប់ ឬ​ចាប់ខ្លួន​ពី​របប​ក្រុងភ្នំពេញ​។ លោក គឹម សុខ សង្កេត​ឃើញ​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ គណបក្ស​កាន់អំណាច​មិន​អាច​បើកផ្លូវ​ចរចា​ដើម្បី​ឱ្យ​លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​នោះ​ទេ៖ «រឿង​ដែល​សំខាន់​ថា អាច​ទៅរួច​ឬ​អត់​វា​ស្ថិត​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក សម រង្ស៊ី ដោយ​ផ្ទាល់​បាន​ន័យ​ថា លោក សម រង្ស៊ី គាត់​ធ្វើ​ពលិកម្ម​យក​ជីវិត​ទៅ​ដាក់​លើ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​របស់​គាត់​ឬ​អត់»

ក្រុម​យុវជន និង​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​ប្ដេជ្ញា​ថា ពួកគេ​នឹង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ លោក សម រង្ស៊ី បាន​លើកឡើង​ថា លោក​ចូល​ស្រុក​ម្តង​នេះ គឺ​លោក​ប្រើ​មធ្យោបាយ​ឆ្លាត​វៃ ដោយ​មិន​ឱ្យ​លោក ហ៊ុន សែន ចាប់ខ្លួន ឬ​លួច​សម្លាប់​លោក​បាន​នោះ​ទេ​។ ទោះ​យ៉ាងណា​ក្តី​លោក សម រង្ស៊ី មិនទាន់​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​របស់​លោក​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល