អ្នក​ស្រី អ៊ុង សានស៊ូជី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ៣ថ្ងៃ

ដោយ ម៉ៅ សុធានី
2019-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ នៃ​សហភាព​មីយ៉ាន់ម៉ា (Myanmar) ពេល​មក​ដល់​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ នៃ​សហភាព​មីយ៉ាន់ម៉ា (Myanmar) ពេល​មក​ដល់​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Ministry of Foreign Affairs Myanmar

ទីប្រឹក្សារដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សហភាព​មីយ៉ាន់ម៉ា (Myanmar) អ្នក​ស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​ទី២៩ មេសា ក្នុង​ដំណើរ​ទស្សនកិច្ច​​​រយៈ​ពេល ៣ថ្ងៃ។

ទស្សនកិច្ច​ផ្លូវ​ការ​របស់​អ្នក​ស្រី​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី២៩ មេសា។

អ្នក​ស្រី អ៊ុង សានស៊ូជី នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ​ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ នៅ​ក្នុង​ព្រះបរមរាជវាំង ហើយ​នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ស្តូប​វិមានឯករាជ្យ​ផង​ដែរ។ ក្រៅ​ពី​នេះ អ្នកស្រី​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុង​ភ្នំពេញ រួមមាន​ ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ បន្ទាប់​ពី​នេះ អ្នកស្រី​នឹង​ទៅ​ទស្សនា​ប្រាសាទ​មួយ​ចំនួន​ នៅ​ខេត្ត​សៀម​រាប មុននឹង​ចាក​ចេញ​ពី​កម្ពុជា​នៅថ្ងៃទី០១ ឧសភា ខាងមុខ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​បង្អស់​របស់​អ្នកស្រី អ៊ុង សានសូជី មក​កាន់​កម្ពុជា បន្ទាប់​ពី​អ្នក​ស្រី​បាន​ក្លាយ​ជា​ទីប្រឹក្សា​រដ្ឋ ដែល​ជា​តំណែង​ស្រដៀងនឹង​នាយក​រដ្ឋ​មន្ត្រី និង​បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បាន​បិទ​បញ្ចប់​សករាជ​នៃ​របប​យោធា​ផ្ដាច់ការ កាល​ពី​ឆ្នាំ២០១៦ កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល