ពលរដ្ឋ​នៅ​បាត់ដំបង​បារម្ភ​រឿង​សកម្មជន​បក្ស​កាន់​អំណាច​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​តាម​ភូមិ

ដោយ ហ៊ុំ ចំរើន
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ការិយាល័យ​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
ទិដ្ឋភាព​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ការិយាល័យ​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
RFA/Hum chamroeun

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​​សកម្មជន​គណបក្ស​កាន់​អំណាច​​ដើរ​ប្រមូល​ពលរដ្ឋ​តាម​ភូមិ​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្ដី​បារម្ភ​នេះ​​ ដោយសារ​សកម្មជន​ទាំង​នោះ​ បាន​ខ្ចប់​សន្លឹក​ឆ្នោត​ដែល​ពលរដ្ឋ​​គូស​រួច​​យក​ទៅ​ជាមួយ។

​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង លើក​ឡើង​ថា សន្លឹក​ឆ្នោត​ដែល​ពួកគាត់​បាន​គូស​ឲ្យ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​​ពុំ​មែន​ចេញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពួកគាត់​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង​ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា សកម្មជន​គណបក្ស​កាន់​អំណាច រួម​មាន​មេ​ភូមិ និង​បេក្ខជន​ឈរ​ឈ្មោះ​ជា​ក្រុមប្រឹក្សា​សង្កាត់​អូរចារ ​ជាដើម បាន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ជួប​​ជុំ​គ្នា​នៅ​តាម​ផ្ទះ​នៅ​ក្នុង​សង្កាត់​នេះ​​ រួច​បង្រៀន​ពួកគាត់​​ឲ្យ​គូស​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចែក​ត្រីខ ១​កំប៉ុង នំប៉័ង ១ និង​ទឹក​សុទ្ធ​មួយ​ដប។

ពលរដ្ឋ​រូប​នេះ​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​គេ​យក​សន្លឹក​ឆ្នោត​នោះ​ទៅ​ប្រើ​ជា​សន្លឹក​ឆ្នោត​បាន​ការ ហើយ​ខុស​ពី​ចេតនា​ពិត​ប្រាកដ​របស់​ពួកគាត់៖ «សន្លឹក​ឆ្នោត​ហ្នឹង​​មាន​លេខ​៣ មាន​រូប​ទេពតា។ គេ​ប្រាប់​ពលរដ្ឋ​អ្នក​ចូល​រួម​សួរ​ថា ​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់​គ្នា​ហើយ ឬ​នៅ?»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ចៅ​សង្កាត់​អូរចារ​ លោក ហោ ឃឿន ទទួល​ស្គាល់​ថា ក្រុម​ការងារ​គណបក្ស​របស់​លោក​ពិត​ជា​បាន​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត​ទៅ​លើ​គណបក្ស​របស់​ខ្លួន​​ប្រាកដ​មែន ក៏​ប៉ុន្តែ​លោក​អះអាង​ថា ករណី​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ៖ «គណបក្ស​នយោបាយ​គេ​មាន​វិធីសាស្ត្រ​រៀង​ខ្លួន ហើយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ធ្វើ​អ៊ីចឹង​ដែរ គឺ​ក្នុង​យើង​មាន​គំរូ​សម្រាប់​បង្រៀន​គូស​សន្លឹក​​ឆ្នោត​ ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​លេខ​រៀង​គណបក្ស​នយោបាយ​​នៅ​ក្នុង​សង្កាត់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​បង្រៀន​ពលរដ្ឋ​ឲ្យ​​គូស​សន្លឹក​ឆ្នោត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពុំ​មែន​ជា​សន្លឹក​ឆ្នោត​ពិតប្រាកដ ចាត់​​ជា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ហើយ​ពុំ​បាន​ខុស​ច្បាប់​បោះ​ឆ្នោត​នោះ​ទេ។

លោក​អះអាង​ថា សន្លឹក​ឆ្នោត​នោះ​ក៏​​មិន​អាច​យក​ទៅ​ប្រើ​នៅ​ថ្ងៃ​បោះឆ្នោត​បាន​ដែរ៖ «ការ​ដែល​គូស ហើយ​ប្រមូល​នេះ​ខ្ញុំ​គិត​ថា វា​គ្រាន់​តែ​ទិន្នន័យ​មួយ​ដើម្បី​រាយការណ៍​ឲ្យ​បក្ស ព្រោះ​គណបក្ស​នីមួយៗ​គេ​តែង​តែ​អះអាង​ថា មាន​សមាជិក​ច្រើន​ ឲ្យ​ដឹង​ចំនួន​តួលេខ​ទេ។ ក៏ប៉ុន្តែ​ចំនួន​នេះ​ពុំ​អាច​យក​ជា​ការ​បាន​ទេ ពីព្រោះ​ពេល​ខ្លះ​ជា​សមាជិក​មែន​ តែ​មិន​ប្រាកដ​ថា អ្នក​នោះ​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ទេ»

​​​​​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា មាន​គណបក្ស​នយោបាយ​ចំនួន​៣ ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដូច​ជា​ការ​​បើក​រថយន្ត​ ឬ​ម៉ូតូ​ដោយ​ដាក់​គ្រឿង​បំពង​សំឡេង​​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​បក្ស​​ឃោសនា​តាម​​ផ្លូវ​​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​ពុំ​មាន​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​​ទេ។គណបក្ស​ទាំង​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល