អ្នក​វិភាគ​ថា វិធី​អហិង្សា គឺ​ជា​មធ្យោបាយ​ប្រសើរ​ ដើម្បី​ឈ្នះ​របប​ផ្តាច់ការ

ដោយ មួង ណារ៉េត
2019-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។
លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។
RFA

អ្នកវិភាគនយោបាយ និង​សង្គម ថា ជម្រើស​គណបក្ស​ប្រឆាំង​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា គឺ​ជា​មធ្យោបាយ​ប្រសើរ​មួយ​ ដើម្បី​ឈ្នះ​របប​ផ្តាច់ការ។ ការ​លើក​ឡើង​នេះ គឺ​នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​កាន់​តែ​ខ្លាំងក្លា លើ​សកម្មជន​គណបក្ស​ប្រឆាំង ពេល​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជិត​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ឃើញ​ថា បើ​កាល​ណា​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​រក្សា​វិធី​អហិង្សា​របស់​ខ្លួន​ឲ្យ​បាន ក្នុងកា​របន្ត​តស៊ូ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​វិជ្ជាមាន​នៅ​កម្ពុជា គឺ​គណបក្ស​ប្រឆាំង​មួយ​នេះ នឹង​មាន​ប្រៀបខ្លាំង​លើ​របប​ក្រុង​ភ្នំពេញ​ ក្នុង​ស្ថានភាព​ដែល​សហគមន៍​អន្តរជាតិ កំពុង​តែ​ដាក់​សម្ពាធ​ខ្លាំង​លើ​របប​សព្វថ្ងៃ​នេះ៖ «បើ​តាម​ខ្ញុំ​គិត គ្មានអ្វី​ក្រៅ​ពី​គណបក្ស​ប្រឆាំង​រួម​កម្លាំង​គ្នា​ ឲ្យ​បាន​រឹង​មាំ ហើយ​ដើរឲ្យ​ត្រូវ​នឹង​នយោបាយ​ការទូត​របស់​សហគមន៍​អន្តរជាតិ​នោះ​ទេ»

សហគមន៍​អន្តរជាតិ រួមទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ផង សុទ្ធតែ​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ងាក​មក​ការ​ចរចា​គ្នា ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ ដែល​អូស​បន្លាយ​ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ ដោយ​ផ្តើម​ពី​ការ​ដោះ​លែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ និង​ផ្តល់​សម្បទា​ដល់​មន្រ្តី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​បក្ស​ប្រឆាំង និង​សិទ្ធិ​នយោបាយ​ដល់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​នេះ​ទាំង ១១៨ នាក់​ឡើង​វិញ​ជា​ដើម។

ក្នុង​ពេល​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នយោបាយ​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​ខ្មែរ​វិញ ដែល​លោក​អះអាង​ថា ដើម្បី​វិល​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ រួមមានការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ជា​ដើម​នោះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​លោក សម រង្ស៊ី និង សកម្មជន​បក្ស​ប្រឆាំង ដែល​ហ៊ាន​ចូលរួម​គាំទ្រ ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​នេះ ដោយ​របប​ក្រុង​ភ្នំពេញ ចាត់​ទុក​សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី​ ថា ជា​លេស​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ជាការ​ឆ្លើយតប ទៅនឹង​សារហិង្សា​របស់​លោករបស់​លោក ហ៊ុន សែន លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ បែរ​ចុង​កាណុង​ទៅ​រក​មេ​ដឹក​នាំ​របប​សព្វថ្ងៃ ប្រសិន​អ្នក​ទាំង​នោះ​ បញ្ជា​ឲ្យ​កងទ័ព​បាញ់​បង្ក្រាប​អ្នក​គាំទ្រ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ។ លោក សម រង្ស៊ី ថែម​ទាំង​ប្រើ​ភាសា​កម្ចាត់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ឲ្យ​ចេញ​ពី​អំណាច និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​ឡើង ផ្លាស់ប្តូរ​របប​សព្វថ្ងៃ​នេះ ឲ្យ​ខាង​តែ​បាន​ទៀត​ផង។

ភាសា​ទាំង​នេះ រង​ការ​រិះគន់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ដែល​លើក​យក​បញ្ហា​នេះ ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា។ អ្នកស្រី ចាត់​ទុក​ការ​ប្រើ​វោហាសាស្រ្ត​បែប​ហិង្សា​ណា​មួយ មិន​គួរ​កើត​មាន​នោះ​ឡើយ៖ «លោក សម រង្ស៊ី ជា​សហស្ថាបនិក គណបក្ស​សង្គ្រោះ​ជាតិ និង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន តាំង​ពី​ឆ្នាំ២០១៥ គាត់​បន្ត​ប្រើប្រាស់​ភាសា​វាយ​ប្រហារ​គ្នា​ជាមួយ​លោក ហ៊ុន សែន និង មនុស្ស​ឯ​ទៀត រួមទាំង​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ផ្តួល​រំលំ​រដ្ឋាភិបាល ដែល​ជា​ការ​ពិត ខ្ញុំ​ចាត់​ទុក​ថា មិន​អាច​ទទួល​យក​បាន​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី រ៉ូណា ស្ម៊ីត ស្នើឲ្យ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន កុំ​រារាំង ឬ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​គាំទ្រ​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​អហិង្សា​ និង​មិន​ត្រូវ​រារាំង​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ ដែល​ថា នឹង​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ប៉ះ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នោះ៖ «អ្នក​គាំទ្រ​លោក សម រង្ស៊ី​ នៅ​ក្នុង​ប្រទេស គួរ​តែ​មាន​សិទ្ធិ និង​អនុញ្ញាត​ឲ្យ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី រួមទាំង​ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ បើ​លោក​វិល​ទៅ​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដូច​ការ​ប្រកាស​មែន​នោះ»

ប៉ុន្តែ មន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សារ​របស់​លោក សម រង្ស៊ី មិន​បង្កប់​ន័យ​ហិង្សា​នោះ​ឡើយ។ អនុ​ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​យោង​ទៅ​សារ​លិខិតរបស់​លោក សម រង្ស៊ី ដែល​ផ្ញើ​ជូន​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ លោក ខូលី សេក (Coly Seck) កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ដែល​បញ្ជាក់​អំពី​ជំហរ​នៃ​វិធី​ក្នុង​ការ​ផ្លាស់ប្តូរ​របប​នេះ៖ «នៅ​ក្នុង​ការ​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​របប ការ​ផ្តួល​រំលំ យើង​និយាយ​អំពី​អហិង្សា ការ​ផ្លាស់ប្តូរ​ដោយ​ប្រជាពលរដ្ឋ​ងើប​ឈរ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ ដោយ​ត្រឹមត្រូវ​ សេរី និង​យុត្តិធម៌ ហើយ​ផ្តល់​ជូន​មក​វិញ​នូវ​តំណែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​របប​លោក ហ៊ុន សែន បាន​ប្លន់​យក និង​ដោះ​លែង​លោក​ប្រធាន​ កឹម សុខា។ យើង​មិន​ដែល​និយាយ​អំពី​ហិង្សា​ទេ។ ការ​ងើប​ឈរ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប គឺ​ជា​ការ​ងើបឈរ​ដោយ​សន្តិវិធី។​ លើស​ពី​នេះ​ទៅ​ទៀត លោក​ប្រធាន​ស្តីទី សម រង្ស៊ី អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​កុំ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ និង ឲ្យ​ការពារ​ប្រជាពលរដ្ឋ»

អ្នកស្រី មូរ សុខហួរ រម្លឹកថា លោក ហ៊ុន សែន និង​អាជ្ញាធរ​របប​សព្វថ្ងៃ​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ហិង្សា​និយម។ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ជន​រង​គ្រោះ​​នៃ​អំពើ​ហិង្សា និង​អយុត្តិធម៌​ទាំង​នេះ។ អ្នកស្រី​រម្លឹក​បន្ថែម​អំពី​សារ​គំរាម​រាប់​​មិន​អស់​របស់​លោក ហ៊ុន សែន និង​មន្រ្តី​របប​នេះ ដែល​តែងតែ​គំរាម​ចាប់​ដាក់​គុក​​ដាក់​ច្រវ៉ាក់ និង​គំរាម​ឃើញ​មួយ​វាយ​មួយ តាម​វាយ​ដល់​ផ្ទះ និង​គំរាម​សម្លាប់​អ្នក​តវ៉ា​ជា​ដើម ហើយចុងក្រោយ​ គឺគម្រាមអាយុជីវិត​លោក សម រង្ស៊ី ថែម​ទៀត​ផង៖ «គឺ​លោក ហ៊ុន សែន ទេ ដែល​មាន​ប្រសាសន៍​ច្បាស់​ណាស់ ឲ្យ​យក​កងកម្លាំង​ប្រដាប់​អាវុធ មក​បាញ់​ប្រហារ​ទៅ​លើ​លោក​ប្រធាន​ សម រង្ស៊ី»

អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង បាន​កើន​ឡើង​នៅ​ក្នុង​ពេល​ថ្មីៗ នេះ។ មន្រ្តី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន រង​ការ​វាយ​ដំ ខ្លះ​បែក​ក្បាល និង​បាក់​ដៃ​ផង។ ប៉ុន្តែ គ្មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ណា​មួយ ទៅ​លើ​អំពើ​ហិង្សា​លើ​អ្នក​ទាំង​នោះ​ឡើយ។

អ្នកស្រី រ៉ូណា ស្ម៊ីត នៅ​តែ​ប្រកាន់​ជំហរ​ថា មាន​តែ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ តាម​រយៈ​ការ​ចាប់​ផ្តើម​ចរចា​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​ប៉ុណ្ណោះ​ ទើប​បាន​សុខពិត​ប្រាកដ​។ អ្នកស្រី​សូម​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ គ្រប់​ភាគី​ទាំង​អស់ ឲ្យ​នាំគ្នា​ផ្ចង់​អារម្មណ៍​លើ​ការ​ជជែក​ដេញដោល​គ្នា​ ប្រកប​ដោយ​ន័យ​ស្ថាបនា ដោយ​យកចិត្តទុក​ដាក់​លើ​គោល​នយោបាយ ជា​ជាង​យក​បញ្ហា​បុគ្គល​មក​ធ្វើ​ជា​ត្រី​មុខ៖ «មាន​ការ​តែ​ការ​ចរចា ឬ​សន្ទនា​គ្នា​ទេ ទើប​កម្ពុជា​អាច​បោះ​ជំហាន​ទៅ​មុខ​បាន និង​ ឈាន​ទៅ​បង្កើត​ឲ្យ​មាន​បរិយាកាស​ប្រជាធិបតេយ្យ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការពារ​សេរីភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត នៃ​ការ​ធានា​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​បាន​នោះ»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​របប​ក្រុង​ភ្នំពេញ ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ កន្លង​មក​អ្នក​នាំ​ពាក្យ​របប​នេះ គឺ​លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា គ្មាន​ការ​ចរចា​ណា​មួយ ជា​មួយ​មន្រ្តី​បក្ស​ប្រឆាំង ដែល​លោក​ហៅ​ថា​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ឡើយ។

គិត​មក​ត្រឹម​ថ្ងៃ​ទី២៩ ខែ​កញ្ញា​នេះ នៅ​សល់​តែ ៤១ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ទៅ​ស្រុក​ខ្មែរ​វិញ។ ត្រឹម​ថ្ងៃ​នេះ​ដែរ គឺ​សល់​តែ ៤៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​គណៈកម្មការ​អឺរ៉ុប ចេញ​របាយការណ៍​បឋម ជុំវិញ​ស្ថានការណ៍​នៅ​កម្ពុជា មុន​នឹង​ឈាន​ទៅ​សម្រេច​រឿង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA

មន្រ្តី​បក្ស​ប្រឆាំង និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​អ្នក​វិភាគ​ផង សុទ្ធតែ​យល់​ស្រប​គ្នា​ថា កូន​សោ​នៃ​ដំណោះ​ស្រាយ​នយោបាយ គឺ​នៅ​លើ​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល