ប្រទេស​ចិន​ផ្ដល់​ជំនួយ​យោធា​ប្រមាណ ៩០លាន​​ដុល្លារ​​បន្ថែម​​ទៀត​​ដល់​របប​ក្រុង​ភ្នំពេញ

ដោយ ម៉ៅ សុធានី
2019-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ប្រទេស​ចិន​បាន​សម្រេច​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ជាង ៦០០លាន​យ័ន ឬ​ស្មើ​នឹង​ប្រមាណ ៩០លាន​ដុល្លារ​អាមេរិក បន្ថែម​ទៀត​ដល់​របប​ក្រុង​ភ្នំពេញ សម្រាប់​វិស័យ​ការពារ​ជាតិ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​សរសើរ​ និង​បង្ហាញ​ជំហរ​គាំទ្រ​ខ្លាំង​ចំពោះ​ “គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ” របស់​ចិន។

នេះ​បើ​តាម​ការ​អះអាង​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការនៅថ្ងៃទី២៩ មេសា បន្ទាប់​ពី​លោក​​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៥ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

លោក ហ៊ុន សែន បាន​ចាត់​ទុក​ មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​ថា ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា ហើយ​លោក​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹក​នាំ​ចិន​ផង​ដែរ ដែល​បាន​សន្យា​ជួយ​របប​របស់​លោក​គ្រប់​បញ្ហា​ទាំង​អស់ រួម​ទាំង​រឿង​ EBA ផង​ដែរ។

ក្នុង​រយៈ​ពេល​មិន​ដល់​​មួយ​ឆ្នាំ​ផង របប​ក្រុង​ប៉េកាំង​បាន​សន្យា​ផ្ដល់​ជំនួយ​ជិត ៨រយ​លាន​ដុល្លារ (៨០០) រួច​ទៅ​ហើយ​ដល់​របប​លោក ហ៊ុន សែន។ កាល​ពី​ពាក់​កណ្ដាល​​​ឆ្នាំ ២០១៨ កន្លង​ទៅ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក​ ដល់​វិស័យ​យោធា​កម្ពុជា។ បន្ទាប់​មក​ នៅ​ចុង​ខែ​មករា ឆ្នាំ២០១៩ មហា​អំណាច​ចិន​ក៏​​​បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត ៦០០លាន​ដុល្លារ​អាមេរិក បន្ថែ​ម​ទៀត ​ដល់​របប​ក្រុង​ភ្នំពេញ ​សម្រាប់​គម្រោង​អភិវឌ្ឍ​រយៈពេល​ ៣ ឆ្នាំ។

ស្រប​ពេល​ដែល​ជំនួយ​របស់​ចិន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​ក៏​បាន​កើន​ឡើង​ជា​គំហុក​ផង​ដែរ។ បច្ចុប្បន្ន​នេះ កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង​ជាង ២០% នៃ​ផលិតផល​ក្នុង​ស្រុក​ (GDP) របស់​កម្ពុជា ឬ​អាច​និយាយ​មួយ​បែប​ទៀត​ថា ចិន​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​​ជាង ៤២% នៃ​ទំហំ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​​បរទេស ជាង ១១ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​យល់​ឃើញ​ស្រប​គ្នា​ថា ចិន​កំពុង​ប្រើប្រាស់​លុយ​ជំនួយ និង​កម្ចី​ទាំង​នេះ ​ជា​អន្ទាក់​បំណុល ដើម្បី​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល