តុលាការ​កោះហៅ​យុវជន​ឈឺឆ្អាល​ការងារ​សង្គម​ម្នាក់​ទៀត​ធ្វើ​សាក្សី​សំណុំ​រឿង​លោក​ កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2019-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ យក​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មក​ប្រគល់​ឲ្យ​យុវជន ហ៊ុន ដារា (អាវខៀវ) ដល់​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៩ ដើម្បី​ឱ្យ​លោក​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរ​ដេញដោល​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា។
ប៉ូលិស​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ យក​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មក​ប្រគល់​ឲ្យ​យុវជន ហ៊ុន ដារា (អាវខៀវ) ដល់​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៩ ដើម្បី​ឱ្យ​លោក​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរ​ដេញដោល​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា។
រូបថត​យក​ចេញ​ពី​ហ្វេសប៊ុក លោក ម៉ា ចិត្រា

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​យុវជន​ឈឺឆ្អាល​ការងារ​សង្គម​ម្នាក់​ឲ្យ​ទៅ​បំភ្លឺ​ជា​សាក្សី​ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​ក្តី សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ។ យុវជន​ដែល​ត្រូវ​តុលាការ​កោះហៅ​នោះ ថ្លែង​ថា នេះ​ជា​រឿង​ហួស​ចិត្ត​ដែល​លោក​គ្រាន់​តែ​ជា​អ្នក​សរសេរ​រឿង​ខ្លីៗ ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ បង្ហោះ​តាម​ហ្វេសប៊ុក​ក៏​ប៉ុន្តែ​បែរ​ជា​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​សំណុំ​រឿង​ដ៏​កក្រើក​មួយ​នេះ។

ប៉ូលិស​នៅ​ស្រុក​ភ្នំស្រុក ​ខេត្ត​បន្ទាយមានជ័យ​ បាន​យក​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​យុវជន ហ៊ុន ដារា ដល់​ផ្ទះ​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​ធ្នូ។

ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បាន​តម្រូវ​ឲ្យ​យុវជន ហ៊ុន ហើយ​ ឈ្មោះ​ហៅក្រៅ​ ហ៊ុន ដារា​ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរ​ដេញដោល​សំណុំ​រឿង​លោក កឹម សុខា ទាក់ទង​នឹង​បទ​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត​កាល​ពី​អំឡុង​ឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។ តុលាការ​ក៏​តម្រូវ​ឲ្យ​យុវជន​រូប​នេះ​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទិន​នឹង​រឿង​នេះ​មក​ជា​មួយ​ដែរ ​ប្រសិន​បើ​មាន។

លោក​ ហ៊ុន ដារា​ ឱ្យអាស៊ីសេរី​ដឹង​ក្រោយ​ពី​ទទួល​ដីកា​ថា​ លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​​ការ​កំណត់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​ព្រោះ​លោក​យល់​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ឡើយ។ លោក​បញ្ជាក់​ថា កាល​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​​រំលាយ លោក​គឺ​ជា​អ្នក​ថត​រូប និង​សរសេរ​ព័ត៌មាន​ខ្លីៗ​ អំពី​បទល្មើស​ព្រៃឈើ​ និង​អំពើ​អយុត្តិធម៌​ផ្សេងៗ​ដែល​កើត​មាន​មក​លើ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​​ បង្ហោះ​តាម​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​។យុវជន​រូប​នេះ អំពាវនាវ​ដល់​សង្គម​ស៊ីវិល និង​សហគមន៍​ជាតិ អន្តរជាតិ​ជួយ​តាម​ដាន​សវនាការ​នេះ​ឱ្យ​បាន​ដិត​ដល់៖ «ពេល​ដែល​បាន​ឃើញ​ដីកា​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា តក់ស្លុត​ ហើយ​មាន​ការ​សោកស្ដាយ​មែន​ទែន​ ដោយ​មិន​នឹក​ស្មាន​ថា​ខ្ញុំ​ជា​យុវជន​ធម្មតា​ ហើយ​បាន​ទទួល​ដីកា​កោះ​ហៅ​នេះ​។ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សរសេរ​ព័ត៌មាន​ខ្លី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទាក់ទង​ហ្នឹង​បញ្ហា​បរិស្ថាន​ និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ដូច​ជា​ភាព​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ជា​ដើម ហើយ​ខ្ញុំ​​សរសេរ​ជា​រឿង​ពិត​ទាំង​អស់»

យុវជន ហ៊ុន ដារា​ មិន​មែន​ជា​មនុស្ស​ទី​មួយ​ទេ​ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​។ កន្លងមក ក្នុង​ពេល​ស៊ើប​អង្កេត​ក្តី​ចៅក្រម​បាន​កោះហៅ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក កឹម សុខា មក​សាកសួរ​ជា​បន្ត​បន្ទាប់ ដូចជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ ​និង​យុវជន​បរិស្ថាន​ចំនួន​២​នាក់​ទៀត។

សហ​មេធាវី​លោក កឹម សុខា លោក ចាន់ ចេន ធ្លាប់​ប្រាប់​អាស៊ី​សេរី​​ថា ក្រុម​មេធាវី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ក្នុង​ពេល​បើក​សវនាការ។លោក​​ថា ក្រុម​មេធាវី និង​លោក កឹម សុខា ផ្ទាល់​ នៅ​តែ​សំណូម​ពរ ទៅ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​នេះ​ថា ជា​រឿង​ចម្លែក​ ពីព្រោះ​​យុវជន​ដែល​តុលាការ​តម្រូវ​ឱ្យ​ចូល​បំភ្លឺ​នោះ​ហាក់​ពុំ​មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក កឹម សុខា​ ឡើយ​។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​មិន​អាច​រក​យុត្តិធម៌​បាន​ឡើយ ហើយ​មាន​តែ​នាំ​ឱ្យ​ខាត​ពេល​ដល់​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​​ទៅ​វិញ​ទេ៖ «ហើយ​សំណុំ​រឿង​នេះ​ នរណា​គេ​ដឹង​ដែរ​ ទាំង​មតិ​ជាតិ​និង​អន្តរជាតិ​ទាំង​អស់​ក៏​គេ​បាន​ដឹង​ដែរ គេ​ថា​គ្រាន់​តែ​ជា​រឿង​នយោបាយ​មួយ​ ដែល​គេ​បាន​បង្កើត​ឡើង​ក្នុង​ន័យ​ចេតនា​ជម្លោះ​នយោបាយ​ វា​មិន​មែន​ជា​រឿង​ដែល​ជា​កំហុស​ផ្លូវ​ច្បាប់​ណា​មួយ​ទេ។ អីចឹង​យើង​មិន​យល់​រឿង​នេះ​ជា​ហេតុ​ផល​នៃ​ផ្លូវ​ច្បាប់​ទេ​ យើង​គិត​ថា​ជា​ហេតុ​ផល​នយោបាយ​​ច្រើន​ជាង»

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ចាត់​ទុក​ វិធាន​ការ​ច្បាប់​លើ​លោក កឹម សុខា ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ៕

(លោក ហ៊ុន ដារា ជា​យុវជន​ឈឺ​ឆ្អាល​រឿង​ការងារ​សង្គម ទទួល​ដីកា​កោះ​ហៅ​របស់​តុលាការ ពី​ប៉ូលិស​នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ កាល​ពីព្រឹកថ្ងៃទី២៩ធ្នូ ឆ្នាំ​២០១៩។ រូប៖ ពី​ហ្វេសប៊ុក លោក ម៉ា ចិត្រា)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល