សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​គ្រោង​ប្ដឹង​ទៅ​សង្គម​ស៊ីវិល ព្រោះ​មិន​សូវ​ជឿ​សមត្ថកិច្ច

ដោយ អាស៊ីសេរី
2019-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស្រី ច័ន្ទតារា ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ដេញ​វាយ​ធ្វើ​បាប បណ្ដាល​ឱ្យ​បែក​ក្បាល​ ក្នុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ  ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ២០១៩ ។
លោក ស្រី ច័ន្ទតារា ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ដេញ​វាយ​ធ្វើ​បាប បណ្ដាល​ឱ្យ​បែក​ក្បាល​ ក្នុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ២០១៩ ។
រូប៖ ហ្វេសប៊ុក Phalla Morn

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ លោក ស្រី ច័ន្ទតារា ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​ថា នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​ជួយ​តាមដាន និង​ឃ្លាំមើល​សុវត្ថិភាព​របស់​លោក។

ការ​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល​បែបនេះ ព្រោះ​លោក​ថា មិន​សូវ​មាន​ជំនឿ​លើ​ប្រសិទ្ធភាព​នៃ​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ ដោយ​ព្រួយបារម្ភ​ថា ខ្លាច​មានការ​ប្រកាន់​និន្នាការ​នយោបាយ ព្រោះ​លោក​មាន​អតីត​ភាពជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ស្រី ច័ន្ទតារា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រោយ​ពេល​លោក​ដាក់​បណ្ដឹង​កាលពី​ថ្ងៃ​កើត​ហេតុ សមត្ថកិច្ច​បាន​និយាយ​ថា ករណី​ហិង្សា​លើ​រូប​អាច​ជា​ករណី​វាយ​ច្រឡំ​មនុស្ស។ ប៉ុន្តែ​លោក​យល់ថា ជន​ប្រព្រឹត្ត​ដែល​វាយ​ធ្វើបាប​លោក គឺ​មាន​ចេតនា​ព្រោះ​ជន​ប្រព្រឹត្តិ​បាន​តាម​ចេញ​វាយ​លោក​ម្ដង​ហើយ​ម្ដងទៀត រហូតដល់​លោក​ស្រែក​ថា ចោរៗ​ទើប​គេ​ឈប់​ដេញ​តាម៖ «ខ្ញុំ​អត់​ដែល​មាន​ទំនាស់​ជាមួយ​អ្នកណា​ទេ ប៉ូលិស​គេ​ចុះ​មក​ស៊ើបអង្កេត​កន្លែង​កើត​ហេតុ គេ​ទៅ​ពិនិត្យ​ទ្រុង​មាន់​ខ្ញុំ​អី​ទៅ រឿង​ហ្នឹង​គេ​សន្និដ្ឋាន​ប្រហែលជា​គេ​វាយ​ច្រឡំ»

លោក ស្រី ច័ន្ទតារា គឺជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ដេញ​វាយ​ធ្វើ​បាប បណ្ដាល​ឱ្យ​បែក​ក្បាល​រង​របួស​ធ្ងន់​ធ្ងរ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ក្នុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះ​។ ប៉ុន្តែ រាល់​ពេល​មាន​ការ​វាយ​ធ្វើបាប​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ គេ​កម្រ​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល