បក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ធ្វើ​បាតុកម្ម​រហូត​វិបត្តិ​នយោបាយ​ត្រូវ​បាន​ដោះស្រាយ

មហា​បាតុកម្ម​អហិង្សា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ១៥​ថ្ងៃ​កន្លង​មក ចំនួន​បាតុករ​ចូល​រួម​បាន​កើន​ឡើង​ជា​លំដាប់ ដល់​រាប់​ម៉ឺន​នាក់ ហើយ​បាតុករ​បាន​ដង្ហែ​ក្បូន​បាតុកម្ម​តាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។
ដោយ ទេព សុរ៉ាវី
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បាតុករ​បក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​ថ្ងៃ​ទៅ​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​ប្រកាស​ផ្អាក​ដង្ហែ​ក្បួន​បាតុកម្ម ៦​ថ្ងៃ។
បាតុករ​បក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​ថ្ងៃ​ទៅ​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​ប្រកាស​ផ្អាក​ដង្ហែ​ក្បួន​បាតុកម្ម ៦​ថ្ងៃ។
Photo: RFA

គណបក្ស​ប្រឆាំង​បាន​ប្រកាស​ផ្អាក​ការ​ហែ​ក្បូន​បាតុកម្ម ៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ នេះ​ត​ទៅ។ ប៉ុន្តែ​នឹង​បន្ត​ដឹកនាំ​ការ​ដង្ហែ​ក្បួន​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ថែម​ទៀត នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មករា ឆ្នាំ​២០១៤។

គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ជំហរ​បង្ហាញ​កម្លាំង​ធ្វើ​បាតុកម្ម​រហូត​ដល់​វិបត្តិ​នយោបាយ​បាន​ដោះស្រាយ​រួច។

គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ដោយ​បង្ហាញ​ថា មហា​បាតុកម្ម​អហិង្សា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​បាតុករ​បាន​កើន​ឡើង​ជា​លំដាប់ រហូត​ដល់​ប្រមាណ ៥​សែន​នាក់ ហើយ​មហា​បាតុកម្ម​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា សន្តិវិធី និង​ដោយ​មាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​ល្អ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ក្នុង​លិខិត​ពី​ភាព​ជោគជ័យ​ដ៏​ធំធេង​ដែល​កើត​ចេញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​ពលរដ្ឋ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

គណបក្ស​នេះ​ក៏​បាន​ប្រកាស​ថា នៅ​តែ​បន្ត​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​តាម​ដង​វិថី​នានា នា​រាជធានី​ភ្នំពេញ រហូត​ដល់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ត្រូវ​បាន​ដោះស្រាយ ហើយ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ មករា ឆ្នាំ​២០១៤ គណបក្ស​នេះ​នឹង​បន្ត​ដឹកនាំ​ការ​ដង្ហែ​ក្បួន​មហា​បាតុកម្ម​នៅ​ភ្នំពេញ ហើយ​ការ​ដង្ហែ​ក្បួន​នេះ​នឹង​រឹតតែ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា ជំហរ​ឆ្នាំ​ថ្មី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​ឲ្យ​មាន​ការ​ជជែក​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ដោយ​ការ​ជជែក​នោះ​មិន​មែន​ធ្វើ​ឡើង​តែ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​សហជីព និង​ក្រុម​ណា​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម។

គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​តាំង​ពី​ថ្ងៃ​ទី​១៥ ធ្នូ ដោយ​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​វិថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ការ​គាំទ្រ​កម្លាំង​បាតុករ ទាមទារ​ទម្លាក់​នាយករដ្ឋមន្ត្រី និង​ទាមទារ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ប្រធាន​ក្រុម​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ លោក ព្រំ សុខា បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ធ្នូ នេះ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាក់ទង​គ្នា​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទៀត​នៅ​ឡើយ។ លោក​នៅ​តែ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការ​ចរចា​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ពេល​នេះ​ដោយ​សន្តិវិធី។

លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ះពាល់​ដល់​ឆន្ទៈ​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​កៅអី និង​ចូល​ធ្វើការ​នៅ​ក្នុង​រដ្ឋ​សភា និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​និង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ប្រសិនបើមានការចចារទ្រង់ទ្រាយធំនោះសូមចាក់ផ្សាយផ្ទាល់តាមរយៈប្រព័ន្ធផ្សព្ធផ្សាយ ឬរៀបនៅពហុកីឡាស្ថានអូឡាំពិក។
ម្យ៉ាងវិញទៀតល្មមហើយដែល រដ្ឋាភិបាលគួរតែអនុវត្តតាមរដ្ឋធម្មនុញ្ញ គឺរៀបចំសមាជជាតិ ដើម្បីឲ្យប្រជាពលរដ្ឋបានរិះគន់ និងស្នើសុំការដោះស្រាយបញ្ហានានា។
សង្ឃឹមថា ព្រះមហាក្សត្រនឹងយាងចូលជាអធិបតី ដូចព្រះបរមរតនកោដិ។

Dec 31, 2013 12:55 AM

អ្នក​អាន​អនាមិក

ខ្មែរ ! . . . ងើបឡើង ! សាមគ្គីគ្នាកសាងសង្គមជាតិខ្មែរឲ្យបានចំរើនដូចបុព្វបុរសខ្មែរ

Dec 30, 2013 10:11 PM

PP

CPP has stolen votes that make the country turns into chaotic. Now, this CPP group points its fingers to the other. This is not a productive tactics but it is a destructive tricks that cause more trouble and damages.

Dec 30, 2013 11:02 AM

គេហទំព័រ​ទាំងមូល