បក្ស​កាន់​អំណាច​ថា មតិ​រិះគន់ និង​ការ​កាន់​ទុក្ខ​រឿង​ព្រំដែន ជា​រឿង​ឥតប្រយោជន៍

ដោយ សេក បណ្ឌិត
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​ ហ៊ុន សែន

គណបក្ស​កាន់អំណាច​អះអាង​ថា សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ ២០១៩​នេះ ជា​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ភាព​ច្បាស់លាស់ ផ្ដល់​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្បែរ​ព្រំដែន និង រក្សា​ទឹកដី​កម្ពុជា​ឱ្យ​គង់វង្ស​។ ទោះជា​យ៉ាងណា មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ និង​ក្រុម​យុវជន​មួយ​ចំនួន​នៅតែ​យល់ថា សន្ធិសញ្ញា​ថ្មី​នេះ ធ្វើ​ឱ្យ​បាត់បង់​បូរណភាព​ទឹកដី​ទៅ​ប្រទេស​វៀតណាម​បន្ថែម​ទៀត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ថា បង្គោល​ព្រំដែន​ដែល​បាន​ចុះហត្ថលេខា​សម្រេច​បាន ៨៤ភា​គរយ ឬ​ស្មើ ៣១៥​បង្គោល គឺជា​ព្រំដែន​ជាក់លាក់​មិន​កែប្រែ និង​ផ្ដល់​ប្រយោជន៍​ឱ្យ​ប្រជាជន​រស់នៅ​តំបន់​ដែល​មាន​ព្រំដែន​ជាប់​ព្រែក និង​ទន្លេ មាន​សិទ្ធិ​ប្រើប្រាស់​ទឹក​ធ្វើ​កសិកម្ម នេសាទ​ត្រី និង​នាវាចរ​។ លោក​ថ្លែង​ទៀត សន្ធិសញ្ញា​ថ្មី​នេះ មិន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​កម្ពុជា​នោះ​ទេ ហើយ​រដ្ឋាភិបាល​សព្វថ្ងៃ​ហ៊ាន​ធានា​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ជោគវាសនា​ជាតិ និង​ប្រវត្តិសាស្ត្រ​ប្រទេស​ជាតិ។ អ្នកនាំពាក្យ​រូប​នេះ​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ ជា​សន្ធិសញ្ញា​ខុសច្បាប់៖ «អា​សង្គ្រោះ​ជាតិ​ហ្នឹង វារ​លាយ​ទៅ​ហើយ ហើយ​វា​រាល់ថ្ងៃ​នេះ វា​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។ អ៊ីចឹង​យើង​យកពាក្យ​ឧទ្ទាម​ក្រៅច្បាប់ មក​ធ្វើជា​បានការ​ម៉េច​? យើង​មាន​គណៈកម្មការ​ព្រំដែន​គេ​ធ្វើការ​ជាក់ស្ដែង​។ អ៊ីចឹង​វា​អត់​មាន​បាត់​ទេ ហើយ​និង​មានការ​ទទួលខុសត្រូវ​ចំពោះ​ជោគវាសនា និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ មិនមែន​អ្នក​ថា ដូច​ពួក​អ្នក​ថា អ៊ី​ណា​។ អ្នក​ថា ជូន​ណា នៅ​ថៃ នៅ​អាមេរិក ចេះតែ​ថា​មក​ទៅ»

លោក សុខ ឥសាន ចាត់​ទុក​មតិ​រិះគន់​រឿង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ និង​ការ​ដាក់​រូប​កាន់​មរណទុក្ខ​ក្នុង​ទំព័រ​ហ្វេសបុក​ថា ជា​រឿង​គ្មាន​ប្រយោជន៍​នោះ​ទេ ព្រោះ​លោក​ថា អង្ករ​បាន​ក្លាយ​ជា​បាយ​ហើយ​។ លោក​អះអាង​ទៀត​ថា រដ្ឋាភិបាល និង​រដ្ឋសភា​ជាតិ ធានា​ថា ផ្ទៃដី​កម្ពុជា​១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ នៅតែ​រក្សា​បាន​ដដែល​ហើយ​លោក​ថា ប្រសិនបើ នរណា​មិន​សុខចិត្ត ការ​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤ ភាគរយ គឺ​អាច​ទៅ​វាស់ដី តាម​បណ្ដោយ​ព្រំដែន​ដោយ​ខ្លួនឯង​បាន​៖ «និយាយ​រួម​ទៅ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០១៩ នេះ​វា​មាន​អត្ត​ប្រយោជន៍ ៣ ទី​១ ព្រំដែន​ជាក់លាក់​១ អត់​មាន​កែប្រែ ទី​២ យើង​បាន​ទឹក​ប្រើប្រាស់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​ខណ្ឌ​ដោយ​ព្រែក និង​ទន្លេ ហើយ​ទី​៣ យើង​រក្សា​បាន​ដីស្រែ​ចម្ការ របស់​ពលរដ្ឋ​ដែល​ពី​មុន​មក គេ​ស្រែក​ថា បាត់​ឥឡូវ​វា​អត់​បាត់​ទេ យើង​ធានា​បាន​ទាំងអស់»

កាល​ពី​ពេល​ថ្មីៗ​នះ ព្រះមហាក្សត្រ​កម្ពុជា ប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ស្ដីពី​បង្គោល​ព្រំដែន​ដែល​កម្ពុជា​បាន​បោះ​រួច​ចំនួន ៨៤% ជាមួយ​ភាគី​វៀតណាម។

ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​សន្ធិសញ្ញា​នេះ ផ្ទុះ​ការរិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​ពលរដ្ឋ ក្រុម​យុវជន គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ហើយ​ពួកគេ​មួយ​ចំនួន បាន​តាំង​រូប​សម្ដែង មរណទុក្ខ​ក្នុង​ទំព័រ​ហ្វេសបុក របស់​ខ្លួន ដោយសារ​យល់​ថា រឿង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​បូរណភាព​ទឹកដី​កម្ពុជា ជា​ប្រ​វត្តិសាស្ដ្រ នៅ​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ឋិត​ក្នុង​កណ្ដាប់ដៃ​លោក ហ៊ុន សែន។

ព្រះសង្ឃ​មួយ​អង្គ​បាន​ប្រតិកម្ម ក្នុង​ទំព័រ​ហ្វេសបុក​របស់​ព្រះអង្គ​ថា ការប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០១៩​នេះ​ជា ជា​ការ​ប្រមាថ​មើលងាយ​ទឹកចិត្ត​កូន​ខ្មែរ​ទាំងមូល និង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត ក្នុង​ទំព័រ​ប្រវត្តិសាស្ដ្រ ដែល​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់​៖ «កាលដែល​របប​លោក ហ៊ុន សែន ធ្វើ​ព្រះករុណា ធ្វើ​បច្ចុប្បន្ន​មក​លើ​ជាតិ​របស់​យើង​នេះ ជា​ការ​ជាន់​ពន្លិច​រំលោភ​រដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ព្រះ​ករុណា​ទ្រង់​ធានា បូរណភាព អធិបតេយ្យ អត់​មាន​ឱ្យ​នរណា​រំលោភបំពាន​បាន ហើយ​បើ​ព្រះ​ករុណា​លោក​ធានា មិន​បាន​ម្ដេច​លោក ធ្វើ​ឱ្យ​ឈឺចាប់​ដល់​ពលរដ្ឋ​ទៀត? អ៊ីចឹង​កាល​ដែល ព្រះរាជក្រម​ថា ប្រញាប់​នេះ ព្រោះ ហ៊ុន សែន គាត់​មើល​ឃើញ​ថា គាត់​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺចាប់​ខ្លាំង​ណាស់ រឿង​ឱ្យ​ដី​ឱ្យ​ទឹក​ទៅ​យួន រឿង​បោះ​បង្គោល​ព្រំដែន រឿង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ រឿង​ប្លន់​អាសន​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ចុះហត្ថលេខា​នេះ សុទ្ធតែ​ជា​រឿង​ក្តៅ​ក្រហាយ​ដល់​ពលរដ្ឋ»

ចំណែក តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា រដ្ឋសភា ព្រឹទ្ធសភា និង​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ កើតឡើង​ដោយ​ការបោះឆ្នោត​ក្លែងក្លាយ ពុំ​មែន​ជា​ស្ថាប័ន​កំពូល​តំណាង​ឱ្យ​ឆន្ទៈ​រាស្ដ្រ​ខ្មែរ​ទាំងមូល​នោះ​ទេ ហើយ​សហគមន៍​អន្តរជាតិ​ក៏​មិន​ទទួលស្គាល់ ការ​បោះឆ្នោត​ក្លែងក្លាយ​នេះ​ដែរ​។ លោក​ថា ប្រសិនបើ​ទៅ​ថ្ងៃមុខ គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល នឹង​សើរើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩​នេះ និង​ស្នើ​ឱ្យ​រដ្ឋសភា​ប្រកាស​លុបចោល​សន្ធិសញ្ញា​ទាំងនេះ​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស កំពុង​ពិភាក្សា​គ្នា ស្វែងរក​មេធាវី ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ ១៩៩១ និង​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ប្រកាស​មិន​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩​នេះ​៖ «រដ្ឋាភិបាល​សព្វថ្ងៃ គាត់​ជំពាក់​គុណ​យួន គាត់​នៅ​យក​អា​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ មក​ប្រើ កាលណា​យើង​យក​អាហ្នឹង​មក​ប្រើ វា​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ហើយ ធម្មតា​សម័យ​ហ្នឹង សម័យ​យួន​គ្រប់គ្រង​គេ​មិនដែល ឱ្យ​យើង​ស៊ីញ៉េ​សម័យ​គេ​គ្រប់គ្រង ចំណេញ​មក​យើង​ទេ ជា​ធម្មតា​ចំណេញ​ទៅ​យួន​ហើយ​។ យើង​ដឹង​ហើយ​ថា សន្ធិសញ្ញា​ឆ្នាំ ១៩៨៥​ហ្នឹង យួន​ជា​អ្នក​រៀបចំ​ឱ្យ​ទាំងអស់ ទាំង​សន្ធិសញ្ញា និង​ផែនទី យួន​ជា​អ្នក​រៀបចំ​ឱ្យ​ទាំងអស់ យើង​អត់​មាន​គណៈកម្មការ​ព្រំដែន​មក​ចរចា​ជាមួយ​យួន​ទេ ព្រោះ​យួន​ជា​អ្នកគ្រប់គ្រង​ចាត់ចែង​សម័យ​ហ្នឹង»

លោក អ៊ុំ សំអាន បន្ថែម​ថា សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម គឺជា​សន្ធិសញ្ញា​ខុសច្បាប់ ដែល​កើតឡើង អំឡុង​ពេល​ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា។ លោក​ថា សន្ធិសញ្ញា​នេះ ផ្ទុយ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

រដ្ឋធម្មនុញ្ញ​មាត្រា ៥៥ និង​មាត្រា ២​ចែងថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា ត្រូវ​លុបចោល​។ បូរណភាព​ទឹកដី​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​កំណត់ ក្នុង​ផែនទី​ខ្នាត ១/១០០​ពាន់ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣ ដល់​ឆ្នាំ ១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់ ជា​អន្តរជាតិ នៅ​ចន្លោះ​ឆ្នាំ១៩៦៣ ដល់​ឆ្នាំ​១៩៦៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល