អង្គការ​លើក​លែងទោស​អន្តរជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​យាយី​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ

ដោយ ហេង រស្មី
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ
រូបអង្គការ​លើកលែងទោស​អន្តរជាតិ

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឈប់​តាម​យាយី​រំខាន​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែលភៀស​ខ្លួន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​បន្តទៀត។ ការ​លើក​ឡើង​នេះ ដោយសារ​តែ​សកម្មជន​បក្ស​ម្នាក់​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ជន​សង្ស័យ​វាយ​ប្រហារ​លើ​រាងកាយ​នៅ​ទីក្រុង​បាងកក កាល​ពីយប់​ថ្ងៃ​ទី២២ ធ្នូ​កន្លង​ទៅ។

អង្គការលើកលែងទោសអន្តរជាតិ ទទូចឲ្យបញ្ឈប់ជាបន្ទាន់រាល់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងការស៊ើបការណ៍លើពលរដ្ឋខ្មែរ ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ។ អង្គការនេះ ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ត្រូវធានាថា រាល់បុគ្គលស្នាក់នៅប្រទេសថៃ នឹងទទួលបានការពារពីអាជ្ញាធរ និង​មិន​ត្រូវ​រង​ការ​ចាប់​ខ្លួន​ដោយ​អនាធិបតេយ្យ​នោះ​ទេ។ សំណើ​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​សកម្មជន​បក្ស​ប្រឆាំង លោក សួន ចំរើន អាយុ ៣៧ឆ្នាំ ត្រូវ​បាន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ទទួល​ស្គាល់​ជា​ជន​ភៀស​ខ្លួន ដែល​ត្រូវ​ជន​សង្ស័យវាយ​ប្រហារ​លើ​រាងកាយ និង​ត្រូវ​បាន​ប៉ុនប៉ង​ចាប់​ពង្រត់​ពី​ទីក្រុង​បាងកក កាល​ពី​យប់​ថ្ងៃ​ទី២២ ខែ​ធ្នូ​កន្លង​ទៅ។ អង្គការ​នេះ​ថា លោក សួន ចំរើន ឋិត​ក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ បន្ថែម​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​ដោយ​ស្នា​ដៃ​អាជ្ញាធរ​កម្ពុជា ដែល​លោក​អាច​នឹង​ត្រូវ​គេ​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ។

កាល​ពី​យប់​ថ្ងៃ​ទី២២ ធ្នូ វេលា​ម៉ោង ៩កន្លះ មាន​ជន​សង្ស័យ ២នាក់​បាន​អះអាង​ថា ពួក​គេ​ជា​ប៉ូលិស​ខ្មែរ បាន​យក​ដំបូង​ឆក់​កញ្ចឹង​ក និង​វាយ​ដំ​មក​លើ​រូប​លោក​ជា​ច្រើន​កន្លែង ដើម្បី​ចាប់​បង្ខំ​លោក សួន ចំរើន ឱ្យ​ចូល​ក្នុង​រថយន្ត​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។ នៅ​ពេល​នោះ​លោក​ខំ​ប្រឹង​រើ​បម្រះ​រត់​ចូល​ទៅ​ហាង​លក់​ទំនិញ​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក ដើម្បី​ឱ្យ​ជន​ជាតិ​ថៃ​ជួយ ក៏​ប៉ុន្តែ​ដំបូង​ឡើយ​ពុំ​មាន​អ្នក​ហ៊ាន​ជួយ​លោក​ទេ ព្រោះ​ជន​ទាំង ២នាក់​នោះ បាន​ប្រាប់​ថា ពួក​គេ​ជា​ប៉ូលិស។ ប្រមាណ ៥នាទី​ក្រោយ​មក សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ ក៏​ស្រែក និង​ប្រឹង​រើ​បម្រះ ទើប​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ចេញ​មក​មើល ហើយ​ប៉ូលិស​ទាំង​នោះ​ក៏​បាន​បន្ធូរ​ដៃ ហើយ​លោក​ក៏​រត់​គេច​ខ្លួន​តែ​ម្ដង។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល

ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាល ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​កាលពីថ្ងៃ​ទី២៣ធ្នូថា ប៉ូលិស​កម្ពុជា​ពុំបាន​ទៅ​ចាប់​សកម្មជន​គណបក្សប្រឆាំង​នៅ​ប្រទេស​ថៃ​ដូច​ការ​ចោទ​ប្រកាន់​នោះឡើយ។លោកបន្តថា សព្វថ្ងៃ​ពុំ​មាន​កម្លាំង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅទី​ក្រុង​បាងកក ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ព្រួយបារម្ភ​នោះទេ៖ «អ្នក​ណា​អ្នក​ប្រាប់​ ហើយ​មាន​សាក្សី​ទេ ព្រោះ​ខ្មែរ​និង​ថៃ​មុខ​ដូច​តែ​គ្នា​ហ្នឹង ខ្មែរ​ក៏​ចេះ​និយាយ​ថៃ​ ហើយ​ថៃ​ក៏​ចេះ​និយាយ​ខ្មែរ​ដែរ​ហ្នឹង មិន​ដឹង​ពី​ណា​ផង​ ហើយ​ចេះ​តែ​មក​ចោទ​ប៉ូលិស​ខ្មែរ​ម៉េច​កើត។ខ្ញុំ​មិន​ជឿ​ថា​កម្លាំង​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ហ៊ាន​ទៅ​ប្រព្រឹត្ត​អំពើ​ស្អី​នៅ​លើ​អធិបតេយ្យ​ភាព​ប្រទេស​មួយ​ទេ​ ខ្ញុំ​មិន​ជឿ​ទេ វា​គ្រាន់​តែ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ»

ទោះជា​យ៉ាង​នេះក្ដី​លោក សួន ចំរើន ថ្លែងថា លោក​និង​សកម្មជន​គណបក្ស​នេះ​ដទៃ​ទៀត ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ពុំ​មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​អាជ្ញាធរ​កម្ពុជា​នៅ​តែ​បន្ត​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គេ​ដដែល៖ «វា​អត់​ចម្លែក​ទេ​ដែល​ លោក ហ៊ុន សែន​ និង​សមត្ថកិច្ច​របស់​គាត់​និយាយ​បែប​ហ្នឹង​ ព្រោះ​វា​ជា​សារធាតុ​របស់​គាត់​ទៅ​ហើយ​។ពួក​ហ្នឹង​ច្រើន​ធ្វើ​អ្វី​មិន​គប្បី​ហើយ​ទម្លាក់​កំហុស​ ហើយ​ពេល​ខ្លះ​និយាយ​ដោយ​មិន​ការ​ខ្មាសអៀន​ ដូច​ជា​ករណី​ខ្ញុំ​អីចឹង​មាន​មនុស្ស​២​នាក់​ស្លៀកពាក់​ស៊ីវិល​​យក​ប្រដាប់​ឆក់​មក​ឆក់​ចាប់​ខ្ញុំ​ឡើង​ឡាន​ ខ្ញុំ​មិន​ព្រម​ឡើង​ គេ​ក៏​ប្រើ​ហិង្សា​មក​លើ​ខ្ញុំ»

លោក សួន ចំរើន ជា​សមាជិក​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបងរបាយ​ការណ៍​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ឱ្យ​ដឹង​ថា លោក សួន ចំរើន ជា​សមាជិក​ជាន់​ខ្ពស់​របស់​ប្រឆាំង​ម្នាក់ ក្នុង​ចំណោម ១៨នាក់ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន លាប​ពណ៌​ថា ជា​ជន​ក្បត់​ជាតិ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​អាជ្ញាធរ​កម្ពុជា កំណត់​អ្នក​ទាំង ១៨នាក់ ជា​មុខ​សញ្ញា​ស្វែង​រក​ចាប់​ខ្លួន និង​ឋិតក្នុង​ចំណោម​បុគ្គល ៣៩នាក់ នៃ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រសួងការ​បរទេស​កម្ពុជា លុបចោល​សុពលភាព​លិខិត​ឆ្លង​ដែន​របស់​ពួកគេ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ៕

(លោក សួន ចំរើន ដែល​រង​របួស​ដោយសារ​ជន​សង្ស័យ​វាយ​ប្រហារ និង​ប្រើ​ពិល​ឆក់​លើ​រាងកាយ ហើយ​ប៉ុនប៉ង​ចាប់​ពង្រត់​ពី​ទីក្រុង​បាងកក ទៅ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប​លោក សួន ចំរើន ផ្ដល់​ឱ្យ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល