អាជ្ញាធរ​អប្សរា​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​របស់​លោក សុន ឆ័យ

ដោយ ហង្ស សាវយុត
2014-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith

អាជ្ញាធរ​អប្សរា​ដែល​ជា​ស្ថាប័ន​ថែរក្សា​ការពារ​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ប្រតិកម្ម​នឹង​ការ​រិះគន់​របស់​លោក សុន ឆ័យ ថា​កំពុង​ភូត​កុហក​សាធារណជន​ជុំវិញ​រឿង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ចុះ​ស្រាវជ្រាវ​អំពី​ចំណូល​ទេសចរណ៍ ហើយ​សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង​អះអាង​ថា គេ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​កេង​បន្លំ​ប្រាក់​ចំណូល​ជាតិ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ជា​ច្រើន​ហិកតារ​ផ្សេង​ទៀត។

ប្រមុខ​អាជ្ញាធរ​អប្សរា​ចោទ​ប្រកាន់​លោក សុន ឆ័យ ជា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ថា កំពុង​កេង​យក​ចំណេញ​នយោបាយ ដោយ​និយាយ​បំផ្លើស និង​មួលបង្កាច់​អាជ្ញាធរ​ជាតិ ក៏​ដូចជា​រដ្ឋាភិបាល​ខុស​ពី​ការ​ពិត។

មន្ត្រី​នៃ​ស្ថាប័ន​នេះ ប្រតិកម្ម​ថា អ្វី​ដែល​លោក សុន ឆ័យ អះអាង​ជុំវិញ​រឿង​អាជ្ញាធរ​អប្សរា​លាក់បាំង​ព័ត៌មាន​ធ្វើ​ឱ្យ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ក្នុង​បុរី​វប្បធម៌​ទេសចរណ៍​នោះ គឺ​ជា​រឿង​មិន​ពិត។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ ថា ក្នុង​ពេល​ដែល​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ៩​រូប ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​អប្សរា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កន្លង​ទៅ គឺ​លោក សុន ឆ័យ ដែល​ជា​អនុប្រធាន​គណៈកម្មការ​នេះ មិន​មាន​ឯកសារ​នៅ​ក្នុង​ដៃ​ជា​ភស្តុតាង​ដែល​អាច​សំអាង​អំពី​តួលេខ​នៃ​ទេសចរណ៍​បរទេស​មក​ទស្សនា​អង្គរ​ទេ ហេតុ​អ្វី​បានជា​លោក​ហ៊ាន​អះអាង​ថា ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរវត្ត ១៥០​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំៗ​ទៅ​វិញ?

លោក ប៊ុន ណារិទ្ធ បញ្ជាក់​ទៀត​ថា នៅ​ពេល​ជួប​ប្រជុំ​គឺ​លោក សុន ឆ័យ បាន​សុំ​ឯកសារ​ចំនួន​អ្នក​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​អង្គរ​រយៈពេល ១០​ខែ​ឆ្នាំ​២០១៤ ចំនួន​ជាង ១.៦​លាន​នាក់ និង​អាច​ទទួល​បាន​ចំណូល​ជាង ៤៧​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ហេតុ​អ្វី​ក៏​យក​ទៅ​គុណ​ឃើញ​ចំណូល​ខុស​ពី​តួលេខ​របស់​រដ្ឋ៖ «គាត់​ទទួល​ឯកសារ​ពី​ខ្ញុំ​ទៅ គាត់​ថា បាន​ឯកសារ​បាន​ទិន្នន័យ​ល្អ​ហើយ​ចាំ​គាត់​យក​ទៅ​ពិចារណា​រួច​ចប់​ទៅ​ស្រាប់តែ​ឭ​សូរ​មាន​ប្រសាសន៍​តាម​វិទ្យុ តាម​ទូរទស្សន៍​អ៊ីចឹង។ ខ្ញុំ​ក៏​ឆ្លើយ​តាម​របៀប​ហ្នឹង​សិន​កុំ​ឱ្យ​មតិ​មហាជន​អាច​យល់​ច្រឡំ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ កន្លង​ទៅ អាជ្ញាធរ​អប្សរា​បាន​សរសេរ​សេចក្ដី​បំភ្លឺ​មួយ​ដោយ​វាយ​ប្រហារ​លោក សុន ឆ័យ ថា បាន​និយាយ​បំផ្លើស មួលបង្កាច់ បំភាន់​មតិ​សាធារណជន​ជាតិ និង​អន្តរជាតិ ឱ្យ​យល់​ច្រឡំ​ទៅ​លើ​ស្ថាប័ន​អប្សរា និង​រដ្ឋាភិបាល ថា​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ជាតិ។ អាជ្ញាធរ​អប្សរា​វាយ​ប្រហារ​ទៀត​ថា អ្វី​ដែល​លោក សុន ឆ័យ ធ្វើ​គឺ​គ្រាន់តែ​ជា​គំនុំ​សង​សឹក​ផ្ទាល់ខ្លួន ដោយសារ​រូប​គាត់​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ធ្លាប់​រឹប​អូស​យក​ដី​ទំហំ ៣​ហិកតារ និង​ក៏​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ដែរ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សុន ឆ័យ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។ ក៏ប៉ុន្តែ​នៅ​មុន​ពេល​ដែល​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​អប្សរា ១​ថ្ងៃ លោក សុន ឆ័យ ធ្លាប់​បញ្ជាក់​ជំហរ​ថា លោក​នឹង​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាតិ គឺ​មិន​គិត​ពី​រឿង​ផ្ទាល់​ខ្លួន​ទេ៖ «ជា​គោលការណ៍​ខ្ញុំ​អត់​មានបំណង​យក​តួនាទី​ទៅ​គិត​ពី​រឿង​ផ្ទាល់​ខ្លួន​ទេ ខ្ញុំ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​អប្សរា​មែន ប៉ុន្តែ​ខ្ញុំ​គិត​រឿង​ប្រយោជន៍​ពលរដ្ឋ​ទូទៅ»

​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា ក្រៅ​តែ​ពី​ការ​សរសេរ​លិខិត​ប្រតិកម្ម​ឆ្លើយ​តប​លោក សុន ឆ័យ ពេល​នេះ គេ​នៅ​មិន​ប្រាកដ​ថា តើ​គេ​ត្រូវ​មាន​វិធានការ​ប្រឆាំង​នឹង​លោក សុន ឆ័យ ដែល​បន្តុះបង្អាប់​រដ្ឋាភិបាល​ខុស​ពី​ការ​ពិត​នោះ​ដែរ ឬ​ក៏​យ៉ាងណា​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

គិត ពិសិដ្ឋ

ពី ភ្នំពេញ

រឿងនេះមិនទាន់ដឹងថាការពិតយ៉ាងណានោះទេ ម្ខាងអាចថាចង់បានការចំណេញខាងនយោបាយ ឬគំនុំផ្ទាល់ខ្លួន តែយើងត្រូវប្រយ័ត្នម្ខាងទៀតព្រោះថាអ្នកកាន់ការនៅខាងអប្សរាដែលពត៍មាននិងទិន្នន័យទាំងអស់នៅក្នុងដៃពួកគេ ហើយគេក៏អាចក្លែងបន្លំបានដែរ។​ យើងគ្រាន់តែចងចាំក្នុងចិត្តថាអ្នកខ្លះចេះលួច គឺលួចមិនអោយគេទាន់និងដឹងបានឡើយ។​ លុយរាប់លានដុល្លាអ្នកណាមិនចង់បាន?

Dec 29, 2014 10:11 PM

Balathkeo

ពី Harrisburg, Pa.

I believed Mr. Bun Narith is a liar and Mr. Son Chhay is speculated. For Mr. Bun Narith, I would like to suggested that you have to reorganize your administration to do better to control the revenue, don't be so stubborn, some of foreigner who study magnificent Angkor Watt they will do better job to get more revenue, sanitary, parking, gifts shop...etc. For Mr. Son Chhay I think you do good job, but not enough to prove as a beyond reasonable doubt. I think you have to create oversight comity(combine both party ccp and cnrp) in the national assembly to dig this kind of corruption not just your comity alone.

Dec 29, 2014 01:11 PM

គេហទំព័រ​ទាំងមូល