អ្នកវិភាគ​ថា លោក ហ៊ុន សែន ព្យាយាម​និយាយ​ភាសា​វៀតណាម​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ជា​ការ​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម

ដោយ អាស៊ីសេរី
2019-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ព្យាយាម​និយាយ​ភាសា​វៀតណាម ពេល​ថ្លែង​បើក​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៩។
លោក ហ៊ុន សែន ព្យាយាម​និយាយ​ភាសា​វៀតណាម ពេល​ថ្លែង​បើក​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ​ថា លោក ហ៊ុន សែន ព្យាយាម​និយាយ​ភាសា​វៀតណាម​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ជា​ការ​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​វៀតណាម។ អ្នក​វិភាគ​លើក​ឡើង​បែប​នេះ ខណៈ​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ​ប្រទេស ប៉ុន្តែ​និយាយ​ភាសា​វៀតណាម បើ​ទោះ​ក្នុង​ពិធី​មាន​អ្នក​បក​ប្រែ​ភាសា​រួច​ទៅ​ហើយ​ក្តី។

ក្រោយ​ភ្លាត់​មាត់​និយាយ​ភាសា​វៀតណាម​ពេល​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ថ្ងៃ​ទី២៤ ខែ​ធ្នូ។ លោក ហ៊ុន សែន ថ្លែង​ការពារ​ខ្លួន​ថា ការ​និយាយ​ភាសា​វៀតណាម​បែប​នេះ គឺ​មិន​មែន​មាន​ន័យ​លោក​ជា​អា​យ៉ង​របស់​វៀតណាម​នោះ​ទេ ប៉ុន្តែ​លោក​ចង់​ឲ្យ​ជន​ជាតិ​វៀតណាម ដែល​ចូលរួម​ក្នុង​ពិធី​នេះ​អាច​ដឹង​ពី​អ្វី ដែល​លោក​និយាយ។ លោក​ថែម​ទាំង​អួតអាង​ថា វៀតណាម​មិន​ចេះ​ភាសា​ខ្មែរ ប៉ុន្តែ​លោក​បែរ​ជា​ចេះ​និយាយ​ភាសា​វៀតណាម៖ «»

ប៉ុន្តែ​អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់​យល់​ថា ភាសា​វៀតណាម​មិន​មែន​ជា​ភាសា​អន្តរជាតិ​ជា​សកល​ទេ ដូច្នេះ​មេ​ដឹក​នាំ​ប្រទេស​មិន​ចាំបាច់​និយាយ​ក្នុង​ពេល​ពិធី​ផ្លូវការ​បែប​នេះ​នោះ​ទេ។ លោក​យល់​ថា ជនជាតិ​វៀតណាម​នៅ​ព្រំដែន​កម្ពុជា និង​វៀតណាម ពួក​គេ​អាច​ស្ដាប់ ឬ​និយាយ​ភាសា​ខ្មែរ​បាន​មិន​ចាំបាច់​ឲ្យ​លោក ហ៊ុន សែន និយាយ​ភាសា​វៀតណាម​នោះ​ទេ។ លោក គឹម សុខ ចោទ​ប្រកាន់​ថា ឥរិយា​របស់​លោក ហ៊ុន សែន បែប​នេះ ជា​ការ​បង្ហាញ​ថា​លោក ហ៊ុន សែន លើក​វៀតណាម​ដាក់​លើ​ក្បាល និង​កំពុង​សប្បាយ​បំពេញ​តាម​ផែនការ​របស់​វៀតណាម​ដោយ​មិន​ខ្លាច​ពលរដ្ឋ​រិះគន់៖ «»

(​លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​នយោបាយ)

អ្នកវិភាគ​រូប​នេះ​យល់​ថា នៅ​ពេល​មេ​ដឹក​នាំ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោយ​ឥទ្ធិពល​របស់​វៀតណាម​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខូច​ប្រយោជន៍។ លោក គឹម សុខ លើក​ឧទាហរណ៍​ករណី​មួយ​ចំនួន​ដូច​ជា៖ គម្រោង​ការចែក​ដី ៤០ហិកតារ​ដល់​ជន​ជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង កងទ័ព​វៀតណាម​មក​ធ្វើ​សម​យុទ្ធ​នៅ​ខេត្ត​ស្វាយរៀង និង​ការ​ធ្វើ​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥រវាង​កម្ពុជា និង​វៀតណាម ឬ​ហៅ​ដោយ​ខ្លី​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩​ ដែល​លោក គឹម សុខ ហៅ​ទង្វើ​ទាំង​នេះ​ថា ជា​ការ​ផ្ដល់​ប្រយោជន៍​ទៅ​ឲ្យ​វៀតណាម៖ «»

នេះ​មិនមែន​ជា​លើក​ទី១ ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ភាសា​វៀតណាម​នៅ​ទី​សាធារណៈ​បែប​នេះ។ លោក​ក៏​ធ្លាប់​ថ្លែង​សន្ទរកថា​ជា​ភាសា​វៀតណាម​ដែរ ក្នុង​ពេល​លោក​ទៅ​បំពេញ​ទស្សនៈ​ផ្លូវការ​នៅ​ប្រទេស​វៀតណាម។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ថា លោក ហ៊ុន សែន បាន​ពឹង​វៀតណាម និង​ចិន​ឲ្យ​ជួយ​ការពារ​អំណាច​ក្បត់​ជាតិ​​របស់​ខ្លួន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ធ្លាប់​ចេញ​របាយការណ៍​បង្ហាញ​ថា ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើស​រើស​លោក​អោយ​កាន់​តំណែង៕

(លោក ទ្រិញ ឌិញ ស៊ុង (Trinh Dinh Dung) (ឆ្វេង) ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក ហ៊ុន សែន ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ថា​រី ​ត្បូងឃ្មុំ​ ក្នុង​ឃុំ​ដារ​ ស្រុក​មេមត់​)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល