ក្រុម​យុវជន​និង​ពលរដ្ឋ​រិះគន់​ការ​សង់​ស្តូប​វៀតណាម ២៥​ខេត្ត​/​ក្រុង​ ទូទាំង​ប្រទេស

ដោយ ថន ថារ៉ូ
2019-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្តូប​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​វៀតណាម ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ សម្រេច​កសាង​ឲ្យ​កាន់​តែ​ធំ​នៅ​ខាង​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
ស្តូប​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​វៀតណាម ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ សម្រេច​កសាង​ឲ្យ​កាន់​តែ​ធំ​នៅ​ខាង​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ក្រុម​យុវជន និង​ពលរដ្ឋ​មួយ​ចំនួន រិះគន់​ការសាងសង់​ស្ដូប​មិត្តភាព​កម្ពុជា​វៀតណាម គ្រប់ ២៥ ខេត្ត​/​ក្រុង​នៅ​ទូទាំង​ប្រទេស​។ ពួកគេ​ចាត់ទុកថា បញ្ហា​នេះ​ហាក់​បី​ដូច​ប្រទេស​កម្ពុជា ឋិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​វៀតណាម ដោយ​អាថ៌កំបាំង​។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​អ្នក​រិះគន់​ថា ជា​ក្រុម​បក្ស​ប្រឆាំង​កើត​ជំងឺ​ព្រួយ​ឥតប្រយោជន៍។

ក្រុម​យុវជន គណបក្សប្រឆាំង និង​ពលរដ្ឋ​មួយចំ​នួន មិន​គាំទ្រ​ចំពោះ​ការសាងសង់​ស្ដូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ទូទាំង​ប្រទេស​នោះ​ទេ​។ ពួកគេ​អះអាង​ថា វៀតណាម ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ឈ្លានពាន​ទឹកដី​កម្ពុជា ជាច្រើន ដូចជា ដែនដី​កម្ពុជា​ក្រោម និង​កោះត្រល់​ជាដើម។ ម្យ៉ាងវិញទៀត ស្រប​ពេល​ភាព​ចម្រូងចម្រាស​រវាង​ព្រំដែន​ប្រទេស​ទាំងពីរ មិនទាន់​ដោះស្រាយ​រួចរាល់​ផង ស្រាប់តែ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សាងសង់​ស្តូប​អនុស្សាវរីយ៍​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា​-​វៀតណាម នៅ​ទូទាំង​ប្រទេស។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៥ ខែ​ធ្នូ​ថា នៅ​ខេត្ត​ស្ទឹងត្រែង​មាន​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម លើ​សួនច្បារ​មាត់ទន្លេ ក្នុង​ក្រុង​ស្ទឹងត្រែង ដែល​ទើប​សាងសង់​រួចរាល់ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​មិន​សប្បាយ​ចិត្ត​ចំពោះ ការ​សាងសង់​ស្តូប​នេះ​ទេ ព្រោះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​កម្ពុជា​ឡើយ​៖ «បើ​ដូច​ខ្ញុំ មិន​សប្បាយចិត្ត​ទេ​ធ្វើ​អ៊ីចឹងៗ ស្តូប​អី​គេ​ហ្នឹង​? ២៤ ខេត្ត​ក្រុង​មិនមែន​ពលរដ្ឋ​អត់បាយ​ទៅ​អង្គា​ម​អាស្តូប​ហ្នឹង​បាន​ឆ្អែត​អី​ណា​? យើង​រាល់ថ្ងៃ​ខ្វះ​ប្រឡាយ​ទឹក គ​គោក សូម​មេត្តា​ខាង​វៀតណាម​ហ្នឹង សង់​ស្តូប​តែមួយ​បាន​ហើយ សល់​លុយ​ប៉ុន្មាន​ជួយ​ខ្មែរ​វិញ​ទៅ​។ ប្រសិនជា​មិត្ត​ពិតប្រាកដ​ហ្នឹង​ខ្មែរ​។ តែ​ខ្ញុំ​ខ្លាច​ស្រាប់​តែ​មាន​ថ្ងៃ​ណាមួយ អានេះ​ខេត្ត​ខ្ញុំ អានោះ​ខេត្ត​ខ្ញុំ​។ ខ្លាច​តែ​មាន​ថ្ងៃ​ណាមួយ​ទេ​ណា»

សមាជិក​ក្រុមការងារ ១០០​រាត្រី លោក សឺន ពិសិដ្ឋ យល់ថា ការសាងសង់​ស្ដូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ទូទាំង ២៥​ខេត្ត​/​ក្រុង ហាក់ជា​យុទ្ធសាស្ត្រ​ឈ្លានពាន រយៈពេល​វែង របស់​វៀតណាម និង​ហាក់បីដូចជា​ប្រវត្តិសាស្ត្រ​កម្ពុជា​-​វៀតណាម មាន​ភាព​ស៊ីជម្រៅ​ដែល​មិន​អាច​វាស់វែង​បាន​ដូច្នេះ​ដែរ​៖ «ប្រសិនបើ​យុទ្ធសាស្ត្រ​របស់​វៀតណាម ធ្វើ​បាន​ជោគជ័យ ១៤​ខេត្ត​/​ក្រុង គឺជា​រឿង​មួយ​ព្រួយបារម្ភ​បំផុត​សម្រាប់​ខ្ញុំ​ជា​ខ្មែរ​ផ្ទាល់​។ អនាគត​ទៅជា​ភស្តុតាង ជា​មនោគមន៍​វិជ្ជា​របស់​វៀតណាម យើង​អាច​បាត់បង់​ដី​បន្តបន្ទាប់​ទៀត»

ឆ្លើយតប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​អ្នក​រិះគន់​ទាំងនេះ ជា​ក្រុម​បក្ស​ប្រឆាំង​។ លោក​ថា ការសាងសង់​ស្ដូប​ទាំងនេះ ជា​និមិត្តរូប​នៃ​ការ​បញ្ចប់​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​ជា​និម្មិត​រូប​នៃ​សាមគ្គីភាព មិត្តភាព​មិន​អាច​ខ្វះ​បាន នៃ​ប្រទេស​ទាំង​២៖ «ការដែល​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ឱ្យ​វារ​លាយ​សាបសូន្យ​ទៅ​ហ្នឹង គឺ​មាន​កម្លាំង​សាមគ្គីភាព​រវាង​កម្ពុជា និង​វៀតណាម​។ បើ​គ្មាន​កម្លាំង​សាមគ្គី​ហ្នឹង​ទេ មិន​អាច​យកឈ្នះ​ពួក​ខ្មែរក្រហម ប៉ុន្មាន​កងពល​ហ្នឹង​ទេ​។ អ៊ីចឹង​ទៅ បាន​យើង​ធ្វើ​ស្តូប​អនុស្សាវរីយ​ហ្នឹង​។ ជំងឺ​ព្រួយ​ហ្នឹង​គាត់​ព្រួយ​រហូត អត់​មានរឿង​អី​ក៏​ព្រួយ​ដែរ អស់​លោក​អ្នក​ប្រឆាំង​កើត​ជំងឺ​ព្រួយ​ប្រចាំ​ត្រកូល​គាត់​ហើយ»

កាលពី​ចុង​ឆ្នាំ​២០១៧ សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ថា កម្ពុជា​បាន​ចំណាយ​ប្រាក់ ៧​លាន ៨​សែន​ដុល្លារ​ដើម្បី​ជួសជុល ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ចំនួន​១៧​ស្ដូប នៅ​តាម​បណ្ដា​ខេត្ត​/​ក្រុង​មួយ​ចំនួន​។ ស្ដូប​មិត្តភាព​-​កម្ពុជា​ទាំងនេះ គេ​កសាង​រូប​ទាហាន​វៀតណាម​ម្នាក់ ទាហាន​ឡាវ​ម្នាក់ និង​រូប​ស្ដ្រី​ខ្មែរ​ម្នាក់ ព​កូន​ខ្ចី។

តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​រំលាយ​ចោល លោក អ៊ុំ សំអាន យល់ថា ការសាងសង់​ស្តូប​ទាំងនេះ គឺជា​រឿង​មួយ​ខុសឆ្គង​របស់​មេដឹកនាំ​កម្ពុជា និង​ជា​ករណី​ដ៏​គ្រោះថ្នាក់​មួយទៀត នៅ​ថ្ងៃ​អនាគត​។ លោក​ថា ប្រសិនបើ​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត ដឹកនាំ​រដ្ឋាភិបាល នឹង​ស្នើ​ឱ្យ​រដ្ឋសភា​ពិចារណា​បញ្ហា​នេះ​ឡើងវិញ​៖ «ខុសគ្នា​អ៊ីចឹង​សមិទ្ធផល​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ គឺ​ប្រាសាទ សមិទ្ធផល​របស់​លោក ហ៊ុន សែន គឺ​ស្តូប​ពេញ​ទឹកដី​ខ្មែរ​វិញ។ ទឹកដី​កម្ពុជា​ក្រោម យួន​យក​ដែរ មិន​រំឭក​គុណ​ខ្មែរ​យើង បែរជា​យើង​នឹក​គុណ​យួន​។ ធ្វើ​ស្តូប​យួន​នៅ​ស្រុក​ខ្មែរ នេះ​ជា​រឿង​មួយ​ខុសឆ្គង​របស់​មេដឹកនាំ​ខ្មែរ​យើង​សព្វថ្ងៃ​នេះ»

ស្តូប​មិត្តភាព កម្ពុជា​-​វៀតណាម​នៅ រាជធានី​ភ្នំពេញ​មាន​ទំហំ​ធំ​ជាងគេ ហើយ​ថ្នាក់​ដឹកនាំ​វៀតណាម និង​កម្ពុជា​តែង​មក​គោរព និង​ដាក់​កម្រង​ផ្កា​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល