របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ខណៈ​សកម្មជន​ផ្សេង​ទៀត​បាន​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​

ដោយ ហេង រស្មី
2019-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សឿន ស្រ៊ាង (ឆ្វេង) ដែល​អាជ្ញាធរ​ខេត្ត​កំពង់ចាម ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៩ និង​កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន។
លោក សឿន ស្រ៊ាង (ឆ្វេង) ដែល​អាជ្ញាធរ​ខេត្ត​កំពង់ចាម ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៩ និង​កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន។
រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម និង​រូប​ពលរដ្ឋ​ផ្ដល់​ឱ្យ

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​​ នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ខណៈ​សកម្មជន​ ៨នាក់​ទៀត​ទាំង​នៅ​ខេត្ត​កំពង់ចាម និង​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ ដើម្បី​គេច​ចេញ​ពី​ដីកា​ស្វែង​រក​ចាប់​ខ្លួន​ពី​តុលាការ​។​

ខណៈ​ពេល​ថ្ងៃកំណត់​លោក​ សម រង្ស៊ី​ វិល​ចូល​មកកាន់​មាតុប្រទេស​វិញ ​នៅ​ថ្ងៃទី​៩​ វិច្ឆិកា​ កាន់​តែ​ខិត​ចូល​មកដល់​។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​ចាប់​ខ្លួន​ និង​​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​ជា​បន្តបន្ទាប់​។​

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​កំពង់សៀម​ លោក​ស្រី​ លី គឹមហ៊ាង​ ប្រាប់​អាស៊ី​សេរី​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃទី​២៦​ កញ្ញា​កន្លង​ទៅ​នេះ​បាន​ចាប់​ខ្លួន​ លោក​ សឿន ស្រ៊ាង​ ដោយ​ពុំ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន។​

អ្នក​ស្រី​បញ្ជាក់​ថា​​ក្រុម​គ្រួសារ​សាច់​ញត្តិ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​ថា​ លោក សឿន ស្រ៊ាង​ ត្រូវ​សមត្ថកិច្ច​យក​ទៅ​ឃុំ​ឃាំង​នៅ​កន្លែង​ណា​ទេ​ ហើយ​ក៏​មិន​ដឹង​ពី​សុវត្ថិភាព​របស់​លោក​យ៉ាង​ណា​ដែរ៖ «ឃើញ​ទង្វើ​ទាំង​នេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ជន​រងគ្រោះ។ ចង់​និយាយ​ថា ​អ្នកដឹកនាំ​ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហ្នឹង​គាត់​អត់​មាន​គិត​ថា​ អ្វី​ជា​អំពើ​យង់ឃ្នង​ដល់​កម្រិត​ណា​ទេ។​ តែ​សម្រាប់​ខ្ញុំ​វិញ​ឈឺចាប់​ណាស់​ ចាប់​មនុស្ស​ទៅ​ទាំង​អយុត្តិធម៌​ដោយ​គ្មាន​កំហុស​អ្វី​សោះ»។​

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ចាម លោក​ ឯម កុសល​ ជុំវិញ​ការ​ចាប់ខ្លួន ​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ទេ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ដោយសារ​លោក​ប្រាប់​ថា ជាប់​កិច្ចការ៖ «សុំទោស​ខ្ញុំ​កំពុង​ជាប់​ធ្វើ​ការ​នៅ​កន្លែង​បន្តិច»

ទោះ​ជា​យ៉ាង​នេះ​ក្តី សាលា​ដំបូង​ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ​ដោយ​ចោទ​ប្រកាន់​ លោក​ សឿន ស្រ៊ាង ក្រុម​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ «រួមគំនិតក្បត់»​ តាម​មាត្រា​ ៤៥៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ដោយសារ​តុលាការ​ខេត្ត​កំពង់ចាម​លើក​ហេតុ​ផល​ថា​ លោក​ សឿង ស្រ៊ាង​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម​ និង​​ស្រុក​ចម្ការ​លើ​ មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​​ចូល​រួម​គាំទ្រ​គម្រោង​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាងមុខនេះ​ ។​

ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ នេះ​បាន​កើត​មាន​ឡើង​ ស្រប​​ពេល​​ដែល​​សកម្មជន​​​​​នៅ​ស្រុក​កងមាស​ខេត្ត​នេះ ៧នាក់​ទៀត កំពុង​រត់​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព កាលពី​​ថ្ងៃ​ទី​២៧ ​កញ្ញា។ ការ​រត់​គេច​ខ្លួន​នេះ​ គឺ​បន្ទាប់​ពី​ពួកគេ​​ទទួល​ដីកា​ពី​តុលាការ​ឱ្យ​ចូល​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ជំរុញ​​​របប​ក្រុង​ភ្នំពេញ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ​ដើម្បី​រក្សា​ប្រព័ន្ធ​ពន្ធ ​EBA របស់​សហភាព​អឺរ៉ុប និង​គាំទ្រ​ឱ្យ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ​នៅ​ពេល​ខាង​មុខ។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កងមាស​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឈួន កុសល ប្រាប់​អាស៊ី​សេរី​ កាលពី​រសៀល​ថ្ងៃ​ទី២៧ កញ្ញា​ថា សកម្មជន​​បក្ស​របស់​លោក​ទាំង​ ៧​រូប​ក្នុង​នោះ ​ក៏​មាន​​​ស្ត្រី​ម្នាក់​ដែរ ​បាន​រត់​ភៀស​ខ្លួន​ទៅ​ដល់​កន្លែង​មាន​​សុវត្ថិភាព​ហើយ ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​គេ​ទទួល​​ដីកា​របស់​តុលាការ។

ចំណែក​ឯ​​សកម្មជន​ម្នាក់​ទៀត​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ដែរ​ ​ដើម្បី​​គេច​​ចេញ​​ពី​​ដីកា​​ស្វែង​រក​​ចាប់​​ខ្លួន​​ពី​​តុលាការ។

ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​​រាជធានី​ភ្នំពេញ លោក​ កូយ សៅ​ កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា កន្លងទៅ​នេះ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​កញ្ញា​ សៅ ឧសភា​ អាយុ​ ២៥ឆ្នាំ​ ពី​បទ «រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម»​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​អំឡុង​ឆ្នាំ​២០១៩។

សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ ​លោក​ គង់ ស៊ីវង្ស ​មាន​ប្រសាសន៍​ថា​ កញ្ញា សៅ ឧសភា បាន​ទៅ​ដល់​ទីតាំង​មាន​កន្លែង​សុវត្ថិភាព​ហើយ​។

ប្រធាន​ចលនា​យុវជនCNRPស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ កញ្ញា សៅ ឧសភា ប្រាប់​អាស៊ី​សេរី​ថា ការ​ចោទ​ប្រកាន់​មក​លើ​កញ្ញា​គឺ​ជា​អំពើ​អយុត្តិធម៌​ ដែល​មិន​អាច​ទទួល​យក​បាន៖ «ចំពោះ​ដីកា​មួយ​នេះ​វា​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​ សម្រាប់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដូច​ដែល​គាត់​ចោទ​។​បទ​រួម​គំនិត​ក្បត់​ បទ​ញុះញង់​អី​ហ្នឹង​ គឺ​បើ​និយាយ​ពី​សកម្មភាព​របស់​ខ្ញុំ​គឺ​មិន​មាន​ដូច​អ្វី​ដែល​គាត់​ចោទ​ហ្នឹង​ទេ។ ខ្ញុំ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ដែល​ចេញ​ដីកា​ហ្នឹង​សូម​ឲ្យ​គាត់​ក្រឡេក​មក​មើល​សកម្មភាព​របស់​ខ្ញុំ​ម្ដង​ទៀត​ ហើយ​នឹង​ក្រឡេក​ទៅ​មើល​ដីកា​របស់​គាត់​ម្ដង​ទៀត​ថា​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ខ្ញុំ​វា​ត្រឹមត្រូវ​ស្រប​ច្បាប់​ដែរ​ឬ​អត់»

កញ្ញា សៅ ឧសភា ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ម្ដង​រួច​ហើយ កាល​ថ្ងៃ​ទី២៣ សីហា​កន្លងទៅ ទាក់ទង​ករណី​ប្រើ​​ហ្វេសប៊ុក (facebook)  បង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ក្រោយ​​ការ​សាកសួរ និង​ស្រាវជ្រាវ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ត្រឡប់​មក​ផ្ទះ​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី២៨ កញ្ញា​ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ នៅ​តាម​មូលដ្ឋាន​សរុប ២៩នាក់​ ដាក់​ក្នុង​ពន្ធនាគារ​ ហើយ​បាន​កោះហៅ​ និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​កើន​ដល់ ១៥៨នាក់​ហើយ។ ក្រៅពី​នេះ​ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ក៏​កំពុង​ទទួលរង​ការ​គំរាមកំ​ហែង​ និង​រង​ការ​វាយដំ​តាម​រូប​ភាព​ផ្សេងៗ ​ទៀត។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR លោក ឆាល សាន់​ទីយ៉ាហ្គោ (Charles Santiago) ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ថា ជា​ការ​គំរាម​កំហែង ក្នុង​ហេតុ​ផល​នយោបាយ នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោក​ស្នើ​ឲ្យ​របប​នេះ កុំ​រារាំង​ដំណើរ​វិល​ត្រឡប់​ដោយ​សន្តិវិធី​​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​ប្រយោជន៍​ប្រជាធិបតេយ្យ។ លោក​ព្រមាន​ថា កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា នឹង​បន្ត​អាក្រក់ នៅ​ក្នុង​ក្រសែ​ភ្នែក​សហគមន៍​អន្តរជាតិ បើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​តែ​មិន​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល