សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ដោយ​មិន​បញ្ជាក់​មូលហេតុ

ដោយ សេក បណ្ឌិត
2019-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ជុំ ស៊ីនឿន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។
អ្នកស្រី ជុំ ស៊ីនឿន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​លោក នាង សុឃុន

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​ជូន​កូន​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​។ មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ចាប់ខ្លួន​នេះ​ក្រោយពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បដិសេធ​មិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ ជុំ ស៊ីនឿន។ អ្នកស្រី គឺជា​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ក្រោយ​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី​មិនបាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ឡើយ។

កូនប្រុស អ្នកស្រី ជុំ ស៊ីនឿន ឱ្យ​អាស៊ីសេរី​ដឹង​ថា ម្តាយ​របស់​លោក​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សួរចម្លើយ​និង​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​។ កូនប្រុស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ឱ្យ​ដឹង​ទៀត​ថា លោក​ព្យាយាម​សុំ​ជួប​ម្ដាយ ប៉ុន្តែ​សមត្ថកិច្ច​មិន​អនុញ្ញាត​ទេ ដោយ​ប្រាប់​ឱ្យ​លោក​ទៅ​ចាំ​ទទួល​នៅ​តុលាការ​វិញ​៖ «គេ​ចាប់​គាត់​មក​កំពង់​ឆ្នាំង​វិញ ខ្ញុំ​ខំ​ជិះ​ម៉ូតូ​តាំងពី​ភ្នំពេញ​មកដល់​ស្នងការ​ខេត្ត​ម៉ិញ​ហ្នឹង​សុំ​គេ​ជួប​ម្តាយ​គេ​មិន​ឱ្យ​ជួប​គេ​ថា ចាំ​ស្អែក​ទៅ​តុលាការ​ម៉ង​ទៅ»

លោក​ស្នើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ឱ្យ​តាមដាន​ដំណើរ​រឿង​នេះ​។ លោក​បញ្ជាក់​ទៀត​ថា មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ម្ដាយ​លោក កាល​ពី​ពេល​ថ្មីៗ​នេះ​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​បាន​ចាប់ខ្លួន​បងថ្លៃ​របស់​លោក​ម្នាក់​រួចទៅ​ហើយ​ដោយ​ចោទ​ប្រកាន់ថា ពី​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ។

អនុប្រធាន​កម្មាធិការប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ប្រាប់​អាស៊ីសេរី​ថា នៅមុន​ការ​ចាប់ខ្លួន​នេះ អ្នកស្រី ជុំ ស៊ីនឿន ធ្លាប់​ប្រាប់​លោក​ថា សមត្ថកិច្ច​បាន​ព្យាយាម​ហៅ​គាត់ ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការ ដោះលែង​កូន​ប្រសា​គាត់​វិញ បើ​មិន​ដូច្នេះ​ទេ​សូម្បី​អ្នកស្រី ជុំ ស៊ីនឿន ខ្លួនឯង ក៏​មិន​រួចខ្លួន​ដែរ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ហៅ​ការ​ចាប់ខ្លួន​នេះ​គឺជា​រឿង​នយោបាយ៖ «រឿង​របស់​កូន​ជា​រឿង​ដោយឡែក ប៉ុន្តែ​ពួក​នេះ​តែងតែ​ព្យាយាម​រក​កំហុស​ដើម្បី​ចោទប្រកាន់​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បង្ខំ​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច»

ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត អ្នកនាំពាក្យ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ខូវ លី ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​នោះ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ថា អាជ្ញាធរ​មិន​គួរ​បន្ត​ចំណាត់ការ​ផ្លូវច្បាប់​លើ​សកម្មជន​គណបក្សប្រឆាំង​បន្ត​ទៀត​ឡើយ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ជំហរ​បញ្ចប់​វិធានការ​ផ្លូវច្បាប់​លើ​អ្នក​ទោស​នយោបាយ​រួច​ទៅ​ហើយ៖ «អ៊ីចឹង​ហើយ​ការ​ចាត់​វិធានការ​លើ​ណាមួយ​ដែល​មិន​មាន​ការប្រព្រឹត្ត​ច្បាស់លាស់​ហើយ​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​មិន​គួរ​កើតមាន​បន្ត​ទៀត​ទេ»

កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​បញ្ជា​ឱ្យ​ដោះលែង និង​បញ្ឈប់​ការ​ចាប់ចង ឬ​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នក​ទោស​នយោបាយ​ដែល​ត្រូវ​រង​ការ​បង្ក្រាប​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។

ប៉ុន្តែ​ជាក់ស្ដែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រង​ការ​លួច​វាយ​ធ្វើបាប​ពី​ជន​មិន​ស្គាល់​មុខ ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​នេះ​នៅ​តាម​មូលដ្ឋាន​ដដែល។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មន្ត្រី​និង​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន​ចំនួន ៨៨​នាក់ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៩។ ចំណែក​អ្នកមាន​ដីកា​ឱ្យ​តាម​ចាប់ខ្លួន​ពី​តុលាការ និង​ដីកា​កោះហៅ​បំភ្លឺ​ពី​នគរបាល​មាន​ជាង ២០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល